ព័ត៌មានជាតិ

ល្អាងបុរាណសំខាន់ៗជាប្រវត្តិសាស្ត្រក្នុងខេត្តបាត់ដំបងគឺនៅតែទាក់ទាញភ្ញៀវទេសចរ

ដោយ៖ព្រះអង្គខ្មៅ
បាត់ដំបង៖ល្អាងសំខាន់ៗជាប្រវត្តិសាស្រ្តនៅក្នុងទឹកដីខេត្តបាត់ដំបងដូចជាល្អាងតេជោដំឌិន ល្អាងបិទមាស និងល្អាងកង្កែបជាដើម រហូតមកទល់នឹងពេលនេះគឺនៅតែទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ទស្សនាកម្សាន្ត និងសិក្សាពីប្រវត្តិសាស្ត្រខ្មែរជាប់ជាហូរហែ។


លោក សុភក្ត្រ ជាអាជីវកររស់នៅក្នុងក្រុងបាត់ដំបងបានឲ្យដឹងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះថា នៅថ្ងៃនេះលោក ក៏ដូចជាអាជីវករដទៃទៀតប្រមាណជា៣០នាក់បានមូលមតិគ្នានាំយកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ និងមានបច្ច័យមួយចំនួនទៀតផងដែរទៅប្រគេនដល់ព្រះសង្ឃ​ដែលគង់ក្នុងវត្តជីហង្ស រួមទាំងវត្តល្អាងព្រះបាទ ឬវត្តល្អាងកង្កែប ដើម្បីផ្សារភ្ជាប់និស្ស័យផ្នែក​ព្រះពុទ្ធសាសនា​ឧទ្ទិសផលបុណ្យទាំងឡាយនេះទៅដល់ដូនតាបុព្វបុរសខ្មែរតាមប្រពៃណីទំនៀម​ទម្លាប់ដែលរក្សាមកជាយូរលង់ហើយ។


លោកអាចារ្យមួយរូបដែលគង់នៅក្នុងវត្តល្អាងព្រះបាទបានឲ្យដឹងដែរថា វត្តល្អាងព្រះបាទ ស្ថិតនៅក្នុងឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្ននៅតែបន្តមានពុទ្ធបរិស័ទ និងភ្ញៀវទេសចរចូលមកធ្វើបុណ្យ និងទស្សនាកម្សាន្តជាបន្តបន្ទាប់ឥតដាច់ ដោយពេលខ្លះមានពុទ្ធបរិស័ទពី៤ ទៅ១០ឡាន ហើយមានភ្ញៀវចន្លោះពី៣០ ទៅ៥០នាក់ក្នុងមួយថ្ងៃៗ។ ពុទ្ធសាសនិកជនខ្លះមកពីបណ្តាខេត្តដូចជា៖ ខេត្តបាត់ដំបង ទីក្រុងភ្នំពេញ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ និងមកពីខេត្តសៀមរាបនិងខេត្តមួយចំនួនទៀត។


ព្រឹទ្ធាចារ្យខាងលើបានបញ្ជាក់បន្តថា ពុទ្ធបរិស័ទ និងភ្ញៀវទេសចរដែលធ្វើដំណើរមកដល់តែងតែ​នាំទេយ្យទាន បច្ច័យនានាមកប្រគេនដល់ព្រះសង្ឃ រួចបន្តឡើងទៅលំហែកាយលើភ្នំ និងចូលក្នុងល្អាងកង្កែបក្នុងបំណងទស្សនា បួងសួងសុំសេចក្តីសុខ ក៏ដូចជាបួងសួងប្រាថ្នាសុំកូនប្រុស ឬកូនស្រី និងសុំឲ្យជោគជ័យលើការងារមុខរបរហើយមានអ្នកខ្លះតែងបានសម្រេចដូចបំណងប្រាថ្នា។

ក្នុងចំណោមល្អាងដែលមានភាពទាញខាងលើនេះដោយសារមានទីតាំងនៅក្បែរគ្នាភ្ញៀវទេសចរក៏បាន​ឆៀងចូលទស្សនា នូវល្អាងតេជោដំឌិន រួមទាំងល្អាងបិទមាសផងដែរដែលស្ថិតក្នុងភ្នំបាណន់ ក្នុងស្រុកបាណន់ ដើម្បីទស្សនាកម្សាន្ត សិក្សាស្វែងយល់ឲ្យស្គាល់កាន់តែច្បាស់បន្ថែមទៀតពី​ប្រវត្តិសាស្ត្ររបស់ខ្មែររាប់ពាន់ឆ្នាំ៕