សន្ដិសុខសង្គម

ត្រៀមនាំជនបរទេសម្នាក់សង្ស័យបន្លំលួចនៅផ្ទះវីងវេរលុយទៅតុលាការ

ដោយ៖វិចិត្រ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនបរទេសម្នាក់ សង្ស័យចូល បន្លំលួចនៅផ្ទះវីងវេរលុយមួយកន្លែង និងកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីមានករណីបន្លំលួចនៅផ្ទះវីងវេរលុយនោះមក កម្លាំងនគរបាលខណ្ឌទួលគោក បានចុះឃាត់ខ្លួនជនបរទេសជាតិអ៊ីរ៉ង់ម្នាក់ សង្ស័យចូលបន្លំលួចលុយពីជនរងគ្រោះចំនួន៥០០ដុល្លារ។ករណីនេះប្រព្រឹត្តនៅ ផ្ទះវីងវេរលុយ ផ្លូវលេខ៦១៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ។

ជនសង្ស័យ ឈ្មោះ PAHANGEH MORTEZA អាយុ៤៣ឆ្នាំ ជនជាតិអ៊ីរ៉ង់ កាន់លិខិតឆ្លងដែនថតចម្លងលេខN97160321 ចុះថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៣ ស្នាក់នៅបណ្ដោះអាសន្ន GOLDEN RESIDENCE ម្ដុំផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ចំណែកជនរងគ្រោះ ឈ្មោះ សិត្យា អាយុ៤០ឆ្នាំ ជាបុគ្គលិកផ្ទះWing វេរលុយនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

វត្ថុតាងចាប់បាន-កាបូបស្ពាយ១-បណ្ណបើកបររថយន្តឈ្មោះ PAHANGEH MORTEZA ១ច្បាប់-ទូរសព្ទ១គ្រឿង-លុយខ្មែរចំនួន១០.០០០.០០០រៀល-លុយដុល្លារចំនួន៣.៥៤០ដុល្លារ-លុយឥណ្ឌូនេស៊ីចំនួន៣៥៥ និងលុយសាំងហ្គាពួរ២ដុល្លារ ។

ក្រោយមកសមត្ថកិច្ចបានប្រគល់លុយចំនួន៥០០ដុល្លារដែលជនសង្ស័យលួចនោះឱ្យ ជនរងគ្រោះឈ្មោះសិត្យាវិញ។ចំណែកជនបរទេសរូបនោះសមត្ថកិច្ចបានឃាត់ខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក កំពុងសាកសួរនិងកសាង សំណុំរឿងតៀមបញ្ជូនទៅតុលាការដើម្បីចាត់តាមនីតិវិធី៕