សេដ្ឋកិច្ច

ក្រុមហ៊ុន USRVចុះអនុស្សរណៈជាមួយក្រុមហ៊ុន Forte Life Assurance

ដោយ៖រតនា

ភ្នំពេញ៖ ក្រុមហ៊ុនUSRV International Business Consultancy Co., Ltd. បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Forte Life Assurance (Cambodia) PLC កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។

លោក អ៊ុំ សារ៉ាវុធ អគ្គនាយកក្រុមហ៊ុនUSRV និងជាប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា បានបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនUSRVនិងក្រុមហ៊ុន Forte Life នៅពេលនេះ អាចចាត់ទុកបានថា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ។

លោកអគ្គនាយកក្រុមហ៊ុនUSRVបានលើកឡើងថា ផ្តើមចេញពីនេះក្រុមហ៊ុនទាំង២នឹងសហការធ្វើការងារជួយគ្នា ជាពិសេសលើការផ្តល់សេវាធានារ៉ាប់រងហ្វតតេដល់អតិថិជនរបស់ក្រុមហ៊ុន។ ជាមួយនោះផ្លាស់ប្តូរបទពិសោធល្អៗជាន្លឹះជាមួយគ្នាទៅវិញទៅមកឲ្យបានជិតស្និទ្ធនិងស៊ីជម្រៅទៅលើគ្រប់ផ្នែកក្នុងការធ្វើអាជីវកម្មរបស់ផងខ្លួនដើម្បីឈានឆ្ពោះទៅសម្រេចបាននូវផលប្រយោជន៍រួមទាំងអស់គ្នា។

លោកអ៊ុំ សារ៉ាវុធ បានបញ្ជាក់ឲ្យដឹងដែរថា ក្រុមហ៊ុនUSRVដែលផ្តោតជាសំខាន់លើភ្នាក់ងារសេវាកម្មពន្ធដារគឺបានចុះបញ្ជីតាំងពីឆ្នាំ២០១៥។ រហូតមកដល់ពេលនេះបើទោះបីជាបានជួបប្រទះនឹងវិបត្តិសកល(កូវីដ-19) ពេលកន្លងមកក៏ដោយ គឺយើងនៅតែអាចឈរជើងបានយ៉ាងរឹងមាំ ហើយដំណើរការអាជីវកម្មរបស់ខ្លួនបានរហូតមកដល់បច្ចុប្បន្ន។

លោកព្រូ ស៊ីថន អគ្គនាយកក្រុមហ៊ុនForte Life Assurance បានបញ្ជាក់ថា មូលហេតុដែលយើងបានសម្រេចជ្រើសរើសយកក្រុមហ៊ុនUSRVធ្វើជាដៃគូសហការ ហើយជាសក្ខីភាពជាក់ស្តែងយើងបានចុះអនុស្សរណៈនៅពេលនេះ ដោយសារតែយើងបានមើលឃើញថា ក្រុមហ៊ុនUSRV International Business Consultancy Co., Ltd គឺជាក្រុមហ៊ុនមួយមានភាពធន់មាំខ្លាំងមានសក្តានុពលនិងមានដៃគូសហការក្នុងការធ្វើអាជីវកម្មជាច្រើននៅពេលសព្វថ្ងៃនេះ ។

លោកអគ្គនាយក Forte Life Assurance បានឲ្យដឹងទៀតថា Forte Life Assurance (Cambodia) PLC គឺជាក្រុមហ៊ុននាំមុខគេដ៏ធំមួយក្នុងវិស័យធានារ៉ាប់រងជាពិសេសគឺអាយុជីវិតនៅកម្ពុជា។ជាក់ស្តែងមានប្រជាពលរដ្ឋនិងក្រុមហ៊ុនរកស៊ីធំៗបានស្គាល់,មានទំនុកចិត្តនិងបានប្រើប្រាស់សេវាកម្មរបស់យើង។ ក្រុមហ៊ុនមានការិយាល័យតំណាងនៅស្ទើរតែគ្រប់រាជធានីខេត្តក្នុងប្រទេសកម្ពុជា សម្រាប់ផ្តល់សេវាឲ្យអតិថិជន។ក្រៅពីនោះក្រុមហ៊ុនក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយចូលរួមបណ្តុះបណ្តាលធនធានមនុស្សនិងជួយដល់ការងារមនុស្សធម៌ផ្សេងៗនៅក្នុងប្រទេសកម្ពុជាផងដែរ៕