អន្តរជាតិ

ជុំវិញបញ្ហាកោះតៃវ៉ាន់ រដ្ឋមន្ត្រីការពារជាតិចិនបានព្រមានសហរដ្ឋអាម៉េរិកថា”កុំលេងជាមួយភ្លើង”

ប្រែសម្រួល៖សហការី

នៅក្នុងសេចក្តីថ្លែងសុន្ទរកថាក្នុងសន្និសីទស្តីពីបញ្ហាសន្តិសុខសាកលនៅក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ លោក Li Shangfu រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសចិនបានព្រមានខ្លាំងៗថា “សហរដ្ឋអាម៉េរិកកុំលេងជាមួយភ្លើងចំពោះបញ្ហាកោះតៃវ៉ាន់” ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua ដកស្រង់ដោយអ្នកយកព័ត៌មាន CNN បានឲ្យដឹងថា លោក Li បាននិយាយនៅក្នុងសន្និសីទស្តីពីសន្តិសុខសាកល ក្នុងទីក្រុងមូស្គូស្តីពីបញ្ហាសន្តិសុខសាកល ថា “ការប៉ុនប៉ងប្រើប្រាស់កោះតៃវ៉ាន់ជាចំណុចស្នូលដើម្បីទប់ស្កាត់ឥទ្ធិពលប្រទេសចិន នឹង មិនប្រាកដថាទទួលបានជោគជ័យនោះទេ” ។

សេចក្តីថ្លែងការណ៍របស់លោក Li គឺជានិមិត្តរូបនៃការគាំទ្ររបស់មន្ត្រីចិនដើម្បីលើកទឹកចិត្តទីក្រុងម៉ូស្គូឲ្យបន្តការលុកលុយជាបន្តបន្ទាប់មកលើប្រទេសអ៊ុយក្រែន។

បក្សកុម្មុយនិស្តចិនដែលកំពុងកាន់អំណាចបានទាមទារគ្រប់គ្រងកោះប្រជាធិបតេយ្យដែលគ្រប់គ្រងអំណាចដោយខ្លួនឯងហើយបានប្តេជ្ញាថានឹងប្រើប្រាស់កម្លាំងប្រសិនបើចាំបាច់។ ប្រទេសចិនក៏បានរិះគន់ម្តងហើយម្តងទៀតនូវសកម្មភាពអន្តរកម្មរបស់អាម៉េរិកជាមួយកោះប្រជាធិបតេយ្យមួយនេះ ដែលទីក្រុងវ៉ាស៊ីនតោនមិនមានទំនាក់ទំនងការទូតជាផ្លូវការតែមានការលក់អាវុធរបស់ខ្លួនទៅឲ្យរដ្ឋាភិបាលរបស់ទីក្រុងតៃប៉ិ។

លោក Li ដែលសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មនៅក្នុងឆ្នាំ ២០១៨ ដោយសាមានការទិញសព្វាវុធពីរុស្ស៊ីបានចូលរួមក្នុងសន្និសីទស្តីពីសន្តិសុខសាកលនៅទីក្រុងម៉ូស្គូដែលគាត់បានចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចរយៈពេល ៦ ថ្ងៃនៅប្រទេសរុស្ស៊ីនិងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនគឺប្រទេសបេឡារុស្ស។

មន្ត្រីការពារជាតិជាន់ខ្ពស់មកពីបណ្តាប្រទេសជាង ២០ “ដែលជារដ្ឋសម្ព័ន្ធមិត្ត” រួមទាំងបេឡារុស្ស អ៊ីរ៉ង់ និងមីយ៉ាន់ម៉ា ក៏នឹងចូលរួមក្នុងវេទិកានេះផងដែរ សារព័ត៌មានរដ្ឋរុស្ស៊ីបានរាយការណ៍ដោយយោងតាមសម្តីរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ទីក្រុងម៉ូស្គូ ដែលជាអ្នករៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះឡើង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា គ្មានប្រទេសលោកខាងលិចណាមួយដែលត្រូវបានអញ្ជើញនោះទេ។

