សន្ដិសុខសង្គម

ចាប់ក្រុមទំនើងជិត១០នាក់ករណីវាយតប់គ្នាបង្កការភ័យខ្លាច

ដោយ៖វិចិត្រ
ភ្នំពេញ៖កម្លាំងនគរបាលអន្តរាគមន៍ពិសេស បានចាប់ក្រុមទំនើងជិត១០នាក់ ករណីវាយតប់គ្នាបង្កការភ័យខ្លាចដល់ពលរដ្ឋរស់នៅម្តុំបរិវេណបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៨ ខែកញ្ញា។

កម្លាំងមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុមានមនុស្ស៤នាក់ជិះម៉ូតូ២គ្រឿង ចេញពីម្តុំមន្ទីរពេទ្យលោកសង្ឃទៅអង់តែនទួលគោក។មកដល់កន្លែងខាងលើស្រាប់តែ​មួយក្រុមទៀតមានគ្នា៧-៨នាក់ជិះម៉ូតូជាច្រើនគ្រឿងមកក្បែរ រួចក៏ធាក់លើម៉ូតូ​ក្រុម៤នាក់ឱ្យដួល។

ភ្លាមៗនោះក៏កើតជាជម្លោះដេញវាយគ្នាពេញផ្លូវរហូតដល់ក្នុងបរិវេណបឹងកក់។ដោយភាគីទាំងសងខាងខ្លះប្រើដុំថ្ម ខ្លះទៀតប្រើខ្សែក្រវាត់បានវាយតប់និងគប់គ្នា​បង្កការភ័យខ្លាចនៅតំបន់នោះ។ពេលក្រុមទំនើងធ្វើសកម្មភាព​កម្លាំងសមត្ថកិច្ច​ល្បាតក្នុងមូលដ្ឋាន​ខណ្ឌដូនពេញបានឃាត់ខ្លួនទាំង២ក្រុមចំនួនជិត​១០នាក់​រួមទាំងវត្ថុតាង។

បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចជំនាញបាននាំក្រុមទំនើងជាមួយម៉ូតូជាច្រើនគ្រឿងយកទៅ​អធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីបន្តនីតិវិធី៕