អន្តរជាតិ

ប៉ូឡូញប្រារព្ធពិធីព្យុហយាត្រាយោធាដ៏ធំជាការបង្ហាញសាច់ដុំចំពេលដែលមានភាពតានតឹងកើនឡើងនៅតាមព្រំដែន

ប្រែសម្រួល៖សហការី

នៅថ្ងៃអង្គារប្រទេសប៉ូឡូញបានធ្វើព្យុហយាត្រាយោធាដ៏ធំបំផុតមួយក្នុងរយៈពេលជាច្រើនទស្សវត្សរ៍កន្លងមកដែលជាការបង្ហាញសាច់ដុំនៅចំពេលដែលមានភាពតានតឹងកើនឡើងនៅតាមព្រំដែនរជាមួយនិងប្រទេសបេឡារុស្ស។

ក្រសួងការពារជាតិប៉ូឡូញបាននិយាយថា ការប្រារព្ធទិវាកងទ័ពនៅថ្ងៃអង្គារនេះត្រូវបានគេកត់សម្គាល់ឃើញថាមានការដាក់តាំងបង្ហាញនូវឧបករណ៍យោធាផលិតក្នុងស្រុក និងនាំចូលពីបរទេសចំនួន ២០០ គ្រឿង យន្តហោះចំនួន ៩២ គ្រឿង និងកងសេវាកម្មចំនួន ២,០០០ នាក់។

ក្បួនដង្ហែរនូវឧបករណ៍យោធាបច្ចេកវិទ្យាចុងក្រោយបង្អស់មួយចំនួនដែលប៉ូឡូញមាននៅក្នុងឃ្លាំងអាវុធរបស់ខ្លួនដូចជារថក្រោះ M1A1 Abrams ផលិតដោយសហរដ្ឋអាម៉េរិក រថក្រោះ K2 របស់កូរ៉េខាងត្បូង និងកាំភ្លើងយន្តស្វ័យប្រវត្ត K9 ឧបករណ៍បាញ់គ្រាប់រ៉ុក្កែត HIMARS ឧបករណ៍បាញ់បង្ហោះដោយខ្លួនឯង Krab ក៏ដូចជាមីស៊ីល Patriot ដែលផលិតដោយសហរដ្ឋអាម៉េរិកនិងប្រព័ន្ធកាំជ្រួចមីស៊ីល ការពារដែនអាកាស “WISŁA” ។

ប៉ូឡូញបានក្លាយជាមហាអំណាចយោធាឈានមុខគេមួយរបស់អឺរ៉ុបនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីបានចំណាយប្រាក់អស់រាប់ពាន់លានដុល្លារនាំចូលឧបករណ៍យោធាជំនាន់ថ្មី បន្ទាប់ពីព្រឹត្តការណ៍បញ្ចូលឧបទ្វីបគ្រីមារបស់អ៊ុយក្រែននៅ ក្នុងឆ្នាំ ២០១៤ ។ ឥទ្ធិពលការទូតរបស់វ៉ាសូវីក៏បានរីកចម្រើនផងដែរបន្ទាប់ពីដើរតួនាទីជាឧបករណ៍ក្នុងការគាំទ្រអ៊ុយក្រែនវាយទប់ទល់នឹងរុស្សីចាប់តាំងពីមានការឈ្លានពានរបស់ទីក្រុងម៉ូស្គូមកលើអ៊ុយក្រែន។

កាលពីសប្តាហ៍មុន ប្រទេសប៉ូឡូញបានប្រកាសពីការដាក់ពង្រាយកងទ័ពបន្ថែមរាប់ពាន់នាក់ទៅកាន់ព្រំដែនភាគខាងកើតរបស់ខ្លួន ខណៈដែលមានការព្រួយបារម្ភអំពីវត្តមានរបស់កងកម្លាំងស៊ីឈ្នួលរបស់រុស្ស៊ី ក្រុម Wagner នៅក្នុងប្រទេសបេឡារុស្ស។

ប្រទេសប៉ូឡូញមានព្រំប្រទល់ជាប់គ្នាជាងពាក់កណ្តាលនៃរដ្ឋ Kaliningrad របស់រុស្ស៊ី។ តាម​រយៈ​ការ​រៀបចំបង្ហាញសាច់ដុំ​​កាលពី​ថ្ងៃ​អង្គារ វ៉ាសូវី​កំពុង​ផ្ញើ​សារ​ទៅកាន់​រុស្ស៊ី​និង​បេឡារុស្សថា​ត្រូវ​តែ​ចង​ចាំ​។ វាជាសមក្មភាពមួយសម្រាប់ជាសារបញ្ជូនដល់ពួកគេដែលជារដ្ឋជាសត្រូវរបស់ប៉ូឡូញឲ្យមើលឃើញច្បាស់ថា ក្បួនព្យុហយាត្រាយោធានេះជាការបង្ហាញកម្លាំងរបស់ប៉ូឡូញ។ លោក Edward Arnold អ្នកស្រាវជ្រាវនៅក្រុមសន្តិសុខអង់គ្លេស RUSI បានប្រាប់ CNN យ៉ាងដូច្នេះ។

