សន្ដិសុខសង្គម

ចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកើតឡើងច្រើននៅខេត្តស្ទឹងត្រែង

ដោយ៖សុខុម
ស្ទឹងត្រែង៖សកម្មភាពចោរលួចម៉ូតូនិងទ្រព្យសម្បត្តិផ្សេងៗរបស់ប្រជាពលរដ្ឋ មានករណីខ្លះក្រុមជនល្មើស បានជិះសុទ្ធតែរថយន្តចូលលួចដល់កណ្តាលខេត្តស្ទឹងត្រែងជាច្រើនលើកតែម្តង។ ប៉ុន្តែសមត្ថកិច្ចដែល ជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋនោះហាក់បង្ក្រាបមិនសូវបានសោះ។


ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ពេលបាត់របស់ទ្រព្យហើយបើទៅដាក់ពាក្យបណ្តឹង នៅកន្លែង​សមត្ថកិច្ចហាក់ដូចជាបង្កការលំបាកយឺតយ៉ាវនិងខ្វះនេះខ្វះនោះមិនចេះចប់។ គិតសព្វៗទៅទ្រព្យត្រូវ​ចោរលួចខំរត់ទៅប្តឹងដល់កន្លែងសមត្ថកិច្ចហើយមានបុគ្គលជាសមត្ថកិច្ច មួយចំនួនមិនមានកិច្ច​សហការល្អ។


លើសពីនេះទៅទៀតនៅពេលដាក់បណ្តឹង ហើយក៏មិនសង្ឃឹមថា រកឃើញឬចាប់អ្នកលួចបានមកវិញ​នោះដែរ។ហេតុដូចនេះហើយទើបធ្វើឱ្យមានពលរដ្ឋខ្លះកំពុងព្រួយបារម្ភនិងហាក់ដូចជាមិនសូវ​មានជំនឿទៅលើសមត្ថកិច្ចក្នុងខេត្តប៉ុន្មានទេ។


ប្រជាពលរដ្ឋធ្លាប់តែបានឮថ្នាក់ដឹកនាំ បានមានប្រសាសន៍ដាក់វិធានការឱ្យថ្នាក់ក្រោមជាតិ ជាពិសេសសមត្ថកិច្ចនៅតាមរាជធានី ខេត្តនិងមូលដ្ឋានត្រូវការពារសុវត្ថិភាពសន្តិសុខ ជូនពលរដ្ឋគ្រប់ពេលវេលា។ប៉ុន្តែផ្ទុយទៅវិញ មន្រ្តីដែលស៊ីប្រាក់ខែរដ្ឋខ្លះបែរជាធ្វើឱ្យពួកគាត់រស់​ក្នុងភាពភ័យខ្លាចនិងអស់ជំនឿទៅវិញ៕