ព័ត៌មានជាតិ

មេឃរាំងស្ងួតជាប់ៗគ្នាប៉ះពាល់ដំណាំស្រូវជាង៣ម៉ឺនហិកតាក្នុងស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ

ដោយ៖សុខុម

បាត់ដំបង÷ មេឃរាំងស្ងួតជាប់ៗគ្នាចុងក្រោយនេះបណ្តាលឲ្យដំណាំស្រូវ និងដំណាំផ្សេងទៀតក្នុងស្រុក​មោងឫស្សី និងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ខ្វះខាតទឹកភ្លៀងស្រោចស្រពប៉ះពាល់ជាង៣ម៉ឺនហិកតា។

មន្ត្រីជំនាញបានបញ្ជាក់កាលពីថ្មីៗនេះថា÷ ស្ថានភាពមេឃរាំងស្ងួតជិតមួយខែចុងក្រោយនេះ​នៅក្នុងភូមិសាស្ត្រស្រុកចំនួនពីរ របស់ខេត្តបាត់ដំបង រួមមានស្រុកមោងឫស្សី មិនស្រុកគាស់ក្រឡ បានបង្កផលប៉ះពាល់ដល់ដំណាំស្រូវ ដំណាំសាកវប្បកម្ម ក៏ដូចជាដំណាំឧស្សាហកម្ម នាំឲ្យកសិករ​មានការព្រួយបារម្ភជាខ្លាំង ខណ:ពេលដែលតំបន់ខាងលើនេះសូម្បីតែប្រភពទឹកធំៗ​ដែលរំពឹងអាចទាញយកទឹកមកស្រោចស្រពបណ្តោះអាសន្នក៏រីងហួតស្ងួតគ្មានទឹកផ្ទុកផងដែរ។

ក្នុងចំណោមស្រុកចំនួនពីរដែលរងផលប៉ះពាល់ខ្លាំងគឺស្រុកមោងឬស្សី ជាតំបន់ជង្រុកស្រូវដ៏ធំ​របស់ខេត្តបាត់ដំបង។ ចំពោះមុខស្រុកមោងឬស្សី ប្រជាកសិករបានបង្កបង្កើនផលស្រូវវស្សាមានប្រភេទ​ស្រូវស្រាល ស្រូវកណ្តាល ស្រូវធ្ងន់ និងស្រូវឡើងទឹកសរុបចំនួន ៦១.៩៩៣ហិកតាក្នុងនោះបានប៉ះពាល់​មិនមានទឹកស្រូវស្រោចស្រពចំនួន ៣១.២០០ហិកតា។ ដោយឡែកចំពោះស្រុកគាស់ក្រឡ ប្រជាកសិករអនុវត្តការដាំដុះដំណាំស្រូវវស្សាបានចំនួន១៤.០៩៧ហិកតា បានប៉ះពាល់សរុបចំនួន ៣.២០២ហិកតាជាប្រភេទពូជស្រូវកណ្តាល និងពូជស្រូវស្រាល។

មន្ត្រីជំនាញខាងលើបានបញ្ជាក់ដែរថា÷ តាមរយៈកិច្ចសហការរវាងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានអន្តរាគមន៍បើកទឹកពីប្រព័ន្ធធានាសាស្រ្តកង្ហត នាំយកទឹកទៅស្រោចស្រពបានទៅដល់​តែតំបន់​មួយចំនួនប៉ុណ្ណោះ រួមមានឃុំព្រៃតូច និងឃុំកកោះ ស្រុកមោងឫស្សី និងឃុំធិបតីស្រុកគាស់ក្រឡ រីឯតំបន់មួយចំនួនទៀតដូចជាភូមិសាស្ត្រឃុំតាលាស់ ឃុំជ្រៃ ឃុំព្រៃស្វាយ ឃុំឫស្សីក្រាំង និងឃុំរបស់មង្គល ពិបាកក្នុងការនាំទឹកយកទៅសង្គ្រោះមានតែពឹងផ្អែកតែលើទឹកភ្លៀងសម្រាប់ស្តារឡើងវិញតែមួយមុខប៉ុណ្ណោះ៕