អន្តរជាតិ

លលាដ៍ក្បាលមនុស្សបុរាណដ៏អាថ៌កំបាំងនៅជប៉ុនត្រូវបានស្រាយចម្ងល់ដោយការធ្វើកោសល្យវិច័យថ្មី

ប្រែសម្រួល៖រតនា

លលាដ៍ក្បាលមនុស្សបុរាណដ៏អាថ៌កំបាំងនៅជប៉ុនដែលគេប្រទះឃើញនៅកន្លែងបញ្ចុះសពបុរាណរបស់ប្រទេសជប៉ុនទាំងបុរស និងស្ត្រីត្រូវបានសិក្សាតាមរយៈការធ្វើកោសល្យវិច័យជាថ្មីដើម្បីបង្ហាញពីអត្តសញ្ញាណរបស់ពួកគេ។

យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា ការធ្វើកោសល្យវិច័យជាថ្មីអាចជួយដល់ក្រុមការងារឲ្យស្វែងយល់កាន់តែស៊ីជម្រៅផងដែរ។

លលាដ៍ក្បាលសពបុរាណទាំងនោះមានរាងមូលហើយជាធម្មតានៅផ្នែកខាងក្រោយនៃលលាដ៏ក្បាលមានរាងជាការ៉េហាក់ដូចជាត្រូវបានសង្កត់ដោយវត្ថុអ្វីម្យ៉ាងពីលើវាកាលពីនៅក្នុងវ័យកុមារភាព។

លលាដ៍ក្បាលដែលគេសង្ស័យថាជាជនជាតិ Hirota ដែលបានមករស់នៅលើកោះ Tanegashima ភាគខាងត្បូងនៃប្រទេសជប៉ុនតាំងតែពីសតវត្សរ៍ទីបីរហូតដល់សតវត្សរ៍ទីប្រាំពីរមកពួកគេត្រូវបានកប់ក្នុងផ្នូរដ៏ធំមួយហើយត្រូវបានគេជីកកកាយជាលើកដំបូងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ បន្ទាប់មកនៅដើមទសវត្សរ៍ឆ្នាំ ២០០០ អ្នកស្រាវជ្រាវបានរាយការណ៍កាលពីថ្ងៃពុធនេះបើយោងតាមការចេញផ្សាយរបស់ទស្សនាវដ្តី PLOS One ។ នៅលើទីតាំងនេះគេប្រទះឃើញមានគ្រោងឆ្អឹងរាប់រយ ហើយ ៩០% នៃកន្លែងបញ្ចុះសាកសពត្រូវបានគេតុបតែងយ៉ាងសំបូរបែបដូចជាមានដាំអង្កាំកែវ និងខ្សែដៃដែលបង្ហាញថាកន្លែងបញ្ចុះសាកសពទាំងនេះមានភិនភាគមនុស្សប្រហាក់ប្រហែលគ្នា។

សាស្ត្រាចារ្យរងនៅមហាវិទ្យាល័យសិក្សាសង្គម និងវប្បធម៌នៅសាកលវិទ្យាល័យ Kyushu ក្នុងប្រទេសជប៉ុន លោកវេជ្ជបណ្ឌិត Noriko Seguchi  និង លោក James Frances Loftus III បាននិយាយថា ក្រុមអ្នកសិក្សាបានកំណត់ថាប្រជាជន Hirota ដោយសារការអនុវត្តតាមទំនៀមទំលាប់វប្បធម៌បានធ្វើឲ្យខូចទ្រង់ទ្រាយលលាដ៏ក្បាល។

កោដិដែលដាក់អដ្ឋិធាតុរបស់ជនជាតិ Hirota មានច្រើនណាស់។ វត្ថុបុរាណនេះមានដើមកំណើតមកពីតំបន់ឆ្ងាយរាប់ពាន់គីឡូម៉ែត្រនៃភាគខាងត្បូងនៃកន្លែងបញ្ចុះសាកសព ដែលបានបង្ហាញថាជាតំបន់ធ្វើជំនួញរបស់ជនជាតិ Hirota ។ អ្នកស្រាវជ្រាវបានណែនាំថា ជនជាតិ Hirota មានជំនឿថាការកែទម្រង់លលាដ៏ក្បាលធ្វើឲ្យពួកគេរកស៊ីមានបាន។

