សន្ដិសុខសង្គម

ឃាត់ខ្លួនឈ្មួញរកស៊ីឈើម្នាក់និងភស្តុតាងបញ្ជូនទៅរដ្ឋបាលព្រៃឈើ

ដោយ:សុខុម
មណ្ឌលគិរី:ប្រភពរាយការណ៍បានឱ្យដឹងនៅថ្ងៃទី៨កញ្ញាមកថា សមត្ថកិច្ច​កងរាជអាវុធហត្ថស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានបញ្ជូនសំណុំរឿងដឹកជញ្ជូន​ផលអនុផលព្រៃឈើដោយមិនមានការអនុញ្ញាតពីមន្ត្រីជំនញទៅរដ្ឋបាលព្រៃឈើហើយក្រោយបង្រ្កាបបាន។


សូមបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កម្លាំងស្នាក់ការ៧៦២ បានឃាត់រថយន្តដឹកឈើ០១គ្រឿង ម៉ាក ISUZU (ពីរបាំង)ពណ៌.ស ពាក់ផ្លាកលេខ ភ្នំពេញ 2B-9519 ។


នៅពេលចុះបង្ក្រាបនោះ​សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ៅ សុខេង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិជាំហោ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានកសាងសំណុំរឿងជនសង្ស័យខាងលើនេះ ពីបទដឹកជញ្ជូនផលអនុផល​ព្រៃឈើខុសច្បាប់បញ្ជូនមកកាន់មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី ដើម្បីបន្តនីតិវិធី ទៅជំនាញរដ្ឋបាលព្រៃឈើ។វត្ថុតាង ចាប់យកមាន​រថយន្ថ១គ្រឿង, ទូរសព្ទចំនួន០២គ្រឿង, ឈើប្រភេទសុក្រំ ចំនួន០៧កំណាត់, ឈើប្រភេទបេងចំនួន ០៣កំណាត់, ឈើប្រភេទនាងនួនចំនួន០៣កំណាត់៕