អន្តរជាតិ

គិលានុបដ្ឋាយិកាជនជាតិអង់គ្លេសបានហៅខ្លួនឯងថាជាបិសាចបន្ទាប់ពីគេរកឃើញថានាងបានសម្លាប់ទារកអស់៧នាក់

ប្រែសម្រួល៖សហការី

នាងបានសរសេរថា “ខ្ញុំជាបីសាច” គិលានុបដ្ឋាយិកាជនជាតិអង់គ្លេសម្នាក់នេះត្រូវបានគេរកឃើញថាមានពិរុទ្ធភាពពីបទចេតនាសម្លាប់ទារកអស់ប្រាំពីរនាក់ហើយថែមទាំងប៉ុនប៉ងសម្លាប់មនុស្ស ចំនួន៦ នាក់ផ្សេងទៀតនៅក្នុងមន្ទីរពេទ្យដែលនាងបំរើការធ្វើឲ្យនាងក្លាយជាឃាតករឈាមត្រជាក់ដ៏សាហាវឃោឃៅបំផុតនៅក្នុងប្រទេសអង់គ្លេស។

ស្ត្រីឈ្មោះ Lucy Letby មានអាយុ ៣៣ ឆ្នាំបានបង្កគ្រោះថ្នាក់ដល់ទារកនៅក្រោមការថែទាំរបស់នាងដោយបានចាក់ខ្យល់ចូលទៅក្នុងឈាមនិងក្រពះរបស់ទារកទាំងនោះហើយមានការវាយដំលើរាងកាយនៅពេលដែលនាងបំបៅទឹកដោះគោដល់ពួកគេនិងថែមទាំងបំពុលទារកដោយអាំងស៊ុយលីន។ តុលាការនៅរដ្ឋ Manchester Crown នៃភាគខាងជើងប្រទេសអង់គ្លេសបានបើកសវនាការលើករណីទាំងនេះ។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន PA Media របស់ចក្រភពអង់គ្លេសបានឲ្យដឹងថា មានករណីមួយ ស្រ្តីឈ្មោះ Letby បានសម្លាប់ទារកដែលគេស្គាល់ថាជា Child E ដោយចាក់បញ្ចូលខ្យល់ចូលទៅក្នុងចរន្តឈាមរបស់ទារកនោះលុះដល់ថ្ងៃបន្ទាប់ នាងបានព្យាយាមសម្លាប់ប្អូនប្រុសភ្លោះរបស់ទរាកនោះទៀតផងវាមានឈ្មោះ Child F ដោយបំពុលវាជាមួយនឹងអាំងស៊ុយលីន។

យោងតាមដីការបស់តុលាការដែលពាក់ព័ន្ធនឹងរឿងក្តីសម្លាប់ទារកបានធ្វើការចោទប្រកាន់ Letbyពីបទមនុស្សឃាតដោយចេតនាដែលបានសម្លាប់ទារកស្ថិតនៅក្រោមការមើលថែរទាំបស់នាង។

ប៉ូលិស​បាន​រក​ឃើញ​កំណត់​ត្រា​សរសេរ​ដោយ​ដៃរបស់នាងផ្ទាល់នៅពេលដែលចូលទៅ​ឆែកឆេរ​ផ្ទះ​របស់ Letby នៅក្នុង​អំឡុង​ពេល​​ស៊ើប​អង្កេត​រួម​ទាំង​សៀវភៅ​មួយ​ដែលនាង​សរសេរ​ថា “ទង្វើរបស់ខ្ញុំបែបនេះខ្ញុំជាមនុស្សដ៏សែន​អាក្រក់​បំផុត”។

ព្រះរាជអាជ្ញារបស់ចក្រភពអង់គ្លេស (CPS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាងបានធ្វើទារុណកម្មលើទារកចំនួន ១៣ នាក់ដោយសម្ងាត់នៅមន្ទីរពេទ្យ Countess of Chester ក្នុងចន្លោះឆ្នាំ ២០១៥ និង ២០១៦។