នៅក្នុងពេលជាមួយគ្នានេះការបោះឆ្នោតធំៗនៅក្នុងប្រទេសប៉ូឡូញនៅសល់តែពីរខែទៀតប៉ុណ្ណោះ។លោក Arnold បាននិយាយថា ក្រៅពីការបង្ហាញសមត្ថភាពរបស់ខ្លួនឲ្យរុស្ស៊ីមើលឃើញ។ រដ្ឋាភិបាលប៉ូឡូញក៏បានធានាដល់ប្រជាជនរបស់ខ្លួនអំពីការប្តេជ្ញាចិត្តរក្សាសន្តិសុខជាតិរបស់ខ្លួន។

គណបក្សយុត្តិធម៌ស្តាំនិយមដែលកំពុងគ្រប់គ្រងអំណាចសង្ឃឹមថានឹងទទួលបានជ័យជំនះនៅក្នុងអាណត្តិទី ៣ ជាប់ៗគ្នា ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសប៉ូឡូញក្រោយរបបកុម្មុយនិស្តដួលរលំទៅ។ ប៉ុន្តែរហូតមកដល់ពេលនេះក៏មានការតស៊ូដ៏ស្វិតស្វាញដើម្បីឈានមុខគេលើក្រុមវេទិកា Civic Platform ។

សាស្ត្រាចារ្យ និងជាប្រធានផ្នែកនយោបាយនៅសាកលវិទ្យាល័យ Sussex ក្នុងប្រទេសអង់គ្លេសលោក Aleks Szczerbiak បានប្រាប់ថា៖ “ បញ្ហាសន្តិសុខពិតជាមានសារសំខាន់ រួមជាមួយនឹងសេដ្ឋកិច្ច និងកម្រិតជីវភាពប្រជាជនរបស់ខ្លួនចាប់តាំងពីមានសង្រ្គាមកើតឡើងនៅតាមព្រំដែននៃប្រទេសប៉ូឡូញ” ។ លោក​បាន​បន្ត​ថា​៖ “​ការ​បង្ហាញ​ពី​សមត្ថភាព​ផ្នែក​សន្តិសុខ​ជាតិគឺ​ពិតជា​មានសារសំខាន់​សម្រាប់ទាញយកប្រជាប្រិយភាពក្នុង​ការ​បោះឆ្នោតជ្រើសរើសយក រដ្ឋាភិបាលនេះ​ឡើងវិញ​​” ដែលជា​ការកាត់​បន្ថយ​នូវវិសាលភាព​នយោបាយ។

“គ្មាននរណាម្នាក់មិនគិតថាសន្តិសុខជាតិមិនមែនជាបញ្ហាសំខាន់នោះទេដែលយើងគួរតែពង្រឹងវិស័យយោធា”។ គណបក្សប្រឆាំងនិយាយថា រដ្ឋាភិបាលកំពុងធ្វើព្យុហយាត្រាយោធាដើម្បីកេងចំណេញនយោបាយសម្រាប់ការបោះឆ្នោតមួយ ប៉ុន្តែការជំរុញវិស័យយោធាគឺមិនសំខាន់សម្រាប់ការបោះឆ្នោតនោះទេ”។

យោងតាមលោក Jamie Shea អតីតមន្ត្រីអង្គការណាតូ សាស្ត្រាចារ្យផ្នែកយុទ្ធសាស្ត្រ និងសន្តិសុខនៅសាកលវិទ្យាល័យ Exeter ក្នុងប្រទេសអង់គ្លេស តួនាទីរបស់ប៉ូឡូញនៅក្នុងអង្គការ NATO បានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងទសវត្សរ៍កន្លងមកនេះ បើយោងតាមលោក Jamie Shea អតីតមន្ត្រីអង្គការណាតូ សាស្ត្រាចារ្យផ្នែកយុទ្ធសាស្ត្រ និងសន្តិសុខនៅសាកលវិទ្យាល័យ Exeter ក្នុងប្រទេសអង់គ្លេស និងជាសហការីនៅ Chatham House ។

