ព័ត៌មានជាតិ

ក្រសួងបរិស្ថានប្រគល់ទីលានចាក់សំរាមតម្លៃជាង១លានដុល្លារឲ្យខេត្តស្វាយរៀង

ដោយៈសុខុម
ស្វាយរៀងៈ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានប្រគល់ទីលានទុកដាក់សំរាម​សំណល់រឹងតម្លៃជាង១លានដុល្លារ ដល់រដ្ឋបាលខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបានលើកឡើងថា ទីលានទុកដាក់សំរាមសំណល់រឹងថ្មី នៅក្រុងស្វាយរៀង នេះ​បានចំណាយថវិកាសាងសង់ប្រមាណជាង ១លានដុល្លារ លើផ្ទៃដីជាង៤ហិកតា ដើម្បីជាប្រយោជន៍​សម្រាប់ប្រើប្រាស់ដល់ខេត្តស្វាយរៀង។ ជាមួយនោះយើងបានប្រគល់រថយន្ត ម៉ូតូរ៉ឺម៉កសម្រាប់ដឹកសំរាមផងដែរ។


លោក សេង សីលាអភិបាលរងខេត្តស្វាយរៀង បានមានប្រសាសន៍ថា: ការបង្កើតឱ្យមានទីលានទុកដាក់សំរាម​ត្រឹមត្រូវគឺបានជួយឱ្យមានសោភ័ណភាពល្អ បរិស្ថានល្អនិងបញ្ជៀសការចោលសំរាម ពាសវាលពាសកាល​នៅតាម​ទីសាធារណៈ។ចាប់ពីពេលនេះតទៅ សូមស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវទុកដាក់សំរាម​ឲ្យបានត្រឹមត្រូវ ដើម្បីឱ្យអ្នកប្រមូលសំរាមយកទៅចាក់នៅទីលានឱ្យមានសោភ័ណភាពល្អ។


លោកបានបន្តថា ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទាមទារឱ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម ក្នុងការផ្ដល់សេវាដល់ក្រុមហ៊ុន ដើម្បីមានលទ្ធភាពក្នុងការប្រមូលសំរាមផងដែរ។ទីលាននេះក៏បានបង្កើត ឱ្យប្រជាពលរដ្ឋមានការងារធ្វើផង ព្រោះត្រូវការបុគ្គលិកប្រមូលសំរាម បញ្ចូលទៅដាក់​រណ្តៅសំរាមត្រឹមត្រូវ។សកម្មភាពនេះក៏ជួយអនាម័យបរិស្ថានក្រុងបានស្អាតល្អទៀតផង៕