ព្រះរាជអាជ្ញាបានធ្វើការចោទប្រកាន់ថា ចេតនារបស់នាងគឺចង់សម្លាប់ទារក ខណៈដែលអ្នករួមការងាររបស់នាង ជឿថាជាហេតុផលរបស់ធម្មជាតិ។

Pascale Jones នៃ CPS បានហៅសកម្មភាពរបស់ Letby ថានាង “បានក្បត់ចំពោះការជឿទុកចិត្តមកលើរូបនាងក្នុងការមើលថែទារក” ។

នាងបាននិយាយថា “Lucy Letby បានព្យាយាមបោកបញ្ឆោតមិត្តរួមការងាររបស់នាងមិនឲ្យមានការសង្ស័យមកលើនាងរួចក៏បានលួចបង្កគ្រោះថ្នាក់ដល់ទារកទាំងនោះដែលធ្វើឲ្យទារកម្នាក់ៗទទួលរងគ្រោះរហូតដល់ស្លាប់”។

“វត្ថុដែលនៅក្នុងដៃរបស់នាងសម្រាប់ប្រើប្រាស់ក្នុងការធ្វើទារុណកម្មលើទារកមានដូចជា សារធាតុដែលគ្មានជាតិពុលដូចជា ខ្យល់ ទឹកដោះគោ វត្ថុរាវ ឬថ្នាំដូចជាអាំងស៊ុយលីនជាដើមគឺនាងសាហាវខ្លាំងណាស់។ នាង​បាន​ធ្វើឲ្យខូចដល់​ការ​រៀន​សូត្រដ៏ត្រឹមត្រូវ​របស់​នាង ហើយ​បាន​ប្រើ​វត្ថុទាំងនោះជាឧប្បករណ៏​​ធ្វើទារុណកម្មលើទារករហូតដល់ស្លាប់” ។

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​និយាយ​ថា ពួក​គេ” ​មិនបាន​ដឹង​ថាមកពីមូល​ហេតុ​អ្វី​បាន​ជា​មាន​រឿងបែប​នេះ​កើត​ឡើងនោះទេ” ។

សេចក្តីថ្លែងការណ៍រួមមួយបាននិយាយថា “ការស្លាប់របស់ទារកគឺជាបទពិសោធដែលពោពេញទៅដោយសោកនាដកម្មមួយដែលឪពុកម្តាយរបស់ពួកគេមិនគួរជួបប្រទះរឿងដ៏សោកសៅបែបនេះនោះទេ” ។សេចក្តី​ថ្លែងការណ៍​បាន​បន្ថែម​ថា​៖ “ ​​ការ​បាត់​បង់​កូនពួកគេ​គឺ​មិន​អាច​នឹក​ស្មាន​ដល់​ឡើយ​” ។

យោងតាមកំណត់ត្រាសរសេរដោយដៃរបស់ Lucy Letby បាននិយាយថា ‘គឺខ្ញុំជាអ្នកសម្លាប់ពួកគេ’ ។

PA បាននិយាយថានៅក្នុងឆ្នាំ ២០១៨ និង ២០១៩ ថា Letby ត្រូវបានប៉ូលិសចាប់ខ្លួនពីរដងរួចមកហើយក្រោយពីបានធ្វើការស៊ើបអង្កេតលើករណីទាំងនេះ។ នាង​ត្រូវ​បាន​ប៉ូលិសចាប់​ខ្លួន​ម្ដង​ទៀត​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០២០។អាជ្ញាធរបានរកឃើញកំណត់ហេតុដែល Letby បានសរសេរក្នុងអំឡុងពេលឆែកឆេលំនៅដ្ឋានរបស់នាង។

នាងនិយាយថា “ខ្ញុំមិនសមនឹងរស់នៅតទៅទៀតទេគឺខ្ញុំជាអ្នកសម្លាប់ពួកគេដោយចេតនាហើយខ្ញុំមិនមែនជាមនុស្សល្អក្នុងការមើលថែពួកគេនោះទេ” នាងបានសរសេរនៅក្នុងកំណត់ហេតុមួយ ដោយនាងបានបន្ថែមថា “ខ្ញុំជាមនុស្សដ៏សាហាវយង់ឃ្នងខ្លាំងណាស់”  “ចំពោះទង្វើដ៏យង់ឃ្នងបែបនេះខ្ញុំគឺជាមនុស្សដ៏អាក្រក់បំផុត”។

