សន្ដិសុខសង្គម

កំពុងរកមូលហេតុបុរសម្នាក់ស្លាប់ក្នុងចម្ការដើមអាកាស្យាក្នុងទឹកដីថៃ

ដោយ៖វិចិត្រ

បន្ទាយមានជ័យ៖កម្លាំងជំនាញកំពុងបើកការស៊ើបអង្កេត រកមូលហេតុបុរសខ្មែរម្នាក់ ត្រូវបានគេប្រទះឃើញសាកសព ក្នុងចម្ការដើមអាកាស្យាក្នុងទឹកដីថៃ កាលពីរសៀល ថ្ងៃទី១០ ខែកញ្ញា។


សមត្ថកិច្ចព្រំដែនបានឱ្យដឹងថា សពបុរសម្នាក់គេស្គាល់ជាជនជាតិខ្មែរតាមរយៈ អត្តសញ្ញាណបណ្ណត្រូវបានគេប្រទះឃើញក្នុងចម្ការដើមអាកាស្យា ស្ថិតនៅភូមិគោកខ្លាន ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ដោយមិនដឹងមូលហេតុ។

លោកវរសេនីយ៍ឯក ឡូង សំណាង មេបញ្ជាការវរសេនាតូចការពារព្រំដែនលេខ៨០៧ កាលពីល្ងាចថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៣ បានដឹកនាំកម្លាំងចុះពិនិត្យសា្រវជ្រាវ និងបានរកឃើញក្រុមគ្រួសារសព។នៅជិតសពគេឃើញមានលុយក្រដាស ៥.០០០រៀល១សន្លឹក-បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩មួយសន្លឹក-អត្តសញ្ញាបណ្ណ១សន្លឹក ឈ្មោះ ខាយ ញាន់ អាយុ៥៦ឆ្នាំ នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ប្រពន្ធអ្នកស្លាប់ឈ្មោះ ឆាន យឿប អាយុ៥២ឆ្នាំ បានរៀបរាប់ថា កន្លងមកប្តីនិងរូបគាត់ ធ្លាប់ទៅដាំដំឡូងនៅខេត្តស្រះកែវ ប្រទេសថៃ តាំងពីមុនផ្ទុះជំងឺកូវីដរាតត្បាតមកម៉្លេះ។ក្រោយមកពួកគាត់បានត្រឡប់មកស្រុកខ្មែរវិញ។នៅអំឡុងខែកម្ភៈឆ្នាំ២០២៣ ប្រពន្ឋបានទៅធ្វើការនៅប្រទេសថៃតែម្នាក់ឯងដោយប្តីរស់នៅស្រុកខ្មែរ។

តាំងពីខែមេសា ក៏បាត់ដំណឹងមិនឃើញប្ដីមកសួរសុខទុក្ខរូបគាត់ជាប្រពន្ធសោះ។លុះដល់ថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៣ នេះទើបទទួលដំណឹងពីនគរបាលខ្មែរថា ប្តីគាត់ស្លាប់ដោយមិនដឹងមូលហេតុ នៅម្តុំភូមិគោកខ្លាន ខេត្តស្រះកែវ ក្នុងដីថៃ។

លោកហួត ហ៊ុន ជាអនុប្រធានភូមិសាមគ្គីបានឱ្យដឹងថា កន្លងមកឈ្មោះ ខាយ ញាន់ដែលស្លាប់ តែងតែផឹកស្រារាល់ថ្ងៃ។ពេលផឹកម្តងៗគាត់មិនដែលហូបបាយទេ និងដើរបាត់ៗពីផ្ទះជានិច្ច។ប៉ុន្តែទោះយ៉ាងនេះក្តីសមត្ថកិច្ចជំនាញកំពុងស៊ើបអង្កេត​រកមូលហេតុនៃការស្លាប់នេះ៕