សន្ដិសុខសង្គម

អ្នកបើករថយន្តដឹកត្រីបុកស្រ្តីជិះម៉ូតូម្នាក់ស្លាប់ហើយរត់ប្រាសអាយូស

ដោយ៖សុខុម
ព្រៃវែង៖អ្នកបើករថយន្តដឹកត្រីបានបើកបុកស្រ្តីជិះម៉ូតូម្នាក់បណ្តាលឲ្យស្លាប់ហើយបានចុះពីលើរថយន្តរត់ប្រាសអាយូសចេញពីកន្លែងកើតហេតុ។មកដល់ពេលនេះសមត្ថកិច្ចនគរបាលខេត្តព្រៃវែងកំពុងស្រាវជ្រាវស្វែងរក​អត្តសញ្ញាណអ្នកបើករថយន្តនោះ។


ករណីនេះបានកើតឡើងនៅត្រង់ចំណុចមុខផ្ទះតាហេង លើផ្លូវជាតិលេខ ១១ ស្ថិតក្នុងភូមិព្រែកខ្សាយជើង ឃុំព្រែកខ្សាយ (ក) ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីល្ងាចថ្ងៃទី ១៧ ខែសីហាឆ្នាំ២០២៣ ។


សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខែក ស្រីមុំ ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិប្រាសាទលិច ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ។

សាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ឆ្លងថ្នល់ទិសដៅពីលិច​ទៅកើត។ភ្លាមនោះក៏ស្រាប់តែមានរថយន្តដឹកត្រីមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ.3F.8508 បើកបរទិសដៅពីត្បូងទៅជើងបុកម៉ូតូ បណ្ដាលឱ្យអ្នកបើកម៉ូតូធ្លាក់ត្រូវកង់មុខ​រថយន្ត​ផ្នែកខាងស្តាំកិនស្លាប់នៅកន្លែងកើតហេតុតែម្តង។ អ្នកបើករថយន្តឃើញដូចនោះ​ក៏បានបើកទ្វារចុះពី​រថយន្តរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ រថយន្ត និងម៉ូតូ សមត្ថកិច្ចផ្នែកជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង ៕