សេដ្ឋកិច្ច

ក្រសួងពាក់ព័ន្ធជំរុញបង្កើតសហគមន៍អំបិល-កំពតកែប ដើម្បីធានាដល់ការផលិតនិងគ្រប់គ្រងប្រកបដោយនិរន្តរភាព

ដោយ៖កំចាយ

កំពតៈ ក្រោមកិច្ចគាំទ្រ និងសហការពីស្ថាប័នពាក់ព័ន្ធ ក្រសួងជំនាញបានធ្វើសេចក្តីព្រាងដោយជំរុញ​ឱ្យមាន​ការបង្កើតសហគមន៍អំបិលកំពត-កែប ដើម្បីគ្រប់គ្រងផលិតផលអំបិល ក៏ដូចជាការផលិត​ឆ្លើយតបនឹងតម្រូវការ។

នេះជាការបញ្ជាក់របស់ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្មក្នុងកិច្ចប្រជុំស្តីពីគោលការណ៍បង្កើត និងគ្រប់គ្រង​សហគមន៍អំបិលកំពត-កែប កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពត។

ថ្លែងក្នុងកិច្ចប្រជុំខាងលើ លោក សុន សេងហួត រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹងលេខ១៧៤ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ស្តីពីលទ្ធភាព និងប្រសិទ្ធភាពសេដ្ឋកិច្ចនៃការផលិតអំបិលនៅកម្ពុជា ព្រមទាំងវិធានការ​គោលនយោបាយលើកទឹកចិត្ត និងជំរុញផលិតកម្មអំបិល។ មុននឹងចេញគោលការណ៍នេះ មន្ត្រីជំនាញបានសិក្សាលម្អិតពាក់ព័ន្ធក្តីលំបាក បញ្ហាប្រឈមក្នុងការផលិតអំបិលតាំងពីអាកាសធាតុ កម្លាំងពលកម្ម ការប្រែប្រួលប្រព័ន្ធអេកូឡូស៊ីនៃផលិតកម្ម ការដឹកជញ្ជូន ឃ្លាំងស្តុកអំបិលជាដើម។

តាមរយៈសេចក្តីជូនដំណឹងនេះក៏បានបង្កើតគណៈកម្មការ២ រួមមាន ១.គណៈកម្មការអន្តរក្រសួង​ស្តីពីការលើកទឹកចិត្ត និងជំរុញផលិតកម្មអំបិលដែលមានតំណាងមកពីក្រសួងហិរញ្ញវត្ថុជាប្រធាន។ ២. គណៈកម្មការគ្រប់គ្រងអភិរក្សផ្ទៃដីស្រែអំបិលដែលមានតំណាងរបស់ក្រសួងឧស្សាហកម្មជាប្រធាន។

លោករដ្ឋលេខាធិការបានបន្តថា ជាជំហានដំបូង អន្តរក្រសួងជំរុញឱ្យមានការបង្កើតសហគមន៍អំបិល​កំពត-កែបឡើងវិញ។ សហគមន៍ដែលនឹងបង្កើតនេះមាន​លក្ខណៈប្រសើរជាងមុនដោយមានស្ថាប័ន​ទទួលខុសត្រូវ ដូចជា គណៈកម្មការសម្របសម្រួលសហគមន៍ដឹកនាំដោយក្រសួងឧស្សាហកម្ម និងមានការចូលរួមពីក្រសួងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តកំពត-កែបជាដើម។

លោក សុន សេងហួត បានបញ្ជាក់ថា បំណង និងគោលដៅនៃការបង្កើតសហគមន៍គឺជំរុញការចូលរួម​របស់តួអង្គពាក់ព័ន្ធដើម្បីលើកកម្ពស់ការផលិត ការធ្វើពិពិធកម្មផលិតកម្មអំបិល ការអភិរក្ស និងការអភិវឌ្ឍដីស្រែអំបិល ព្រមទាំងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ក្រុមអ្នកផលិតជាដើម។

លោក អុឹង ឆាយ អភិបាលរងខេត្តកំពតបានបញ្ជាក់ថា ខេត្តកំពតមានផ្ទៃដីស្រែអំបិលទំហំ៣.៤៩១ហិកតា អ្នកផលិតចំនួន១៧៣ក្រុម ជាមួយកម្លាំងពលកម្ម១.៦៥០នាក់ និងមានឃ្លាំងស្តុកអំបិលចំនួន៥៦០ខ្នង។ ក្នុងឆ្នាំ២០២៣ ផ្ទៃដីដែលបានផលិតអំបិលមានតែ២.៦៥៤ហិកតា មានក្រុមផលិតចំនួន១៣៣ក្រុម៕