ម្តាយរបស់ Child E និង Child F បាននិយាយនៅក្នុងខណៈពេលដែលផ្តល់សក្ខីកម្មដល់តុលាការថា “ខ្ញុំមានការជឿជាក់ទាំងស្រុងលើទង្វើដ៏សាហាវយង់ឃ្នងរបស់ Letby ” នេះបើយោងតាម ​​PA Media ។នាងបាននិយាយថានាង “ដឹងថាមានអ្វីខុសប្រក្រតីបានកើតឡើងហើយ” ពីព្រោះនាងបានឭទារករបស់នាងឈ្មោះ Child E បានស្រែកខ្លាំងៗនៅក្នុងបន្ទប់ថែទាំ។

ហើយថានៅមុនពេល Letby សម្លាប់កុមារ E គាត់ឃើញមានឈាមហូរដោយសានាងព្យាយាមវាយលើទារករបស់គាត់។

ម្តាយ​របស់ទារកបានប្រាប់​តុលាការ​ថា​៖ “​មិន​បានចាប់អារម្នណ៏ថាជា​សំឡេង​ដែលចេញ​ពី​ទារក​តូចៗ​នោះ​ទេ​”​។ “ខ្ញុំមិនយល់ថាជាសំឡេងអ្វីនោះទេគឺវាគួរឲ្យរន្ធត់ខ្លាំងណាស់ចំពោះការស្រែកយំ​របស់ទារកបែបនេះ” ។

​ក្រោយ​ការ​ស្លាប់​របស់​កុមារ អ៊ី ពុំ​មាន​ការ​ធ្វើ​កោសល្យវិច័យទេ។ ស្ត្រី​ជា​ម្តាយ​បាន​និយាយ​ថា គាត់​គិត​ថា ទារករបស់គាត់បាន​ស្លាប់​តាមហេតុផល​ធម្មជាតិ ។

កូនប្រុសភ្លោះរបស់នាងឈ្មោះ Child F ក្រោយមកបានរស់រានមានជីវិតពីការប៉ុនប៉ងសម្លាប់របស់ Letby ដោយការបំពុលអាំងស៊ុយលីន។

អ្នក​ប្រឹក្សា​បានធ្វើការសុំទោស​ចំពោះ​ហេតុការ​ដ៏គួរឲ្យ​ព្រួយ​បារម្ភ។លោកវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យបានចាប់ផ្តើមមានការសង្ស័យដោយសារកត់សម្គាល់ឃើញថាមានការកើនឡើងយ៉ាងលឿននៃចំនួនទារកដែលបានស្លាប់ដែលមិនគួរឲ្យជឿទាល់តែសោះ។

PA Media បាននិយាយថា ការព្រួយបារម្ភដែលលើកឡើងដោយអ្នកប្រឹក្សាអំពីការកើនឡើងនៃអត្រាមរណភាពរបស់អ្នកជំងឺនៅក្រោមការថែទាំរបស់ Letby ត្រូវបានបដិសេធតាំងពីដំបូងដោយនាយកគ្រប់គ្រងរបស់មន្ទីរពេទ្យ។

នៅខែកញ្ញា ឆ្នាំ ២០១៦ Letby បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងនិយោជករបស់នាង បន្ទាប់ពីនាងត្រូវបានគេផ្លាស់ពីកន្លែងមើលថែទារកទើបនឹងកើតក្នុងមន្ទីរពេទ្យ។ នាង​ត្រូវ​បាន​គេ​ផ្លាស់ឲ្យ​បំពេញ​តួនាទី​ជា​ស្មៀន​វិញ បន្ទាប់​ពី​ទារកប្រុស​បី​នាក់​បាន​ស្លាប់ ហើយ​ទារក​ម្នាក់​បាន​ដួល​បី​ថ្ងៃ​ជាប់ៗ​គ្នា​ក្នុង​ខែ​មិថុនា ឆ្នាំ ២០១៦។

