សន្ដិសុខសង្គម

សង្ស័យស្រវឹងបើករថយន្ត បុកបង្កាន់ដៃស្ពានបណ្តាលឱ្យក្រឡាប់

ដោយ៖វិចិត្រ

ភ្នំពេញ៖អ្នកបើកបរទំនងស្រវឹង បានបើករថយន្តម៉ាកតូយូតាព្រូសយ៉ាងលឿន ក៏ជ្រុលបុកបង្កាន់ដៃស្ពានអាកាសពេញទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ងារកង់។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅត្រង់គល់ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៩ ខែកញ្ញា។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានបុរសម្នាក់បើករថយន្តម៉ាកតូយូតាព្រូសផ្លាកលេខភ្នំពេញ2BF-1241 ពីជើងទៅត្បូងក្នុងល្បឿនលឿន។លុះដល់កន្លែងខាងលើទំនងស្រវឹងក៏បានជ្រុលបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យពេញទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ងារកង់ រីឯអ្នកបើកបររងរបួសបន្តិចបន្តួច។

បន្ទាប់កើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យវាស់វែង និងស្ទូចយករថយន្តបង្កទៅទុកនៅកន្លែងនគរបាលចរាចរណ៍រាជធានីភ្នំពេញ ជាបណ្ដោះអាសន្នដើម្បីបន្តនីតិវិធី៕