​នេះ​ជា​លើក​ទី​ពីរនៃដំណើរ​ទស្សនកិច្ច​របស់​លោក Li ទៅកាន់ប្រទេស​រុស្ស៊ី ចាប់​តាំងពីគាត់​ទទួលបាន​តួនាទី​ជា​ប្រមុខ​ការពារ​ជាតិ​កាល​ពី​ដើម​ឆ្នាំ​នេះ។ វាកើតឡើងនៅចំពេលដែលទីក្រុងប៉េកាំងបានបន្តពង្រឹងទំនាក់ទំនងផ្នែកសន្តិសុខរបស់ខ្លួនជាមួយទីក្រុងមូស្គូ បើទោះបីជារុស្សីកំពុងជាប់ដៃក្នុងការវាយលុកដោយឥតឈប់ឈររបស់ខ្លួនទៅលើអ៊ុយក្រែនក៏ដោយ។

នៅក្នុងសារដែលបានកត់ត្រាទុកលោកប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់សហរដ្ឋអាម៉េរិកថាបានបន្ថែម “ប្រេងលើភ្លើង” ដែលអាចបង្កជាជម្លោះសាកល រួមទាំងសកម្មភាពគាំទ្ររបស់អាម៉េរិកដល់អ៊ុយក្រែនផងដែរ។

ប្រទេសចិនបានប្រើវោហាសាស្ត្រស្រដៀងគ្នានេះនៅក្នុងការធ្វើអត្ថាធិប្បាយជាផ្លូវការរបស់ខ្លួនអំពីជម្លោះនេះទោះបីជាខ្លួនបានអះអាងថារក្សាគោលជំហរអព្យាក្រឹត និងជាអ្នកគាំទ្រសន្តិភាពក៏ដោយ។

កាលពីថ្ងៃអង្គារ លោក Li ក៏បានប្រាប់អ្នកចូលរួមថាកងយោធារបស់ប្រទេសចិន គឺជា “កងកម្លាំងដ៏រឹងមាំក្នុងការរក្សាសន្តិភាពពិភពលោក” ហើយបានសង្កត់ធ្ងន់ថា មេដឹកនាំចិន លោក Xi Jinping មានគោលបំណងរក្សាស្ថិរភាពសន្តិសុខពិភពលោកនៅក្នុង “កាលទេសដ៏វឹកវរ”។

លោក Li បានបន្ថែមថា “យើងមានឆន្ទៈធ្វើការជាមួយកងយោធារបស់ប្រទេសផ្សេងៗទៀត ដើម្បីលើកកម្ពស់ការជឿទុកចិត្តគ្នាទៅវិញទៅមកលើយុទ្ធសាស្រ្តសន្តិសុខយោធា និងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យឯកទេសផ្សេងៗ” នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានចិន ​​ស៊ីនហួរ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី Sputnik ក៏បានដកស្រង់សម្តីលោក Li ដែរថា ទំនាក់ទំនងយោធារវាងចិន និងរុស្ស៊ីមិនកំណត់គោលដៅភាគីទីបីណាមួយនោះឡើយ នេះជាចំណុចសំខាន់ដែលមន្ត្រីចិនធ្លាប់បានបញ្ជាក់នាពេលកន្លងមក។ នៅក្នុងរបាយការណ៍ Xinhua មិនមានបញ្ចូលសេចក្តីថ្លែងការណ៍បែបនេះនោះទេ។

លោក Li បានជួបជាមួយសមភាគីរុស្ស៊ីលោក Sergei Shoigu ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ យោធារវាងប្រទេសទាំងពីរ។ ចិន និងរុស្ស៊ីតែងតែធ្វើសមយុទ្ធរួមគ្នា រួមទាំងការល្បាតរួមគ្នារបស់កងទ័ពជើងទឹកនៅឆ្នេរសមុទ្រអាឡាស្កាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ប្រមុខការពារជាតិចិនក៏បានជួបប្រជុំទ្វេភាគីជាមួយអ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត កាហ្សាក់ស្ថាន វៀតណាម និងនាយកដ្ឋានការពារប្រទេស និងមេដឹកនាំយោធានៅក្រៅសន្និសីទផងដែរ។

ការធ្វើអត្ថាធិប្បាយរបស់លោក Li ទាក់ទងនិងកោះតៃវ៉ាន់គឺជាប្រតិកម្មរបស់ទីក្រុងប៉េកាំង ខណៈដែលអនុប្រធានាធិបតីតៃវ៉ាន់ លោក William Lai បាននាំមុខគេក្នុងការប្រជែងតំណែងប្រធានាធិបតីនាពេលខាងមុខរបស់កោះនេះ ដែលគាត់បានធ្វើផែនការឈប់សម្រាកនៅសហរដ្ឋអាម៉េរិកក្នុងអំឡុងពេលធ្វើដំដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសប៉ារ៉ាហ្គាយ។

