អន្តរជាតិ

មនុស្សជាង2,000នាក់បានស្លាប់, 6000នាក់បាត់ខ្លួនដោយទឹកជំនន់នៅលីប៊ី

ប្រែសម្រួល៖រតនា

មនុស្សរាប់ពាន់នាក់បានស្លាប់នៅក្នុងប្រទេសលីប៊ី បន្ទាប់ពីព្យុះដានីយ៉ែលបាននាំមកនូវភ្លៀងធ្លាក់យ៉ាងធ្ងន់ធ្ងរ និងទឹកជំនន់ទៅកាន់ផ្នែកខាងកើតនៃប្រទេស ដោយបានបោកបក់សង្កាត់ទាំងមូលចូលទៅក្នុងសមុទ្រ នេះបើយោងតាមមន្ត្រីលីប៊ីភាគខាងកើត។

លោក Ahmed Mismari អ្នកនាំពាក្យនៃកងទ័ពជាតិលីប៊ី ដែលមានមូលដ្ឋាននៅភាគខាងកើត (LNA) បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា គ្រាន់តែនៅក្នុងទីក្រុង Derna តែមួយគត់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មនុស្សជាង 2,000 នាក់បានស្លាប់ ហើយមនុស្សចន្លោះពី 5,000 ទៅ 6,000 នាក់ទៀតគឺកំពុងតែបាត់ខ្លួននៅឡើយ។

ក្រុមអ្នកជួយសង្គ្រោះនិងអាជ្ញាធរកំពុងតែបន្តចេញប្រតិបត្តិការជួយសង្គ្រោះអ្នកនៅរស់និងបន្តស្វែងរកចំនួនអ្នកដែលកំពុងតែបាត់ខ្លួនដែលមន្រ្តីលីប៊ីបានអះអាងខ្លួនឯងថាមានដល់ទៅរាប់ពាន់នាក់៕