សន្ដិសុខសង្គម

នៅមិនទាន់ចាប់បានឧក្រិដ្ឋជនដែលចូលទៅរំដោះអ្នកទោសជនជាតិចិនដូចក្នុងរឿងកុននៅឡើយទេ

ដោយ៖សុខុម
ភ្នំពេញ៖គិតត្រឹមព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ អាជ្ញាធរមានសមត្ថកិច្ចគឺនៅមិនទាន់បានរកឃើញ បក្ខពូកក្រុមឧក្រិដ្ឋជនដែលបានជិះឡានប្រើអាវុធចូលទៅរំដោះយកអ្នកទោសជនជាតិចិនម្នាក់ពីខេត្តសៀមរាបនៅល្ងាចថ្ងៃទី១៧ ខែសីហានោះនៅឡើយទេ។


សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៧ ខែសីហា កម្លាំងពន្ធនាគារបាននាំអ្នកទោសជនជាតិចិនម្នាក់ឈ្មោះ ចេន ស៊ីន ហាន អាយុ៤៥ឆ្នាំ ដែលត្រូវកាត់ទោសឲ្យជាប់គុកជាង៥២ឆ្នាំហើយទើបតែជាប់បាន១៣ឆ្នាំ​រឿងគ្រឿងញៀន​ទៅព្យាបាលនៅគ្លីនិកធ្មេញឯកជនមួយកន្លែងឈ្មោះជុំ ចិន្តា ដែលស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។


ប៉ុន្តែទំនងជារឿងនេះខាងមន្រ្តីពន្ធនាគារធ្វើឡើង​ដោយសារការធ្វេសប្រហែស ក៏មានក្រុមជនសង្ស័យជា​ឧក្រិដ្ឋជនប្រដាប់ដោយអាវុធបានជិះរថយន្តទំនើបសម្រុកចូលទៅភ្ជង់និងចាប់អ្នកការពារ ហើយបានធ្វើ​សកម្មភាពរំដោះអ្នកទោសជនជាតិចិនដែលគេបញ្ជូនទៅព្យាបាលធ្មេញមានឈុតឆាកដូចក្នុងភាពយន្តយកដាក់ក្នុងរថយន្តបើកចេញទៅបានសម្រេច។


ក្រោយពីចាកចេញបានតែប៉ុន្មានម៉ោងប៉ុណ្ណោះគេក៏បានប្រទះឃើញរថយន្ដដែលជិះធ្វើសកម្មភាពមករំដោះអ្នកទោសនោះ ត្រូវពួកគេយកទៅប្លុងចោលនៅម្តុំបុរីអាខេត ដែលស្ថិតនៅក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ។


នៅពេលដែលសមត្ថកិច្ចបានចុះស្រាវជ្រាវ គឺបានរកឃើញនៅក្នុងរថយន្តនោះមានអាវុធខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀតបានបន្សល់ទុកនៅក្នុងរថយន្តនោះ។ចំណែកក្រុមឧក្រិដ្ឋជនដែលធ្វើសកម្មភាព​រួមទាំងអ្នកទោសគ្រឿងញៀនជនជាតិចិនដែលពួកគេចូលមករំដោះនោះបានព្យាយាមរត់គេចខ្លួនបាត់​ស្រមោល។


បើទោះជាយ៉ាងណាក៏ដោយចុះ​ នៅពេលនេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាស្ទើរតែគ្រប់ផ្នែកដែលពាក់ព័ន្ធ​គឺកំពុងតែប្រតិបត្តិការស្វែងរកចាប់ខ្លួនក្រុមឧក្រិដ្ឋជនដែលថ្លើមធំហ៊ានប្រើអាវុធចូលរំដោះយកអ្នកទោសទាំង​កណ្តាលថ្ងៃបែបនេះដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់៕