សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ៦នាក់ទៅតុលាការពីបទកាប់បុរសម្នាក់ឱ្យដាច់ដៃម្ខាង

ដោយ៖វិចិត្រ

ពោធិ៍សាត់៖បន្ទាប់ពីមានការកាប់ប្រហារធ្វើឱ្យបុរសម្នាក់ដាច់ដៃម្ខាង ត្រូវកម្លាំងនគរបាល​ខេត្តពោធិ៍សាត់ បានស្រាវជ្រាវឈានដល់ចាប់ជនសង្ស័យ៦នាក់ ហើយបញ្ជូនទៅ​តុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយមានក្រុមទំនើងបានប្រើកាំបិតកាប់លើជនរងគ្រោះ រហូតដាច់កដៃម្ខាង កម្លាំងជំនាញក៏ចុះស៊ើបអង្កេតឈានដល់ចាប់ជនសង្ស័យជាបន្តបន្ទាប់​ចំនួន៦នាក់នាថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២៣។ហេតុការណ៍នេះបានកើតឡើងនៅម្តុំផ្លូវ​៦០ម៉ែត្រ ស្ថិតក្នុងភូមិតាកុយ សង្កាត់បន្ទាយដី ក្រុង/ខេត្តពោធិ៍សាត់ កាលពីល្ងាចថ្ងៃទី៣ ខែកញ្ញាកន្លងទៅ។


ប្រភពដដែលបានបន្តថា មុនកើតហេតុជនសង្ស័យមួយក្រុមមានគ្នាប្រមាណ៧-៨នាក់ បានបាញ់គ្រាប់ចម្ពាមកៅស៊ូ និងប្រើកាំបិតកាប់ជនរងគ្រោះឈ្មោះ ឆ ឈន អាយុ២០ឆ្នាំជាសិស្សនៅភូមិពោធិ៍ទី១ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បណ្តាលឱ្យដាច់កដៃខាងឆ្វេងរួចនាំគ្នារត់គេចខ្លួនបាត់អស់។

បន្ទាប់ពីទទួលព័ត៌មាននគរបាលក្រុងជាមួយនគរបាលខេត្តពោធិ៍សាត់ បានចុះ​សហការជាមួយនគរបាលស្រុកក្រគរ និងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរសណ្តាន់ ស្រាវជ្រាវចាប់ជនសង្ស័យជាបន្តបន្ទាប់ចំនួន៦នាក់កាលពីថ្ងៃទី៦ ខែកញ្ញា។

ជនសង្ស័យឈ្មោះ ឈន ឆៃយ៉ា-ឈ្មោះ រឹមភារៈ ហៅអារ៉េ-ឈ្មោះ សួន សុខរ៉ា ហៅប៊ុយ-ឈ្មោះ ញ៉ សុជាតិ ហៅធំ-ឈ្មោះ ឌឹបសុផាន់ណាត់ និងឈ្មោះ ទុយ ម៉េង។ពួកគេមានអាយុពី១៧ដល់២៣ឆ្នាំ រស់នៅភូមិក្រំាងធំ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ចំណែកជនរងគ្រោះកំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។

ពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតសម្ភារពាក់ព័ន្ធក្នុងសកម្មភាពធ្វើបទល្មើស មានម៉ូតូចំនួន​៣គ្រឿង-កាំបិតផ្គាក់មួយដើម។ក្រោយមកសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង​បញ្ជូនទៅតុលាការ ហើយបន្តចាប់បក្ខពួកយកមកចាត់ការតាមច្បាប់៕