ព័ត៌មានជាតិ

ទៅលេងភ្នំជម្រកសត្វជាជម្រើសល្អក្នុងដំណើរកម្សាន្តលើទឹកដីខេត្តស្ទឹងត្រែង

ដោយ:សុខុម
ស្ទឹងត្រែង:សម្រាប់អ្នកចូលចិត្តផ្ដិតយករូបភាពទេសភាពស្អាតៗបោះតង់ជិះកង់និងភ្លក់ម្ហូបអាហាររបស់សហគមន៍ពីធម្មជាតិពិតពេលមកលេងខេត្តស្ទឹងត្រែងសូមកុំភ្លេច ទៅកម្សាន្ត នៅភ្នំជម្រកសត្វស្ថិតក្នុងភូមិឆ្វាំងឃុំសំអាងស្រុកថាឡាបរិវ៉ាត់។


មុននឹងទៅដល់ទីនោះយើងត្រូវធ្វើដំណើរចេញពីក្រុងស្ទឹងត្រែងឆ្លងកាត់តាមស្ពានមិត្តភាពកម្ពុជាចិនមេគង្គ លើដងផ្លូវ ជាតិលេខ ៩ស្ទឹងត្រែង-ព្រះវិហារ។ធ្វើដំណើរបណ្ដើរមើល ទេសភាព ការរស់នៅរបស់អ្នកស្រុកនៅតាមដងផ្លូវ។មើលព្រៃព្រឹក្សាដំណាំកសិកម្ម អមតាម ដងផ្លូវឆ្ពោះទៅទិសខាងលិចមិនយូរប៉ុន្មានយើងក៏បានទៅដល់ចំណុច ផ្លូវចូលទៅកាន់សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ។បើគិតពីក្រុងស្ទឹងត្រែង មានចម្ងាយត្រឹមតែ៤៥ គីឡូម៉ែត្រប៉ុណ្ណោះ។ពេលទៅដល់ផ្លូវចូលនឹងឃើញផ្លាក មួយដ៏ធំដែលដាក់បង្ហាញប្រាប់ពីភ្នំជម្រកសត្វរៀបចំដោយមន្ទីរទេសចរណ៍ខេត្តស្ទឹង ត្រែង។យើងក៏អាចមើលឃើញផ្លូវចូលក្នុងទិសដៅធ្វើដំណើរមកពីខេត្តព្រះវិហារផងដែរ។ពេលទៅដល់យើងត្រូវបន្តដំណើរតាមផ្លូវលំមួយអាចឲ្យរថយន្តចេញចូលបានដោយងាយស្រួលចម្ងាយត្រឹម៥គីឡូម៉ែត្រប៉ុណ្ណោះ។នៅតាមផ្លូវនោះអមដោយផលដំណាំចម្ការអ្នក ស្រុកនិងទេសភាពភ្នំទាបខ្ពស់នៅជុំវិញនោះ។ឃើញភ្នំ២នៅក្បែរគ្នាយើងមើលឃើញ ដូចជាសត្វដំរីកំពុងតែជល់គ្នា។នៅទីនោះព្រៃព្រឹក្សាពិតជាស្រស់បំព្រងស្អាតខ្លាំងណាស់។


លោកតឹក សុខុម ប្រធានក្រុមល្បាតនៅសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ បានរៀបរាប់ប្រាប់ឲ្យដឹងថា ពេលមកដល់ភ្ញៀវអាចឡើងតាមកាំជណ្តើទៅលើ កំពូលភ្នំបាន។អាចមើលទេសភាពជុំវិញមកក្រោមដូចជាសមុទ្រឈើ។នៅជុំវិញភ្នំនោះមានល្អាងជាច្រើនដែលគេហៅឈ្មោះខុសៗគ្នាដូចជាល្អាងអូនបង,ល្អាង ទឹកចេញ,ល្អាងប្រជៀវ,ល្អាងលោកសឹង។