លោក Seguchi និង Loftus បានប្រាប់ CNN នៅក្នុងអ៊ីមែលថា “យើងសន្មត់ថាជនជាតិ Hirota ធ្វើការកែទម្រង់លលាដ៏ក្បាលរបស់ពួកគេ ដើម្បីរក្សាអត្តសញ្ញាណ និងមានជំនឿថាអាចជួយឲ្យពួកគេជួញដូរសំបកខ្យងប្រកបដោយជោគជ័យ ដូចមានភស្តុតាងផ្នែកបុរាណវិទ្យាបញ្ជាក់ស្រាប់” លោក Seguchi និងលោក Loftus បានប្រាប់ CNN នៅក្នុងអ៊ីមែលមួយយ៉ាងដូច្នេះ។

  • វត្ថុបុរាណជាភស្តុតាងនៃទំនៀមទំលាប់វប្បធម៌

ការកែទម្រង់លលាដ៍ក្បាលគឺជាទំនៀមទំលាប់វប្បធម៌មួយដែលត្រូវបានរកឃើញនៅក្នុងការបញ្ចុះសាកសពនៅទូទាំងអាស៊ី អឺរ៉ុប និង Mesoamerica ។ លលាដ៍ក្បាលដែលបានកែប្រែពីទីតាំងបុរាណសម័យដូចជានៅក្នុងប្រទេសអាល្លឺម៉ង់ និងក្រូអាស៊ីបានបង្ហាញសញ្ញាថាមានការខូចទ្រង់ទ្រាយដើមរបស់វា ហើយលលាដ៍ក្បាលដែលវែងគឺចេញមកពីប្រទេសចិនដែលមានអាយុកាល ១២,០០០ ឆ្នាំបានបង្ហាញថាមានការកែប្រែតាមទំនៀមទំលាប់របស់ពួកគេដូចមានកាលបរិច្ឆេទបញ្ជាក់ថានៅក្នុងយុគថ្មរំលីង។

ការអនុវត្តទំនៀមទម្លាប់នេះក៏បានរីករាលដាលនៅក្នុងចំណោមជនជាតិ Maya នៃអាម៉េរិកកណ្តាល ដែលឥឡូវនេះជាប្រទេសម៉ិកស៊ិក នៅមុនការមកដល់នៃជនជាតិអឺរ៉ុប។ លោក Seguchi និងលោក  Loftus បាននិយាយថា ការប្រែប្រួលនៃទ្រង់ទ្រាយឆ្អឹងកងរបស់ជនជាតិជនម៉ាយ៉ានត្រូវបានគេកត់ត្រាទុកដោយមានរូបចម្លាក់បំពាក់ឧបករណ៍សម្រាប់ធ្វើរូបរាងលលាដ៍ក្បាលរបស់ពួកគេ “ដូចជាក្តារបន្ទះនៅលើថ្ងាស”។ “នេះអាចជាការអនុវត្តទៅតាមទំនៀមទំលាប់វប្បធម៌ដែលធ្វើឡើងដោយម្តាយ ឬអ្នកមើលថែទារកតាំងពីនៅក្មេងចាប់ពីអាយុពីរសប្តាហ៍ ឬមួយខែ”។

អ្នកស្រាវជ្រាវផ្សេងទៀតបានប៉ាន់ស្មានអំពីលលាដ៍ក្បាលរបស់ជនជាតិ Hirota នៅក្នុងប្រទេសជប៉ុន កាលពីសម័យមុនដែលមានរាងសំប៉ែត ប៉ុន្តែគេមិនដឹងថាតើវាគ្រាន់តែជាការអនុវត្តតាមបែបវប្បធម៌ផ្សេងទៀតឬមួយយ៉ាងណានោះទេ។

សម្រាប់ការសិក្សាថ្មីនេះ អ្នកវិទ្យាសាស្ត្របានស្កែន 3D និងយកគំរូតាមលលាដ៍ក្បាលឌីជីថលរបស់ជនជាតិ Hirota ដែលពេញវ័យចំនួន ១៩ នាក់ ដើម្បីធ្វើកោសល្យវិច័យលម្អិតបន្ថែមទៀត។ ក្រុមនេះបានប្រៀបធៀបពួកវាទៅនឹងលលាដ៍ក្បាលមនុស្សពេញវ័យមកពីអំបូបុរាណរបស់ជនជាតិជប៉ុនពីរផ្សេងទៀតគឺ Jomon និង Doigahama ដែលមានការខូចទ្រង់ទ្រាយលលាដ៏ក្បាលស្រដៀងគ្នា។

