សន្ដិសុខសង្គម

អាជ្ញាធរមានសមត្ថកិច្ចចាប់បានក្រុមឧក្រិដ្ឋជនរំដោះអ្នកទោសបាន៦នាក់ហើយ

ដោយ៖សុខុម
ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន ក្នុងស្រុកថា ក្រុមឧក្រិដ្ឋជនដែលរំដោះអ្នកទោសជនជាតិចិនម្នាក់នៅខេត្តសៀមរាបកាលពីព្រឹក ថ្ងៃទី១៧សីហានោះ ចាប់បានចំនួន៦នាក់ហើយមកដល់ពេលនេះ។


នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ប៉ុន្តែចំពោះមេខ្លោងជាជនជាតិចិនដែលជាអ្នកទោសត្រូវតុលាការ កម្ពុជាកាត់ទោសឲ្យជាប់គុក៥២ឆ្នាំនៅមិនទាន់ចាប់បាននៅឡើយទេ។សមត្ថកិច្ចកំពុងតែបន្តសកម្មភាព ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតតាមចាប់ជាបន្ដទៀត។


ចំពោះជនសង្ស័យជាឧក្រិដ្ឋជនទាំង៦នាក់ ដែលសមត្ថកិច្ចចាប់បាននោះគឺសមត្ថកិច្ចចាប់បាន នៅតាមគោលដៅផ្សេងៗពីគ្នា។ក្នុងនោះ៤នាក់បង្ក្រាបនៅយប់ថ្ងៃទី១៧ ខែសីហា នៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញនិង២នាក់ទៀតគឺបង្ក្រាបនៅក្បែរកោះពេជ្ររាជធានីភ្នំពេញព្រឹកថ្ងៃទី១៨សីហា ២០២៣។


គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ ខែសីហា កម្លាំងពន្ធនាគារបាននាំខ្លួនអ្នកទោសជនជាតិចិនម្នាក់ឈ្មោះ ចេន ស៊ីន ហាន អាយុ៤៥ឆ្នាំ ដែលត្រូវកាត់ទោសឲ្យជាប់គុកជាង៥២ឆ្នាំហើយទើបតែជាប់បាន ១៣ឆ្នាំ រឿងគ្រឿងញៀនទៅព្យាបាលនៅគ្លីនិកធ្មេញឯកជនមួយកន្លែងឈ្មោះជុំ ចិន្តា ដែលស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។


ប៉ុន្តែនៅពេលនោះក៏មានក្រុមជនសង្ស័យជាឧក្រិដ្ឋជនប្រដាប់ដោយអាវុធបានជិះរថយន្តទំនើប សម្រុកចូលទៅភ្ជង់និងចាប់អ្នកការពារអ្នកទោសហើយបាននាំគ្នារំដោះអ្នកទោសជនជាតិចិនម្នាក់ដែលគេបញ្ជូនទៅព្យាបាលដាក់ក្នុងរថយន្តបើកចេញទៅ។


ក្រោយមកគេក៏បានប្រទះឃើញរថយន្ដដែលជិះធ្វើសកម្មភាពមករំដោះអ្នកទោសនោះ ត្រូវពួកគេយក ទៅប្លុងចោលនៅម្តុំបុរីអាខេត ដែលស្ថិតនៅក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ។
នៅពេលដែលសមត្ថកិច្ចបានចុះស្រាវជ្រាវ គឺបានរកឃើញនៅក្នុងរថយន្តនោះមានអាវុធខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀតបានបន្សល់ទុកនៅក្នុងរថយន្តនោះ។ចំណែកក្រុមឧក្រិដ្ឋជននិងអ្នកទោស​ជនជាតិចិនបានរត់គេចខ្លួន។


លុះដល់យប់ថ្ងៃទី១៧ ខែសីហានិងព្រឹកថ្ងៃ​ទី១៨ ខែសីហា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចក៏បើកការស្រាវជ្រាវ​ឈាន​ទៅចាប់ខ្លួនបាន៦នាក់និងកំពុងបនបន្តស្វែងរកចាប់ខ្លួនមេខ្លោងជាអ្នកទោសចិនជាបន្ថែមទៀត៕