ក្រៅពីនេះមានស្ពានតឿរៀបចំដោយ ខាង សហគមន៍សាងសង់ឡើងអំពីឈើតម្រាបគ្នា កាត់តាមព្រៃក្រោមដើមឈើមានចម្ងាយប្រមាណ៥០០ម៉ែត្រ។យើងដើរដោយថ្មើរជើង​តាមស្ពានឈើនោះនឹងឃើញទេសភាពដ៏ស្រស់ស្អាតមានដើមឈើដុះតម្រៀបជាជួរតូចធំទាបខ្ពស់ហាក់បីដូចជាស្ថិតនៅក្នុងព្រៃជ្រៅដ៏ស្ងប់ស្ងាត់អីចឹង។យើងផ្ទៀងត្រចៀកស្ដាប់​ឮសូរសំឡេងសត្វយំប្រដេញគ្នាដូចជាការប្រគំតន្រ្តីបង្ហើសំនៀងទៅតាមធម្មជាតិ។ជាមួយនោះក៏មានទឹកហូរធ្លាក់តាមបោកផ្ទប់នឹងគល់ឈើផ្ទាំងថ្ម។ភ្ញៀវក៏អាចជិះកង់​​ដើរ​មើលព្រៃសហគមន៍ជិះព័ទ្ធតាមជុំវិញភ្នំ។

 


លោកតឹកសុខុមបានឱ្យដឹងទៀតថា​សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វកំពុង​កែច្នៃរៀបចំថ្មីបន្ថែមឲ្យកាន់តែទាក់ទាញ។ហើយក៏ជាជម្រើសល្អសម្រាប់ភ្ញៀវ​ដែលចូលចិត្តភ្ជាប់ដំណើរកម្សាន្តទៅនឹងធម្មជាតិ។ស្រូបយកខ្យល់អាកាសបរិសុទ្ធ​លើទឹកដីខេត្តស្ទឹងត្រែងឬក៏អាលវិលត្រឡប់ស្នាក់នៅក្នុងក្រុងស្ទឹងត្រែងវិញ។
ម្យ៉ាងទៀតសេវាកម្មម្ហូបអាហារក៏មានតម្លៃថោកសមរម្យអាចទទួលយកបាន។


លោកអ៊ន់ ប៉ោសឿន​ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានរៀបរាប់ឲ្យដឹងថា​ការរៀបចំសេវាកម្មទាក់ទងនឹងផលិតផលទេសចរណ៍នៅភ្នំជម្រកសត្វកាន់តែបោះជំហានទៅមុខនិងចាប់អារម្មណ៍ខ្លាំងណាស់។ការរៀបចំតភ្ជាប់ផ្លូវពីផ្លូវជាតិផ្លូវលំនិងផ្លូវជុំវិញភ្នំ​រៀបចំកាំជណ្ដើរឡើងទៅលើភ្នំបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវ។


លោកប្រធានមន្ទីរទេសចរណ៍ខេត្តយល់ថា ការប្រើប្រាស់ធនធានធម្មជាតិដែលជា​សក្តានុពល​ដ៏សំខាន់ក្នុងព្រៃសហគមន៍យកមកកែច្នៃឲ្យមានភាពទាក់ទាញ​ធ្វើទៅតាមលទ្ធភាពជាក់ស្ដែង។សហគមន៍នេះផងដែរក៏មានការចូលរួមនិងគាំទ្រ​ពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនជំរុញលើកទឹកចិត្តបន្ថែមពីខាងមន្ទីរទេសចរណ៍ខេត្តធ្វើយ៉ាងណាដើម្បីឲ្យសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វកាន់តែមានភាពរីកចម្រើនទៅមុខ។


នៅខាងមុខដ៏ឆាប់នេះក៏នឹងមានការរៀបចំខ្យុសលំហែកាយច្រើនកន្លែងទៀតរៀបចំជាកន្លែងសម្រាប់ទទួលទានអាហារបម្រើសេវាកម្មដល់ភ្ញៀវក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងនិងបន្តជំរុញជួយដល់សហគមន៍អេកូ​ទេសចរណ៍មួយនេះឲ្យកាន់តែរឹងមាំដើម្បីមានលទ្ធភាពគ្រប់គ្រាន់ដើរដោយខ្លួនឯងនិងនៅពេលអនាគត៕