សន្ដិសុខសង្គម

ដើមអាកាស្យារាប់ពាន់ម៉ែត្រគុបត្រូវបានគេដឹកជញ្ជូនចេញពីតំបន់ការពារក្បាលឆាយ

ដោយ៖រតនា
ព្រះសីហនុ៖សំឡេងរណារយន្ត បានបន្លឺឡើងយ៉ាងកងរំពងរួមជាមួយរថយន្តកំពុងធ្វើសកម្មភាពយ៉ាង​គគ្រឹកគគ្រេង នៅក្នុងតំបន់ការពារច្រើនយ៉ាងក្បាលឆាយ ចំណុចលើឆ្នេរព្រែកក្នុងភូមិ 4ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។


ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដែលបានឃើញពីសកម្មភាពនៅក្នុងដែនសមត្ថកិច្ចការពាររបស់ក្រសួងបរិស្ថាន ក្រុមអ្នកសារព័ត៌មានមួយក្រុមបានចុះទៅដល់ទីតាំង ហើយបានផ្ដិតយករូបភាពឃើញថាពិតជាមានសកម្មភាព​កាត់ដើមអាកាស្យាក្នុងដែនការពារព្រៃឈើរបស់មន្ទីរនិងក្រសួងបរិស្ថានពិតមែន។ដោយមានទាំង​រណារយន្តរាប់សិបគ្រឿងនិងរថយន្តជាច្រើនគ្រឿងបានសម្រុកដឹកចេញទៅលក់នៅលើទីផ្សារដោយសេរី។ឈើខ្លះបានអារជាក្តារបន្ទះជាបង្កង់ ជាផ្លាន និងខ្លះទៀតកាត់ជាកង់ៗដោយមានខ្នាតត្រឹមត្រូវ​ហើយដឹកជញ្ជូនចេញ។


ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មាន យុវជនឈ្មោះដែន​ដែលអះអាងថាជាមេការគ្រប់គ្រង​ការកាប់ដើមអាកាស្យានេះបានឆ្លើយយ៉ាងខ្លីថា ពួកគេគឺជាអ្នកម៉ៅការកាប់ដើមអាកាស្យាតែប៉ុណ្ណោះ ពីព្រោះការកាប់នេះគឺមានការអនុញ្ញាតត្រឹមត្រូវពីស្ថាប័នពាក់ព័ន្ធ តាំងពីថ្នាក់ខេត្តដល់ថ្នាក់ក្រសួងបរិស្ថាន។ រីឯចំពោះឈើដែលអាររួចហើយដឹកចេញទៅខាងក្រៅនោះរឿងលក់ឬមិនលក់ឬយកទៅទីណាលោកពុំមាន​សិទ្ធិចាត់ចែងនិងបានដឹងពីរឿងនោះទេ។


ជុំវិញករណីនេះ លោកសាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុបានឆ្លើយថា ចំពោះការនិយាយ​តៗគ្នា​រឿងកាត់ដើមអាកាស្យានេះលោកក៏ធ្លាប់បានឮខ្លះៗដែរ។ ប៉ុន្តែពេលនេះដើម្បីឆ្លើយតបនិងបញ្ឈប់ការ​ភាន់ច្រឡំ ថាខាងមន្ទីរបរិស្ថានបើកដៃឲ្យឈ្មួញកាប់អនាធិបតេយ្យក្នុងដែនការពារនេះ លោកសូមបញ្ជាក់ថា​ទីតាំងដីនេះត្រូវបានរាជរដ្ឋាភិបាលកាត់ចេញពីតំបន់ការពារច្រើនយ៉ាងក្បាលឆាយចំនួនជាង27ហិកតា ដើម្បីឈូសឆាយធ្វើជាសំណង់តម្លៃទាបសម្រាប់លក់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រដែលពុំមានលំនៅឋានពិតប្រាកដ ។ដូចនេះ ដើម្បីស្ថាបនាកសាងសំណង់និងរៀបចំបើកការដ្ឋាន ក្រុមហ៊ុនទទួលការងារសាងសង់ បានចាប់ផ្ដើមកាប់និងឈូសឆាយដើមអាកាស្យានេះចេញ បើពុំដូចនោះទេ យើងពុំអាចសាងសង់បាន​នោះឡើយ។ ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ បញ្ឈប់ការយល់ច្រឡំតទៅទៀតទៅ​ព្រោះអ្វីៗបើពុំមាន​ការអនុញ្ញាតទៅតាមផ្លូវច្បាប់នោះទេក្រុមហ៊ុនដែលទទួលសិទ្ធិម៉ៅការកសាងសំណង់ ពិតជាពុំហ៊ានធ្វើអ្វី​ផ្ដេសផ្ដាសនោះឡើយ ព្រោះការកាប់បំផ្លាញព្រៃឈើគឺជាអំពើល្មើសច្បាប់។


ប៉ុន្តែបើទោះបីជាមាន​ការ​បំភ្លឺយ៉ាងក្បោះក្បាយពីលោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានយ៉ាងណាក្តី ក៏មានប្រភពព័ត៌មានមួយចំនួនចេញពីមន្ត្រីរាជការមូលដ្ឋានក្បែរៗនោះបានខ្សឹបខ្សៀវតៗគ្នាថា អ្វីៗនៅទីនោះ​ពិតជាមានច្បាប់ មានការអនុញ្ញាតពីរាជរដ្ឋាភិបាលនិងក្រសួងសាម៉ី ពិតមែន តែជុំវិញរឿងនេះវាហាក់បីដូចជា​ពុំមានភាពប្រក្រតីនោះទេ។ ព្រោះលិខិតអនុញ្ញាតឬសេចក្តីសម្រេចរបស់រដ្ឋាភិបាល​និងក្រសួងសាមី​គឺធ្វើអនុប្រយោគត្រឹមតែជាង 27 ហិកតាតែប៉ុណ្ណោះ។ ប៉ុន្តែបើយោងតាមគម្រោងនៃការកាប់ដើមអាកាស្យា គឺអាចឈានទៅដល់៤០ ឬ ៥០ ហិកតាឯណោះ ព្រោះបើយោងតាមប្រភពក្រៅផ្លូវការពីរនាក់នៅក្បែរៗ អ្នកទទួលទិញ ដើមអាកាស្យានោះបានលួចបង្ហើបថា ពួកគេបានទទួលសិទ្ធិកាប់ដើមអាកាស្យាក្នុងទំហំដ៏ច្រើន លើសពី 50 ហិកតា។ ហេតុនេះមានតែរង់ចាំមើលទាំងអស់គ្នា ថាតើមន្ទីរ ក្រសួងសាមី និងស្ថាប័នពាក់ព័ន្ធ មានចំណាត់ការបែបណានៅចំពោះមុខនេះ? ផ្ទុយទៅវិញគេខ្លាចតែមានមន្រ្តីខិលខូចមួយចំនួនឆ្លៀត​ឱកាសគប់គិតប្រព្រឹត្តអំពើពុករលួយស្វែងរកប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងរឿងនេះទេ៕