អនុប្រធានាធិបតីតៃវ៉ាន់ លោក William Lai (កណ្តាល) ចូលរួមពិធីជប់លៀងអាហារថ្ងៃត្រង់នៅទីក្រុងញូវយ៉កកាលពីថ្ងៃទី 13 ខែសីហា

ក្រសួងការបរទេសចិនបានថ្កោលទោសការឈប់សម្រាកកាលពីថ្ងៃអាទិត្យរបស់លោក Lai ដោយហៅលោក Lai ថាជា “អ្នកបង្កបញ្ហា” ។

សហរដ្ឋអាម៉េរិករក្សាទំនាក់ទំនងមិនផ្លូវការជាមួយទីក្រុងតៃប៉ិ បន្ទាប់ពីបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយទីក្រុងប៉េកាំងនៅក្នុងឆ្នាំ ១៩៧៩ ប៉ុន្តែបានតាក់តែងច្បាប់ដើម្បីផ្តល់ជាមធ្យោបាយដើម្បីការពារកោះប្រជាធិបតេយ្យមួយនេះ។

នៅក្នុង​ពេល​ថ្លែង​សុន្ទរកថា​នៅ​ទីក្រុង​ញូវយ៉ក លោក Lai បាន​ប្រកាស​ថា តៃវ៉ាន់​នឹង “ មិនរា​ថយ​​ឡើយ” ចំពោះ​ការ​គំរាម​កំហែង​ពីសំណាក់​ប្រទេស​ចិនកុម្មុយនិស្ត។

លោកបានមានប្រសាសន៍ថា “មិនថាការគំរាមកំហែងរបស់របបកុម្មុយនិស្តចិនបង្កគ្រោះថ្នាក់ធំធេងដល់តៃវ៉ាន់យ៉ាងណាក៏ដោយក៏យើងនៅតែមិនភ័យខ្លាចនោះទេ យើងនឹងរក្សាតម្លៃនៃលទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់យើងឲ្យខាងតែបាន”។

នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិនបានបង្កើនការគំរាមកំហែងផ្នែកយោធារបស់ខ្លួនមកលើកោះប្រជាធិបតេយ្យមួយនេះបន្ទាប់ពីមានកិច្ចប្រជុំរវាងមេដឹកនាំតៃវ៉ាន់ និងសមាជិកសភាអាម៉េរិក។

ការលុកលុយរបស់ពូទីនទៅលើអ៊ុយក្រែនក៏បានទាក់ទាញការយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះតៃវ៉ាន់ថាជាចំណុចស្នូលដ៏សំខាន់នៃសន្តិសុខនៅក្នុងតំបន់អាស៊ី។

បើទោះបីជាមានភាពខុសប្លែកគ្នាយ៉ាងទូលំទូលាយជាមួយនឹងស្ថានភាពភូមិសាស្ត្រនយោបាយរបស់រុស្ស៊ី និងអ៊ុយក្រែនក៏ដោយ ក៏សញ្ញានៃការប៉ុនប៉ងឈ្លានពានហាក់ដូចជាឡើងកំដៅជាងមុនហើយចក្ខុវិស័យនៃការបង្រួបបង្រួមជាតិបានបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំងដែលជាចេតនារបស់បក្សកុម្មុយនិស្តចិនមកលើកោះតៃវ៉ាន់។

ក្រុមអ្នកវិភាគមួយចំនួនបានលើកឡើងថា ប្រទេសចិនកំពុងតាមដានមើលប្រតិកម្មរបស់ប្រទេសលោកខាងលិចចំពោះការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនដើម្បីស្វែងយល់ពីការឆ្លើយតបដែលអាចកើតមានចំពោះការផ្លាស់ប្តូរដែលប្រកបដោយសក្តានុពលនាពេលអនាគតក្នុងការលុកលុយកោះតៃវ៉ាន់៕

រាយការណ៏ដោយ អ្នកយកពត៍មានរបស់ CNN Mengchen Zhang, Katharina Krebs និង Duarte Mendonça