ក្រោយមកនៅឆ្នាំនោះ នាងត្រូវបានគេជូនដំណឹងអំពីការចោទប្រកាន់មកលើរូបនាងដោយសហជីពនៃមហាវិទ្យាល័យគិលានុបដ្ឋាយិកា ប៉ុន្តែក្រោយមកពាក្យបណ្តឹងនេះត្រូវបានដោះស្រាយរួចរាល់។ វេជ្ជបណ្ឌិតត្រូវបានស្នើសុំឲ្យធ្វើការសុំទោសជាលាយលក្ខណ៍អក្សរជាផ្លូវការចំពោះ Letby ។

នាង​ត្រូវ​បាន​គេ​គ្រោង​នឹងឲ្យ​ត្រឡប់​ទៅកាន់​មន្ទីរមើលថែ​ទារកវិញនៅ​ក្នុង​ខែ​មីនា ឆ្នាំ ២០១៧ ប៉ុន្តែ​ការ​វិល​ត្រឡប់​របស់​នាង​មិន​បាន​កើត​ឡើងនោះ​ទេ។ មន្ទីរពេទ្យមានការសង្ស័យលើរូបនាងហើយក៏បានទាក់ទងប៉ូលិសដើម្បីបើកការស៊ើបអង្កេត។

ធ្វើឲ្យនាងមានការ ‘ខកចិត្តហើយខឹងយ៉ាខ្លាំង

រដ្ឋាភិបាលចក្រភពអង់គ្លេសបានបញ្ជាឲ្យបើកការស៊ើបអង្កេតឯករាជ្យលើករណីឃាតកម្មនេះ រួមទាំងជួយដោះស្រាយដល់ “អ្នកដែលមានការព្រួយបារម្ភដូចដែលមានការលើកឡើងដោយគ្រូពេទ្យត្រូវតែដោះស្រាយជាបន្ទាន់” ។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ការស៊ើបអង្កេតនឹងត្រូវអនុវត្តទៅតាម “កាលៈទេសៈជុំវិញឧបទ្ទវហេតុនៃការស្លាប់ទាំងនេះ” ។

ហើយត្រូវធ្វើការវាយតម្លៃផងដែរថាតើសកម្មភាពណាដែលត្រូវបានធ្វើឡើងដោយនិយតករ និងសេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេសដើម្បីជាការឆ្លើយតបទៅនឹងការព្រួយបារម្ភដែលទាក់ទងនឹងករណីរបស់នាង Letby ។

រដ្ឋមន្ត្រីសុខាភិបាល Steve Barclay បានសន្យាថា សំឡេងអំពាវនាវរកយុត្តិធម៌របស់ឪពុកម្តាយជនរងគ្រោះ “ត្រូវបានទទួលយក” ដោយទទួលស្គាល់ថានៅមានបញ្ហាចាក់ស្រេះចោទឡើងជាសំណួរជាច្រើនដែលត្រូវបកស្រាយ។

គ្រួសារជនរងគ្រោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃសុក្រថា “យុត្តិធម៌ត្រូវបានលើកស្ទួយ ហើយគិលានុបដ្ឋាយិកាដែលមើលថែទារករបស់យើងត្រូវបានគេរកឃើញថាមានកំហុសក្នុងការធ្វើទុក្ខបុកម្នេញលើទារកទាំងនោះ” ។

សេចក្តី​ថ្លែងការណ៍​បាន​បន្ថែម​ថា​៖ “ ​ការស្វែងរក​យុត្តិធម៌​នេះ​គឺដើម្បីលុបបំបាត់​ការ​ឈឺ​ចាប់ កំហឹង និង​ទុក្ខ​សោកដែល​យើង​ទាំង​អស់​គ្នាកំពុងតែជួបប្រទះ” ។

“យើងខ្លោចផ្សាក្នុងចិត្តនិងមានអារម្មណ៍ថាស្ពឹកស្រពន់យ៉ាងខ្លាំង”។

Letby នឹងត្រូវទទទួលការផ្តន្ទាទោសដោយតុលាការ Manchester Crown នៅថ្ងៃទី ២១ ខែសីហានេះហើយ៕

ប្រភព៖ CNN