សន្ដិសុខសង្គម

ក្រុមហ៊ុនដាំចេកដ៏ធំមួយរបស់វៀតណាមកំពុងបាញ់ថ្នាំពុលធ្វើឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ

ដោយ:សុខុម
ស្ទឹងត្រែង:ជាង១សប្តាហ៍ហើយមកដល់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៣ ដែលប្រជាពលរដ្ឋ រាប់សិបនាក់សុំឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយរឿងខាងក្រុមហ៊ុនដាំចេកដ៏ធំមួយរបស់ វៀតណាមបាញ់ថ្នាំពុលលើដំណាំ ជះក្លិនអាក្រក់សាយភាយប៉ះពាល់សុខភាពរបស់ ប្រពលរដ្ឋ សិស្ស លោកគ្រូអ្នកគ្រូ ។


នៅក្នុងជំនួបតវ៉ាកាលពីពេលថ្មីកន្លងទៅនេះបានឲ្យដឹងថា សកម្មភាពបាញ់ថ្នាំចំប៉ន​ដំណាំចេកនៅក្រុមហ៊ុនផលិតដំឡូងមីចំកាត់ បានធ្វើឲ្យប៉ះពាល់ក្លិនអាក្រក់ដល់​ប្រជាពលរដ្ឋនៅភូមិឬទ្ធីសែនជ័យ២  ក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ  ខេត្តស្ទឹងត្រែង ។


ប្រជាពលរដ្ឋរងក្លិនអសោចពីថ្នាំដែលកម្មករក្រុមហ៊ុនផលិតដំឡូងមីចំកាត់  យកមកបាញ់លើដំណាំចេក  ហើយបំភាយក្លិនមកតាមខ្យល់បង្កឱ្យប្រជាពលរដ្ឋ  ជាពិសេសកុមាររៀននៅសាលាបឋមសិក្សា មានអាការថប់ដង្ហើម  ពុលក្អួត និងបរិភោគអាហារមិនកើត    ។


លោកសូមិត្ត តំណាងឱ្យអគ្គនាយកក្រុមហ៊ុនផលិតដំឡូងមីចំកាត់បានទទួលស្គាល់ថា៖​កម្មករក្រុមហ៊ុនពិតជាបានបាញ់ថ្នាំ ដោយប្រើប្រាស់រថយន្តធំ  ទៅតាមបច្ចេកទេស​ទៅលើដំណាំចេកពិតប្រាកដមែន ។

លោកបន្តថា៖ ថ្នាំនេះជាថ្នាំបំប៉នស្លឹកដំណាំគ្រប់ប្រភេទ វាមានក្លិនអាក្រក់មែន  ហើយបញ្ហានេះក្រុមហ៊ុនបានទទួលដំណឹងពីប្រជាពលរដ្ឋនិងអាជ្ញាធរពាក់ព័ន្ធ ពីការធំុក្លិនអាក្រក់នេះ។ក្រុមហ៊ុននឹងធ្វើការកែប្រែគុណភាពថ្នាំមួយកម្រិត និងផ្លាស់ប្តូរពេលវេលាបាញ់ដើម្បីកុំឱ្យជះក្លិនមិនល្អទៅលើប្រជាពលរដ្ឋ ។

លោកលី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យបានបញ្ជាក់ថា៖  លោកនឹងឱ្យ​សមត្ថកិច្ច​ជំនាញបន្តតាមដានរឿននេះ   ប្រសិនបើម្ចាស់ក្រុមហ៊ុននៅប្រព្រឹត្តមិនកែប្រែ  នឹងដាក់ពាក្យបណ្តឹងទៅស្ថាប័នជំនាញ ឱ្យមកពិនិត្យនិងផាកពិន័យចំពោះ​ទង្វើមិនគប្បីនេះ   ព្រោះធ្វើអ្វីក៏ដោយត្រូវតែគិតពីសុខភាពសាធារណៈជាម្បង ៕