សេដ្ឋកិច្ច

មន្ទីរកសិកម្មខេត្តព្រះសីហនុចុះផ្តល់បច្ចេកទេសចែកថ្នាំសម្លាប់សត្វមមាចត្នោតដល់កសិករ

ដោយ៖រតនា

នៅរសៀលថ្ងៃទី១៨ សីហា ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចុះ អត្តរាគមន៍ ផ្តល់បច្ចេកទេស និងចែកជូនថ្នាំសម្លាប់សត្វមមាចត្នោត និងជំងឺអុចត្នោត ជូនដល់ប្រជាកសិករក្នុងឃុំចំនួន២ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ  មានឃុំ វាលរេញ និងឃុំជើងគោ ។

ការចុះផ្តល់ជូននេះមានការអញ្ជើញចូលរួមពី លោកគង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ និងមានការចូលរួមពីមូលដ្ឋានភូមិ ឃុំ និងប្រជាពលរដ្ឋជាច្រើននាក់ ។

លោកនេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ បានណែនាំបងប្អូនប្រជាកសិករ ពីរបៀបប្រើប្រាស់ថ្នាំនេះទៅតាមលក្ខណបច្ចេកទេស ដែលមន្ត្រីជំនាញបានប្រាប់ និងមួយទៀតស្នើដល់បងប្អួនសូមជួយផ្តល់ព័ត៌មានអំពីបញ្ហាស្រូវរបស់បងប្អូនជួបបញ្ហាប៉ះពាល់ផ្សេងៗដើម្បីមានវិធានការដោះស្រាយ។

សូមបញ្ចាក់ថា ស្រូវស្រែរបស់ប្រជាពលរដ្ឋសរុបចំនួនជាង ២០០ ហិកតា ក្នុងឃុំវាលរេញ និងឃុំជើងគោត្រូវបានរងផលប៉ះពាល់ដោយសត្វមមាចត្នោត និងអុចត្នោត តែមិនទាន់ឈានដល់ដំណាក់កាលធ្ងន់ធ្ងរនោះទេ ៕