សន្ដិសុខសង្គម

ឃាត់ខ្លួនបានពីរនាក់ក្រោយឆក់កាបូបលុយមន្ត្រីសាលាខេត្តកំពង់ស្ពឺ

ដោយ៖សុខុម

កំពង់ស្ពឺ:សមត្ថកិច្ចតាមឃាត់ខ្លួនបានជនសង្ស័យ២នាក់ក្រោយពីធ្វើសកម្មភាពឆក់កាបូបលុយមន្រ្តីសាលាខេត្តកំពង់ស្ពឺបានសម្រេចនៅតាមបណ្តោយផ្លូវលេខ១៤៤០ ភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន កាលពីរសៀលថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៣។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលពាក្យបណ្តឹងពីឈ្មោះ ឈិត ស៊ីណេត ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិ រលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ បានប្តឹងចោទប្រកាន់ទៅ​លើក្រុមជនសង្ស័យ​មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពឆក់យកកាបូបយួររបស់ជនរងគ្រោះដែលទុកនៅម៉ូតូខាងមុខ ។ជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ឆ្នាំ ២០០៨ ចេញពីធ្វើការនៅសាលាខេត្តកំពង់ស្ពឺ មកផ្ទះ ស្រាប់តែមកដល់កន្លែងកើតហេតុ ក៏មានក្រុមជនសង្ស័យពីរនាក់ប្រុសមិនចាំភិនភាគបានធ្វើ​សកម្មភាព​ឆក់យកកាបូបយួររបស់ជនរងគ្រោះជិះចេញទៅទិសខាងជើងបាត់ស្រមោល។

ស្រ្តីមន្រ្តីសាលាខេត្តបាននិយាយបន្តទៀតថា នៅក្នុងកាបូបមានទូរសព្ទចំនួន៣គ្រឿងម៉ាក oppo ចំនួនពីរគ្រឿង iPhone ស៊េរីចាស់ ០១គ្រឿង លុយចំនួន  ៥លានរៀល កាតATM ០២សន្លឹក អត្តសញ្ញាណប័ណ្ណ​ពលរដ្ឋខ្មែរចំនួន០១សន្លឹក កាតសម្គាល់មន្ត្រីរាជការមួយសន្លឹក ស្លាកឈ្មោះ ចំនួន០២ ប័ណ្ឌបសស០១ សន្លឹក។

ក្រោយទទួលបានព័ត៌មាន ជំនាញយុត្តិធម៌ក្រុងច្បារមន សហការជាមួយ ជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ជំនាញសេនាធិការ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលរការធំ បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាឈានដល់​ឃាត់ខ្លួនជនសង្ស័យឈ្មោះឌុច វីណា ភេទប្រុស អាយុ២១ ឆ្នាំ​រស់នៅភូមិបឹងទន្លាប់ ឃុំវល្លិស ស្រុកសំរោងទង យកមកសាកសួរ និងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះអ៊ុ សីហា ភេទប្រុស អាយុ២០ ឆ្នាំរស់នៅភូមិ​បឹងទន្លាប់ ឃុំវល្លិ៍ស ស្រុកសំរោងទង ដកហូតបានម៉ូតូចំនួន១ គ្រឿងម៉ាក HONDA សេ១២៥ ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 1X-9648,ទូរសព្ទចំនួនដៃចំនួន៦ គ្រឿង,កាតធនាគារអេសុីលីដា ០១សន្លឹក,កាតធនាគារកាណាឌីយ៉ា០១ សន្លឹក,កាតធនាគារវីង ០៣សន្លឹក,អត្តសញ្ញាណប័ណ្ណ០១ សន្លឹក,ប័ណ្ណចាក់វ៉ាក់សាំង០១ សន្លឹក,ប័ណ្ណបសស ០១សន្លឹក,ប័ណ្ឌសំគាល់ការបង់ពន្ធ ០១សន្លឹក,​ប័ណ្ណគណនីធនាគារ កាណាឌីយ៉ា ០១សន្លឹក,ប័ណ្ណគណនី ០១សន្លឹក,ប័ណ្ណសំគាល់ខ្លួនមន្រ្តីរាជការមួយសន្លឹក។

ជនសង្ស័យរងការចោទថាគឺជាចោរឆក់ត្រូវសមត្ថកិច្ចខេត្តកំពង់ស្ពឺកំពុងបន្តនិតិវិធីកសាងសំណុំរឿងបញ្ជូនទៅ​តុលាការ៕