សន្ដិសុខសង្គម

កំពុងរកមូលហេតុភ្លើងឆេះទីតាំងសិប្បកម្មកែច្នៃកៅអីក្នុងខណ្ឌច្បារអំពៅ

ដោយ៖វិចិត្រ

ភ្នំពេញ៖អគ្គិភ័យបានលេបត្របាក់ ទីតាំងសិប្បកម្មកែច្នៃកៅអីមួយកន្លែងអស់ទាំងស្រុង សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវរកមូលហេតុ។ គ្រោះអគ្គិភ័យនេះបង្កការភ្ញាក់ផ្អើលនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីម៉ោងប្រមាណ១០យប់ថ្ងៃទី៨ ខែកញ្ញា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ សុខា វិសាល អាយុ៤២ឆ្នាំមុខរបរសិប្បកម្ម។ទីតាំងដែលរងការខូចខាតខ្ទេចខ្ទីមានទំហំ១០គុណ៣០ម៉ែត្រ ជាប្រភេទសំណង់ដែកប្រក់ស័ង្កសី។ក្នុងនោះមានសម្ភារប្រើប្រាស់និងឧបករណ៍សម្រាប់សិប្បកម្មជាច្រើន។

ប្រភពដដែលបានបន្តថា ក្រោយទទួលព័ត៌មានភ្លាម កម្លាំងពន្លត់និងបង្ការគ្រោះអគ្គិភ័យបានចេញរថយន្តជាច្រើនគ្រឿងដើម្បីជួយអន្តរាគមន៍ភ្លាមៗ។ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះសមត្ថកិច្ចបានប្រើរថយន្តបាញ់ទឹកចំនួន១២គ្រឿង ប្រើទឹកអស់២៤រថយន្ត។

ការជួយបាញ់ទឹករយៈពេលជិត៣ម៉ោងទើបភ្លើងបានរលត់ទាំងស្រុង តែមិនមានគ្រោះថ្នាក់ដល់មនុស្សនិងមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។តែទីតាំងខាងលើត្រូវបានអគ្គិភ័យឆេះនិងសម្ភារអស់ទាំងស្រុង។ចំណែកមូលហេតុសមត្ថកិច្ចបន្តការស្រាវជ្រាវ និងកំពុងសាកសួរពីទំហំនៃការខូចខាត៕