“ប្រសិនបើអ្នកក្រឡេកមើល NATO កាលពី ១០ ឆ្នាំមុន មុនពេលដែលលោក Putin បញ្ចូលឧបទ្វីប Crimea និង ចាប់ផ្តើមធ្វើការលុកលុយមកលើ អ៊ុយក្រែន ការផ្តោតសំខាន់របស់ NATO គឺភាគច្រើននៅមជ្ឈិមបូព៌ា អាហ្វហ្គានីស្ថានបេសកកម្មដែលប៉ូឡូញចូលរួមគឺនៅក្នុងកម្រិតតូចមួយប៉ុណ្ណោះ” គាត់បានប្រាប់ CNN យ៉ាងដូច្នេះ ។ “ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១៤ មក ដោយសាការវិលត្រឡប់អង្គការណាតូបានទៅផ្តោតលើអឺរ៉ុបកណ្តាល និងខាងកើតប្រទេសប៉ូឡូញមានសារសំខាន់នៅក្នុងសម្ព័ន្ធភាពកាន់តែខ្លាំងឡើង។

លោក Arnold បាននិយាយថា ការផ្លាស់ប្តូរអំណាចក្នុងចំណោមសមាជិកអឺរ៉ុបរបស់ NATO គួរឱ្យកត់សម្គាល់។ លោក​បាន​បន្ត​ថា​៖ “ ការ​ដឹកនាំមួយដែល​មាន​តែ​ចក្រភព​អង់គ្លេស អាល្លឺម៉ង់ បារាំង ហើយ​បន្ទាប់​មក​រួម​ជាមួយ​អាម៉េរិក ក្រុម Quad ​ដែលពួកគេបាន​សម្រេច​ចិត្តបង្កើតឡើង​​បាន​ក្លាយ​ជា​គោលនយោបាយ​របស់​អង្គការ​ណាតូតែមួយ”។

ដោយសារចក្រភពអង់គ្លេសចេញពីសហភាពអឺរ៉ុប ហើយអាល្លឺម៉ង់នៅក្នុងភាពស្ទាក់ស្ទើរក្នុងការទទួលយកតួនាទីជាអ្នកដឹកនាំលើសង្រ្គាមអ៊ុយក្រែន ប៉ូឡូញបានឆក់យកឱកាសនេះសម្រាប់ខ្លួន។

“ពួកគេមាន ទំនាក់ទំនងល្អជាមួយក្រុមប្រទេសបាល់ទិក មានសំលេងខ្លាំងលើបញ្ហាការពារជាតិ និងសន្តិសុខ ហើយរុស្ស៊ីតែងតែជាការគម្រាមកំហែងដ៏ធំមួយសម្រាប់ពួកគេដូច្នេះប្រសិនបើអ្នកកំពុងគិតអំពីរឿងនេះតាមទស្សនៈរបស់ក្រុងវ៉ាស៊ីនតោន នោះវ៉ាសូវីហាក់ដូចជាលង់ខ្លួនទៅក្នុងការភ្នាល់សង្គ្រាមមួយ” លោក Arnold បានបន្ថែម។

ការគាំទ្ររបស់លោកខាងលិចចំពោះប្រទេសអ៊ុយក្រែន

ប្រទេសប៉ូឡូញបានបង្កើនសកម្មភាពយោធារបស់ខ្លួនយ៉ាងខ្លាំងដោយមានបន្ថែមចំនួនទឹកប្រាក់ដែលខ្លួនចំណាយលើវិស័យការពារជាតិនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មិនតិចជាង ២% នៃ GDP របស់ខ្លួននៅក្នុងឆ្នាំ ២០១៤ រហូតដល់ទៅ ៤% នៅក្នុងឆ្នាំនេះ នេះបើយោងតាមស្ថិតិផ្លូវការរបស់ណាតូ។ បានធ្វើឱ្យការចំណាយកាន់តែធំឡើងៗទាក់ទងនឹង GDP គឺខ្ពស់ជាងនៅសហរដ្ឋអាម៉េរិក។ សំខាន់ជាងនេះទៀតគឺ ៥០% នៃការវិនិយោគរបស់ប្រទេសប៉ូឡូញគឺសម្រាប់ផលិតឧបករណ៍យោធាថ្មីៗ និងការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យយោធាទាំងអស់។

