ព័ត៌មានជាតិ

កំពុងពង្រឹងរចនាសម្ពន្ធខឿនទប់ស្កាត់ការហូរច្រោះពីខាងក្នុងគ្រឹះនៃរួតទី៣ប្រាសាទបាយ័ន

ដោយ៖ ឆាយ ផាន់នី
ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរាបានកត់សម្គាល់ឃើញថា មានទីតាំងមួយចំនួននៅជុំវិញខឿនរួតទី៣ របស់ ប្រាសាទបាយ័នឃើញមានល្បាយដីខ្សាច់ហូរច្រោះចេញតាមចន្លោះជញ្ជាំងក្រោយពេលមានភ្លៀង ដែលវាអាចនឹងបង្កជាហានិភ័យដល់ប្រាសាទបុរាណមួយនេះបាន។ ក្រុមស្ថាបត្យករ និងវិស្វកររកំពុងតែធ្វើការសិក្សា និងស្វែងរកវិធីសាស្រ្តដើម្បីទប់ស្កាត់ការហូរច្រោះនៃល្បាយដីខ្សាច់ ព្រមទាំងធ្វើការពង្រឹងរចនាសម្ពន្ធខឿនដែលមានហានិភ័យនោះឡើងវិញ។

                                                                 (រូបភាព៖ យី សុថា/ ភោគ ជា)

ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនរួតទី៣របស់ប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន មានប្រសាសន៍ថា កាលពីចុងឆ្នាំ២០២១ ក្រុមការងារធ្លាប់បានសម្អាតកំណកដីនៅតាមប្រព័ន្ធបង្ហូរទឹក ជុំវិញរួតទី៣ប្រាសាទបាយ័នម្តងរួចហើយ ប៉ុន្តែមួយឆ្នាំក្រោយមក យើងនៅឃើញមានល្បាយដីខ្សាច់នៅតែបន្ត ហូរច្រោះចេញមកតាមជញ្ជាំងខឿនរួតទី៣នៃប្រាសាទបាយ័នដដែល ដែលវាជាមូលហេតុចម្បងនាំឱ្យ មានការពង្រឹងខឿនជ្រុងនិរតីនៃរួតទី៣នេះឡើងវិញ។

                                                                     (រូបភាព៖ យី សុថា/ ភោគ ជា)

កញ្ញា ម៉េង សុវណ្ណលីលីន បន្តទៀតថា ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានសិក្សាស្រាវជ្រាវ ដើម្បីរកឱ្យឃើញថា មូលហេតុអ្វីដែលបណ្ដាលឱ្យដីខ្សាច់ហូរច្រោះបែបនេះ? ក្នុងនោះមានមូលហេតុសំខាន់ៗ មួយចំនួនដូចជា ទី១.បញ្ហាឫសឈើកាលពីអតីតកាលបានដុះចាក់ចូលទៅក្នុងរចនាសម្ពន្ធ​ធ្វើឱ្យថ្មមួយចំនួនរំកិលចេញពីទីតាំងដើម និងបង្កើតបានជាប្រហោងនៅតាមចន្លោះថ្ម។ ទី២.បញ្ហាទឹក​ហូរច្រោះចូលទៅតាមប្រហោងថ្មដែលអាចនាំល្បាយដីខ្សាច់ចេញមកក្រៅបាន ទី៣.បាយអស៊ីម៉ងត៍​ដែលបានបំពេញនៅតាមចន្លោះថ្មកម្រាលដោយអ្នកអភិរក្សជនជាតិបារាំងដល់បច្ចុប្បន្នអស់គុណភាពដែលធ្វើឱ្យបរិមាណទឹកភ្លៀងហូរចូលទៅខាងក្នុងខឿនច្រើនលើសកម្រឹត និងទី៤.ដីគ្រឹះខាងក្នុងជាប្រភេទដីខ្សាច់សុទ្ធ​និងមានគ្រាប់រាងធំ កាលណាខ្សាច់មានគ្រាប់ធំពុំមានគ្រាប់ទំហំតូច គឺវាមិនសូវមានភាពស្អិតល្អទេ​ពេលមានភ្លៀងម្តងៗទឹកងាយនឹងហូរនាំល្បាយដីខ្សាច់ចេញទៅតាមប្រហោងថ្ម។

កិច្ចការនេះ បានចាប់ផ្ដើមតាំងពីចុងឆ្នាំ២០២២មក ដោយធ្វើការរើថ្មដែលក្រៀកចេញរួចរៀបចូលទីតាំងវិញ និងការយកសំណាកដីផ្នែកខាងក្នុងខឿនទៅធ្វើការវិភាគដើម្បីឱ្យដឹងថា តើស្រទាប់ដីជម្រៅណា​មានសភាពខ្សោយដែលត្រូវពង្រឹងឡើងវិញ?។


ជាច្រើនខែមកនេះ ក្រុមអ្នកជំនាញបានរើថ្មបង្កាន់ដៃនាគ ថ្មកម្រាល និងជញ្ជាំងខឿនមួយផ្នែកដែលក្រៀកចេញ ដើម្បីពិនិត្យមើលស្ថានភាពជញ្ជាំងថ្មបាយក្រៀមដោយរើ និងរៀបថ្មភក់ ថ្មបាយក្រៀមដែលមួយផ្នែកឡើងវិញ រួចបិទបាយអនៅតាមចន្លោះថ្មដើម្បីការពារដីខាងក្នុងកុំឱ្យហូរចេញទៀត។

មកដល់បច្ចុប្បន្នជាផែនការបន្តក្រុមអ្នកជំនាញកំពុងត្រៀមធ្វើការបុកបង្ហាប់ដីខាងក្នុងឡើងវិញ រួចរៀបថ្មដែលបានរើចូលទីតាំងទៅតាមរចនាសម្ពន្ធវិញ និងការងារបិទបាយអនៅតាមចន្លោះថ្មកម្រាល​ដើម្បីកាត់បន្ថយបរិមាណទឹកភ្លៀងហូរចូលទៅក្នុងគ្រឹះ៕

                                                              (រូបភាព៖ យី សុថា/ ភោគ ជា)