លោក Seguchi និង Loftus បានពន្យល់ថា “យើងបានពិនិត្យលើភាពមិនប្រក្រតីនៃស្នាមថ្នេរលើលលាដ៏ក្បាល ដែលកើតឡើងនៅក្នុងកំឡុងពេលលូតលាស់ និងការវិវឌ្ឍន៍របស់វា ដោយប្រើប្រាស់វិធីសាស្រ្ត 3D មើលលើផ្ទៃលលាសដ៏ក្បាល” Seguchi និង Loftus បានពន្យល់យ៉ាងដូច្នេះ។

បច្ចេកទេសថ្មីនេះបានបង្ហាញយ៉ាងលម្អិតលើទម្រង់ឆ្អឹងលលាដ៏ក្បាល។

  • ចេតនានៃការកែប្រែលលាដ៍ក្បាល

នៅក្នុងប្រភេទលលាដ៍ក្បាលរបស់ជនជាតិទាំងបីនោះគឺលលាដ៍ក្បាលរបស់បុរស និងស្ត្រីមានការខូចទ្រង់ទ្រាយទាំងអស់។ ប៉ុន្តែនៅក្នុងលលាដ៍ក្បាលរបស់ជនជាតិ Hirota នៅតំបន់ occipital ផ្នែកនៃឆ្អឹង cranialខាងក្រោយមានសញ្ញាគួរឲ្យកត់សម្គាល់ដោយសាវាមានរាងសំប៉ែតជាងឆ្អឹង Jomon និង Doigahama ។ ការកំណត់ក្រិតក្រមជាក់លាក់តាមអត្តសញ្ញាណនៃលលាដ៍ក្បាលរបស់ជនជាតិ Hirota គឺមិនដូចគ្នានិងជនជាតិ Jomon និង Doigahama នោះទេ។

សភាវៈសំប៉ែតខ្លាំងនៃទ្រង់ទ្រាយលលាដ៏ក្បាលរបស់ជនជាតិ Hirota crania, បង្ហាញពីការស្រុតចូលក្នុងរបស់លលាដ៍ក្បាលវាមានការផ្លាស់ប្តូរទាំងស្រុងនៃរចនាសម្ព័ន្ធឆ្អឹងដែលស៊ីគ្នាជាមួយនឹងភស្តុតាងបង្ហាញពីការប្រែប្រួលយ៉ាងខ្លាំនៃលលាដ៍ក្បាលស្រដៀងគ្នានិងទំនាមទំលាប់វប្បធម៌អាម៉េរិក។ នេះជាសញ្ញាមួយបង្ហាញដល់អ្នកស្រាវជ្រាវថាជនជាតិ Hirota ក៏បានកែប្រែរាងលលាដ៏ក្បាលរបស់ពួកគេដោយចេតនាផងដែរ។

អ្នកនិពន្ធសង្ឃឹមថាការជីកកកាយនាពេលអនាគតនិងអាចរកឃើញការតាំងទីលំនៅដែលផ្តល់នូវភស្តុតាងបន្ថែមទៀតនៃជីវិតប្រចាំថ្ងៃរបស់ជនជាតិ Hirota ដែលជាពន្លឺបញ្ជាក់ពីការកែប្រែទ្រង់ទ្រាយលលាដ៏ក្បាលរបស់ពួកគេ។

លោក Seguchi និង Loftus បាននិយាយថា “តាមរយៈការរកឃើញទាំងនេះ យើងជឿថាយើងបានចាប់ផ្តើមស្រាយចម្ងល់ដែលជាអាថ៌កំបាំងរបស់ធម្មជាតិអំពីជនជាតិ Hirota ប្រពៃណីនិងវប្បធម៌របស់ពួកគេ និងមុខជំនួញដ៏មានសក្តានុពលរបស់ពួកគេផងដែ”។ “យើងសង្ឃឹមថាការសិក្សានេះនឹងបើកកកាយឲ្យអ្នកស្រាវជ្រាវយល់ដឹងអំពីសម័យបុរេប្រវត្តិរបស់ជប៉ុននៅក្នុងយុគសម័យផ្សេងទៀតដែលអនុញ្ញាតឲ្យយើងរកឃើញតាមរយៈការឆ្លុះបញ្ជាំងជាលក្ខណអន្តរជាតិនូវការអនុវត្តប្រពៃណីនិងវប្បធម៌ជាបាតុភូតនៃការកែប្រែទ្រង់ទ្រាយលលាដ៏ក្បាលរបស់ពួកគេ”៕

ប្រភព៖CNN