សន្ដិសុខសង្គម

នារីម្នាក់ជិះម៉ូតូធ្លាក់ជង្ហុកដួលបោកក្បាលបណ្តាលឱ្យស្លាប់នៅនឹងកន្លែង

កំពត: នារីម្នាក់បានស្លាប់បន្ទាប់ពីបើកម៉ូតូជ្រុលចង្កូតធ្លាក់ជង្ហុក រួចដួលបណ្តាលឱ្យបោកក្បាលស្លាប់ភ្លាមៗ។ ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នៅលើដងផ្លូវឆ្ពោះទៅតំបន់កោះស្មៅ ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ។

លោកវរសេនីយ៍ទោ សៅ ម៉ាលី អធិការរងស្រុកទឹកឈូបានប្រាប់ឱ្យដឹងថា នារីរងគ្រោះក្នុងហេតុការណ៍ខាងលើឈ្មោះ តែម ស្រីអូន អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។ លោកអធិការរងបានរៀបរាប់ថា កាលពីវេលាម៉ោង៦ និង៣៥នាទីព្រឹកថ្ងៃទី១៩ ខែសីហា គេឃើញនារីម្នាក់ជិះម៉ូតូម៉ាកស៊ីរុស ពណ៌ ខ្មៅលាយក្រហម ស្លាកលេខកំពត1E-5641នៅលើដងផ្លូវឆ្ពោះទៅ តំបន់កោះស្មៅ ក្នុងទិសដៅពីជើងទៅត្បូងដោយមិនមានពាក់មួកសុវត្ថិភាពទេ។ លុះមកដល់កន្លែងកើតហេតុ ម៉ូតូបានជ្រុលចង្កូតធ្លាក់ជង្ហុក រួចដួលបណ្តាលឱ្យអ្នកបើកម៉ូតូរូបនោះស្លាប់ភ្លាមៗតែម្តង។

ក្រោយធ្វើកោសលវិច័យរួចរាល់ សមត្ថកិច្ចក៏បានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