Shea បាននិយាយថា “ប្រសិនបើពួកគេបន្តដើរលើផែនការលទ្ធកម្មផ្សេងៗគ្នាទាំងអស់នេះ ពួកគេនឹងក្លាយទៅជាមហាអំណាចយោធាអឺរ៉ុបរបស់សហភាពអឺរ៉ុប និងណាតូ” ។ “តាមការគណនាទាំងនេះប្រសិនបើពួកគេទិញរថក្រោះទាំងអស់ពីសហរដ្ឋអាម៉េរិកដូចជាប្រភេទ Abrams និងរថក្រោះដែលពួកគេបានបញ្ជាទិញពីកូរ៉េខាងត្បូង បូករួមទាំងការធ្វើទំនើបកម្មអ្វីដែលពួកគេមាននៅពេលនេះ ពួកគេនឹងមានរថក្រោះច្រើនជាងប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និងអង់គ្លេសរួមបញ្ចូលគ្នា។

ប៉ូឡូញ​បាន​ក្លាយ​ជា​សម្ព័ន្ធមិត្តដ៏​សំខាន់​សម្រាប់​អ៊ុយក្រែន ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ងាយ​រងគ្រោះដោយសារសង្គ្រាម។ គ្រឿងបរិក្ខារយោធារបស់លោកខាងលិចភាគច្រើន និងការផ្គត់ផ្គង់ផ្សេងទៀតទៅដល់ដៃអ៊ុយក្រែនតាមរយៈប៉ូឡូញ ហើយប្រទេសនេះកំពុងទទួលជនភៀសខ្លួនអ៊ុយក្រែនជាង ១.៦ លាននាក់ នេះបើយោងតាមអង្គការសហប្រជាជាតិ។

Shea បាន​និយាយ​ថា​៖ “ ​ការ​ប្រឹងប្រែង​របស់​លោកខាងលិច​​ដើម្បី​គាំទ្រ​អ៊ុយក្រែន​និង​រក្សា​ឧត្តមភាព​ប្រយុទ្ធ​គឺវាសំខាន់ណាស់​អាស្រ័យ​លើ​ប៉ូឡូញទាំងអស់​” ។ “ការហ្វឹកហ្វឺនទាហានអ៊ុយក្រែនភាគច្រើនកំពុងធ្វើឡើងនៅលើទឹកដីប៉ូឡូញ ហើយប៉ូឡូញក៏បាននិងកំពុងបង្កើតទីតាំងជួសជុលឧបករណ៍យោធាមួយចំនួនផងដែរ ដូចជារថក្រោះ Leopard អាចជួសជុល និងបញ្ជូនត្រឡប់មកវិញ ហើយទាហានអ៊ុយក្រែនជាច្រើននាក់ដែលរងរបួសត្រូវបានព្យាបាលនៅក្នុង មន្ទីរពេទ្យក្នុងប្រទេសប៉ូឡូញ” ។

ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ផ្តល់​អាទិភាព​ដល់​អ្នក​បោះឆ្នោត​របស់​ខ្លួន។ ក៏ប៉ុន្តែ“បក្សនិកុលកម្ម និងយុត្តិធម៌ស្តាំនិយមបានបង្ហាញឥរិយាបទរបស់ខ្លួនធ្វើឲ្យប្រជាជនអ៊ុយក្រែនខកចិត្តយ៉ាងខ្លាំងដោយហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិ និងផលិតផលអាហារផ្សេងពីអ៊ុយក្រែន។

Shea បានសង្កត់ធ្ងន់ទៅលើការសម្រេចចិត្តរបស់ទីក្រុង Warsaw នៅក្នុងការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិ និងផលិតផលអាហារផ្សេងទៀតពីអ៊ុយក្រែនដែលធ្វើឲ្យទំនិញចុះថោក។ ឥឡូវនេះ វ៉ាសូវី កំពុងព្យាយាមបន្តការហាមឃាត់នេះ។

ខណៈពេលដែលមានការរង្គោះរង្គើជាមួយសហភាពអឺរ៉ុបលើបញ្ហានីតិរដ្ឋ និងការធ្វើចំណាកស្រុករបស់ប្រជាជនអ៊ុយក្រែននៅមិនទាន់បាត់ផងនោះ វ៉ាសូវីកំពុងបញ្ជូនសញ្ញាទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួនថាពួកគេត្រូវការអំណាចយោធាដ៏រឹងមាំមួយ។

