សេដ្ឋកិច្ច

ខេត្តកំពង់ចាមឱ្យមន្ទីរធនធានទឹកសិក្សាគម្រោងប្រព័ន្ធបូមទឹកដោយស្វ័យប្រវត្តិនៅអាងទំនប់តំបន់ក្នុងស្រុកជើងព្រៃនិងស្រុកព្រៃឈរ

ដោយ៖ គង់ហេង

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានឱ្យលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម សិក្សាលទ្ធភាពគម្រោងបង្កើតប្រព័ន្ធបូមទឹកដោយស្វ័យប្រវត្តិ នៅអាងទំនប់តំបន់បម្រើដល់ប្រជាពលរដ្ឋជាង ៣.០០០ គ្រួសារនៅស្រុកជើងព្រៃ និងស្រុកព្រៃឈរ។

លោកអភិបាលខេត្តកំពង់ចាមបាន មានប្រសាសន៍បែបនេះ ខណៈដែលលោក និងសហការីបានដឹកនាំមន្រ្តីជំនាញ អាជ្ញាធរ និងសហគមន៍ ចុះពិនិត្យស្ថានភាពទឹកនៅអាងទំនប់តំបន់ ស្ថិតក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ និងឃុំសំរោង ស្រុកព្រៃឈរ នៅព្រឹកថ្ងៃទី ៨ កញ្ញានេះ។

លោកបានបន្ថែមថា៖ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម សិក្សាគម្រោងបង្កើតប្រព័ន្ធបូមទឹកដោយស្វ័យប្រវត្តិនេះ បើយើងគ្មានលទ្ធភាពប្រើប្រាស់ម៉ាស៊ីន ប្រើប្រេងឥន្ធនៈនោះ ទេ គឺយើងអាចប្រើប្រព័ន្ធបូមទឹកដោយស័្វយប្រវត្តិនេះនឹង ប្រព័ន្ធសូឡែរ (ពន្លឺព្រះអាទិត្យ) ជាមួយម៉ូទ័រ។ ដោយជីកទម្លាក់ទឹកនៅទីនោះឱ្យបានច្រើន និងជ្រៅ ហើយគម្រោងនេះប្រើប្រាស់ថវិកាខេត្តតែម្តង។

សូមបញ្ជាក់ថា ទំនប់តំបន់ដែលមានទីតាំងដូចជម្រាបជូនខាងលើ ជាអាងទឹកមួយអាចរក្សាទឹកទុកបានចំនួន ១២លាន ម៉ែត្រត្រីគុណសម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៤៥២ ហិកតា និងស្រូវប្រាំងចំនួន ១.២៥០ ហិកតា ហើយបន្ថែមដំណាំរួមផ្សំចំនួន ៤០ ហិកតាទៀត របស់ប្រជាពលរដ្ឋចំនួន ១០ភូមិ ស្មើនឹងចំនួន ៣.២១៣ គ្រួសារក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើងព្រៃ៕