សន្ដិសុខសង្គម

សមត្ថកិច្ចចុះស៊ើបអង្កេតករណីផ្ទុះហ្គាសឆេះស្លាប់ជនជាតិចិនម្នាក់

ដោយៈសុខុម
ភ្នំពេញ៖ សមត្ថកិច្ចបាននិយាយឱ្យដឹងនៅព្រឹកថ្ងៃទី១៨ខែសីហាឆ្នាំ២០២៣ថា ក្រោយពីមានករណី​ផ្ទុះហ្គាសបណ្តាលឱ្យឆេះស្លាប់ជនជាតិចិនម្នាក់នៅចំណុច ផ្ទះលេខ ១៦៣៤, ១៦៣៥ ផ្លូវណតប្រីដ ភូមិ ទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញនោះ​កម្លាំងនគរបាលបានចុះអន្តរាគមន៍​និងស៊ើបអង្កេតទៅលើហេតុការណ៍នោះភ្លាមៗ។


សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលឆេះស្លាប់ឈ្មោះGUAN PENGZHI ភេទប្រុស អាយុ៤១ឆ្នាំ ជាជនជាតិចិន កាន់លិខិត ឆ្លងដែនលេខ EA២៧០៥៥៣១៥ ទើបមកប្រទេសកម្ពុជា កាលពីថ្ងៃទី២ខែសីហា ឆ្នាំ ២០២៣ មកលេងមិត្តភក្តិនិងរកការងារធ្វើស្នាក់នៅផ្ទះកើតហេតុខាងលើ ។


សាក្សីជនជាតិចិនដូចគ្នាបាន​ប្រាប់សមត្ថកិច្ចថា នៅពេលព្រឹកថ្ងៃទី១៨សីហា ជនរងគ្រោះមានការចម្អិនអាហារ​ខណៈនោះក៏ស្រាប់តែផ្ទុះចង្រ្កានហ្គាសបណ្តាលឱ្យឆេះស្រោចខ្លួន។ភ្លាមនោះមិត្តភក្តិ បានព្យាយាមជួយ​ប៉ុន្តែមិនអាចសង្រ្គោះអាយុជីវិត គឺបានត្រឹមពន្លត់ភ្លើងមិនឱ្យឆេះរាលដាលដល់ផ្ទះជាប់គ្នា។


សមត្ថកិច្ចនគរបាលការិយាល័យបង្ការពន្លត់អគិគីភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ជនជាតិចិនរូបនោះ ត្រូវភ្លើងឆេះស្លាប់នៅនឹងចង្ក្រានបាយ បន្ទាប់ពី រូបគាត់បើកហ្គាស​ចម្អិនអាហារពេលព្រឹក ហើយហ្គាសបានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ ។


ជនរងគ្រោះទំនងជាមិនចេះ​ប្រើប្រាស់ហ្គាសនោះទេ នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកហ្គាស​ធុងចំណុះ៥គីឡូក្រាមចំនួន៣ធុងចោលរួចក៏បានបើកចង្ក្រានហ្គាសកំប៉ុងតូចហើយភ្លើងក៏បានឆាបផ្ទុះឆេះលាន់កក្រើកបណ្តាលអោយកញ្ចក់ទ្វារមុខបែកធ្លាក់រាយប៉ាយ ហើយជនជាតិចិនរូបនោះឆេះស្លាប់នៅកន្លែងតែម្តង។


សមត្ថកិច្ចបានឱ្យដឹងទៀតថារថយន្តពន្លត់អគ្គិភ័យ ១គ្រឿងក៏បានទៅអន្តរាគមន៍ ។នគរបាលមូលដ្ឋាន​ព្រមទាំងនគរបាលការិយាល័យ បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ និងនគរបាលការិយាល័យ បច្ចេកទេសនិងវិទ្យាសាស្រ្តក៏បានចុះទៅត្រួតពិនិត្យសព ។នៅកន្លែងកើតហេតុចង្ក្រានបាយ រកឃើញ ធុងហ្គាសចំនួន១៣ធុង ក្នុងនោះមានធុងចំណុះ៥គីឡូក្រាមចំនួន១០ធុង និង១៥គីឡូក្រាម៣ធុង ត្រូវបានសមត្ថកិច្ចយកចេញមកក្រៅ ។បន្ទាប់ពីធ្វើការត្រួតពិនិត្យ កន្លែងកើតហេតុ និងឆែកឆេរកាមេរាសុវតិ្ថភាព សមត្ថកិច្ចអោយដឹងថា ជនជាតិចិនរូបនោះពិតជាស្លាប់ដោយសារតែផ្ទុះហ្គាសពិតប្រាកដមែន៕