“ទំនាក់ទំនងរបស់រដ្ឋាភិបាលបច្ចុប្បន្នជាមួយសហភាពអឺរ៉ុបគឺមានភាពប្រេះស្រាំខ្លាំងណាស់ ជាពិសេសលើបញ្ហានីតិរដ្ឋ និងកិច្ចការក្នុងស្រុក និងបញ្ហាផ្សេងៗទៀតផងដែរ។ ប៉ុន្តែ ប៉ូឡូញ]ខិតខំព្យាយាមកាត់បន្ថយភាពរង្គោះរង្គើទាំងនោះជាពិសេសEU ដែលពួកគេមានតួនាទីដ៏ធំធេងចំពោះកាជួយថែរក្សាសន្តិសុខជាតិ ” Arnold បាននិយាយយ៉ាងដូច្នេះ។

ភាពតានតឹងជាមួយបេឡារុស្ស

ព្រឹត្តិការណ៍ថ្មីៗនៅក្នុងប្រទេសបេឡារុស្សបានបង្ហាញថាហានិភ័យដែលប៉ូឡូញកំពុងប្រឈមគឺមិនមែនជាការសន្មត់ទុកជាមុនទាំងអស់នោះទេ។

កាលពីខែវិច្ឆិកា មនុស្សពីរនាក់ត្រូវបានសម្លាប់នៅភាគខាងកើតប្រទេសប៉ូឡូញ ក្នុងចម្ងាយប្រហែល ៤ម៉ាយល៍ស្មើនិង ៦.៤ គីឡូម៉ែត្រ ភាគខាងលិចនៃព្រំដែនអ៊ុយក្រែន ដោយសាមីស៊ីលរបស់អ៊ុយក្រែនប្រឆាំងនឹងការបាញ់ចូលរបស់រុស្ស៊ី។ មន្ត្រីអ៊ុយក្រែន និងប៉ូឡូញបានពណ៌នាអំពីឧបទ្ទវហេតុនេះថាជាឧបទ្ទវហេតុ ហើយបានធ្វើការស្តីបន្ទោសលើរុស្ស៊ីចំពោះការស្លាប់នេះ។

ប្រទេសរុស្ស៊ីបានប្រើប្រាស់ប្រទេសបេឡារុសជាទីតាំងចាប់ផ្តើមលុកលុយប្រទេសអ៊ុយក្រែននៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ថ្មីៗនេះ អ្នកប្រយុទ្ធស៊ីឈ្នួលរាប់ពាន់នាក់របស់ក្រុម Wagner ត្រូវបានគេដាក់ពង្រាយនៅជាប់នឹងព្រំដែនបេឡារុសនិងប៉ូឡូញកាលពីខែមុនដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីបញ្ចប់ការបះបោរប្រដាប់អាវុធរបស់ក្រុមប្រឆាំងជាមួយនឹងវិមានក្រឹមឡាំង។

ប្រធានាធិបតីបេឡារុស្ស Alexander Lukashenko បានស្នើឲ្យក្រុមនេះជួយបណ្តុះបណ្តាលកងយោធារបស់គាត់ ហើយកាលពីដើមខែនេះ កងកម្លាំងទាំងពីរបានធ្វើសមយុទ្ធហ្វឹកហាត់រួមគ្នានៅជិតព្រំដែនប៉ូឡូញ។ ហើយក្រុង វ៉ាសូវីបានចោទប្រកាន់ថាមានឧទ្ធម្ភាគចក្របេឡារុស្សពីរគ្រឿងបានហោះបំពានដែនអាកាសរបស់ប៉ូឡូញ។

ក្នុងប្រតិកម្មតបទៅនឹងឧបទ្ទវហេតុនេះ រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ Mariusz Blaszczak បានប្រាប់វិទ្យុសាធារណៈថា ទាហាន ១០,០០០ នាក់នឹងត្រូវបញ្ជូនទៅកាន់ព្រំដែនដែលក្នុងនោះ ៤,០០០ នាក់នឹងគាំទ្រដោយផ្ទាល់ដល់ឆ្មាំព្រំដែន ហើយ ៦,០០០ នាក់ទៀតនឹងដាក់ត្រៀមបំរុង។

បេឡារុស្ស​បាន​បំពាក់​អាវុធដល់កងទ័ព​នៅតាម​ព្រំដែន​កាលពីឆ្នាំ២០២១ Lukashenko ហើយត្រូវបានគេចោទប្រកាន់ថាបានបង្កើតជំលោះនៅទីនោះដោយមានការបញ្ជូនជនចំណាកស្រុកពីមជ្ឈិមបូព៌ាទៅកាន់ទីក្រុង Minsk ហើយបន្ទាប់មកបញ្ជូនពួកគេទៅកាន់ព្រំដែនសហភាពអឺរ៉ុបដែលជាការសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់អឺរ៉ុបមកលើរបបគាត់៕

ប្រភព៖ CNN