ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ចូលរួមពិធីកាត់ខ្សែបូបើកសម្ពោធពិព័រណ៍អន្តរជាតិលើកទី១៧ (ITE-HCMC 2023) ក្រោមមូលបទ «ការតភ្ជាប់ កំណើន និងចីរភាព»

ដោយ:សុខុម
ភ្នំពេញ: ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមពិធីកាត់ខ្សែបូបើកសម្ពោធពិព័រណ៍អន្តរជាតិ​លើកទី១៧ (ITE-HCMC 2023) ក្រោមមូលបទ «ការតភ្ជាប់ កំណើន និងចីរភាព»នៅទីក្រុងហូជីមិញប្រទេសវៀតណាម កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។
បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមទស្សនាស្តង់ពិព័រណ៍ជាមួយថ្នាក់ដឹកនាំ​ជាន់ខ្ពស់នៃបណ្តាប្រទេសជាច្រើន។

ព្រឹត្តិការណ៍នេះនៅពន្លាពិព័រណ៍របស់កម្ពុជា ក៏មានការសម្តែងរបាំជូនពរស្វាគមន៍ និងសិល្បៈវប្បធម៌ប្រពៃណី ដើម្បីបង្ហាញពីទេសចរណ៍វប្បធម៌ធម្មជាតិដ៏ល្អផូរផង់​របស់កម្ពុជា ព្រមទាំង មានការផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ដល់ប្រតិភូជាន់ខ្ពស់​ទាំងអស់ផងដែរ។ ដោយឡែកសម្រាប់ផ្នែកឯកជន ដែលមានចំនួន ១១ក្រុមហ៊ុន​ក៏មានការណាត់ជួបរវាងដៃគូធុរកិច្ចទេសចរណ៍ លក់ផលិតផល និងកញ្ចប់ទេសចរណ៍ផ្សេងៗ ដើម្បីជំរុញការមកទស្សនានៅកម្ពុជាផង។


ក្រោយពីបញ្ចប់ការទស្សនាតាមស្តង់ពិព័រណ៌ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះស្ដីពី “ការយល់ដឹងអំពីបរិវត្តកម្មឌីជីថលក្នុងការជំរុញការ​អភិវឌ្ឍន៍ទេសចរណ៍អន្តរជាតិ” ក្នុងវេទិកាទេសចរណ៍កម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់។

នៅក្នុងវេទិកាទេសចរណ៍ដ៏មានសារសំខាន់នេះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ​ជាន់ខ្ពស់វៀតណាមដែលរួមមាន ឯកឧត្តម Nguyen Triet អតីតប្រធានាធិបតី, ឯកឧត្តម Truong Hoa Binh, អតីត ឧបនាយករដ្ឋមន្រ្តីវៀតណាម, ឯកឧត្តម Tran Hong Ha ឧបនាយករដ្ឋមន្រ្តីវៀតណាម, ឯកឧត្តម Nguyen Thien Nhan អគ្គលេខាធិការ​បក្សកុម្មុយនីស្តនៃទីក្រុងហូជីមិញ និងឯកឧត្តម Nguyen Van Hung រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ព្រមទាំងមានការ​ចូលរួមពីអនុរដ្ឋមន្រ្តីទេសចរណ៍មីយ៉ាន់ម៉ា និងឡាវ តំណាងអាជ្ញាធរទេសចរណ៍ថៃ អគ្គកុងស៊ុលពីបណ្ដាប្រទេសនានា និងវិស័យឯកជន សរុបប្រមាណ២៥០នាក់។

នៅល្ងាចថ្ងៃដដែលនោះមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ បានរៀបចំទស្សនកិច្ចតាម​ដងទន្លេទីក្រុងហូជីមិញ និងអាហារពេលល្ងាចប្រក​បដោយភាពស្និទ្ធស្នាល សប្បាយរីក​រាយជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសនីមួយៗដែលបានចូលរួមព្រឹត្តិការណ៍នេះ៕