សន្ដិសុខសង្គម

ត្រីក្រពតវាយប្រហារកសិករម្នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

ដោយ៖ព្រះអង្គខ្មៅ
បាត់ដំបង៖ ត្រីក្រពតទឹកសាបមួយក្បាលបានខាំជើងកសិករម្នាក់បណ្តាលឲ្យហូរឈាមរងរបួសជាទម្ងន់ ត្រូវគេ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅពេលដែលកសិកររូបនោះបានចុះទៅក្នុងទឹកស្ទឹងដើម្បីបូមទឹក។


សមត្ថកិច្ចបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ មានកសិករម្នាក់ឈ្មោះសួន ចំរើន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង បានចុះទៅក្នុងស្ទឹងក្រញូង ស្ថិតក្នុងទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង ដើម្បីរៀបចំដាក់សម្ភារបូមទឹក។


សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅពេលដែលចុះទៅដល់ក្នុងទឹកស្ទឹងបានបន្តិចក៏ស្រាប់តែមានសត្វអ្វីម្យ៉ាង ខាំជើងរបស់គាត់ម្ខាងបណ្តាលឲ្យហូរឈាមយ៉ាងខ្លាំងក្រោយមកត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរ​ពេទ្យ។

ដំបូងៗគេបានដាក់ការសង្ស័យថាជាប្រភេទត្រីពីរ៉ាញ៉ាខាំស៊ីសាច់ តែក្រោយមកទើបដឹងថាសត្វដែលខាំនោះ​គឺជា​ត្រីក្រពត។

មន្ត្រីរដ្ឋបាលស្រុកសំឡូតបានបញ្ជាក់ថា ជើងរបស់ជនរងគ្រោះរបួសដោយសារត្រីខាំ​វាមិនមែនជាត្រីពីរ៉ាញ៉ា​ខាំស៊ីនោះទេ។ ដោយសារមុនដំបូងត្រីក្រពតវាបានចូលទៅក្នុងស្បែងជើងកវែង​រួចខាំជើងត្រូវចំសរសៃឈាម​បណ្តាលឲ្យហូរឈាមយ៉ាងខ្លាំងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់យ៉ាងដូចនេះ។

អាជ្ញាធរស្រុក​ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ករណីត្រីក្រពតខាំដូចគ្នានេះវាតែងតែបានកើតមានឡើង​ជារើយៗស្ទើររៀងរាល់ឆ្នាំនៅពេលដែលប្រជាពលរដ្ឋបានចុះទៅក្នុងទឹកស្ទឹងនោះ៕