សន្ដិសុខសង្គម

ល្បែងជល់មាន់តាមអនឡាញនៅតាមហាងកាហ្វេរាប់រយកន្លែងកំពុងធ្វើឲ្យកក្រើកខេត្តកំពង់ចាម

ដោយ៖រតនា

ភ្នំពេញ៖ មានសេចក្តីរាយការណ៍ថា សព្វថ្ងៃនេះមានល្បែងជល់មាន់តាមអនឡាញតាមកញ្ចក់ ទូរទស្សន៍ក្នុងហាងកាហ្វេតូចធំប្រមាណជាង៤០០កន្លែងកំពុងតែអង្រួនឲ្យកក្រើកទឹកដីខេត្តកំពង់ចាម។

ប៉ុន្តែសកម្មភាពបើកឲ្យមានបនល្បែងដោយខុសច្បាប់ដែលគេអាចមើលទៅឃើញសកម្មភាពយ៉ាងគគ្រឹកគ្រេងនោះគឺមានការគប់គិតត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់។ ដូច្នេះហើយល្បែងស៊ីសង ដែលកំពុងបង្កឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរទាំងនោះមិនមានការបង្ក្រាបឡើយ។

សេចក្តីរាយការណ៍បានឱ្យដឹងថា សកម្មភាពបើកល្បែងស៊ីសងអនាធិបតេយ្យប្រឆាំងនឹងបទបញ្ជា របស់ថ្នាក់លើនោះ គឺមានមន្រ្តីនគរបាលពាក់សក្តិ៤កន្លះនៅស្នងការនគរបាលខេត្តកំពង់ចាមម្នាក់ ជាអ្នកចេញមុខគ្រប់គ្រង និងចាត់ចែងឱ្យមានល្បែងជល់មានតាមអនឡាញ និងឆ្នោតកន្ទុយលេខ រាប់រយកន្លែងនេះកើតឡើង។

សេចក្តីរាយការណ៍នោះបានឱ្យដឹងទៀតថា៖ ក្នុងការគ្រប់គ្រងចាត់ចែងឲ្យមានល្បែងនេះ គឺគេបានប្រើរូបភាព ដោយឱ្យកូនចៅជាមន្រ្តីនគរបាលពិនិត្យតាមបណ្តាទីតាំងហាងកាហ្វេ រួចបញ្ចុះបញ្ចូលម្ចាស់ហាងកាហ្វេ ឲ្យព្រមជួលដាក់ ទូរទស្សន៍មាន់ជល់ និងឆ្នោតឬទេ? បើយល់ព្រមគេផ្តល់ថ្លៃឈ្នួលបិទបើកទូរទស្សន៍ដោយសម្រាប់ហាងកាហ្វេមួយកន្លែងមានចាប់ពី ៦០ម៉ឺនរៀល ទៅដល់មួយលានរៀល ក្នុងមួយខែ តាមទីតាំងអ្នកចូលលេងច្រើនឬតិច។ ចំណែកអ្នកស៊ីសងគេជួលបុគ្គលិកនៅចាំគិតសេវាផ្សេងបន្ថែមទៀត។

សេចក្តីរាយការណ៍បានបញ្ជាក់ថា លើសពីនេះគេបានបង្កើតជាក្រុមសម្គាល់បិទជាប់នឹង ទូរទស្សន៍មានឈ្មោះ ក្រុមR78 គ្រប់គ្រងដោយមន្រ្តីនគរបាលម្នាក់ខាងលើនោះ,ក្រុមS33 និងក្រុម S99 គឺបីក្រុមនេះបានចែកចាយពង្រាយល្បែងមាន់ជល់តាមអនឡាញ នៅខេត្តកំពង់ចាម ,ខេត្តត្បូងឃ្មុំ និងទៅដល់បណ្តាខេត្តមួយចំនួនទៀត។

សេចក្រីរាយការណ៍ក៏បានឲ្យដឹងបន្ថែមទៀតថា លក្ខខណ្ឌនៃការលេង និងស៊ីសងល្បែងមាន់ជល់ តាមកញ្ចក់ទូរទស្សន៍នេះ អ្នកលេងអាចចាក់(ឬពាក្យក្នុងល្បែងស៊ីសងគេហៅថាបើកត្រេង) ក្នុងមួយគូចាប់ពី១ម៉ឺនរៀល ដល់៨លានរៀល ហើយនៅពេលស៊ីសងវិញអ្នកលេងទទួលបានពី ៨០ ទៅ ៩០ភាគរយ។លុយក្រៅពីនោះគឺបានទៅលើអ្នករៀបចំឲ្យមានល្បែងនេះឡើង។ ជាក់ស្តែងចំពោះហាងកាហ្វេដែលមានអ្នកចូលលេងច្រើនក្នុងមួយថ្ងៃៗគេអាចបើកដល់ទៅម៉ោង១២យប់ហើយមានសកម្មភាពចាក់ភ្នាល់មាន់ជល់នោះដល់ទៅជិត៣០០គូឯណោះ។

សេចក្តីរាយការណ៍ក៏បានឲ្យដឹងបន្ថែមដែរថា ឥឡូវនេះប្រជាពលរដ្ឋមិនដឹងជាសង្ឃឹមទៅលើ ស្ថាប័នណាមួយក្នុងការបង្ក្រាបនិងឈានទៅលុបបំបាត់ល្បែងស៊ីសងដែលកំពុងកើតមានរីកដូចផ្សិតនៅលើទឹកដីខេត្តកំពង់ចាមទេ។ដ្បិតអីបើមានសមត្ថកិច្ចមួយចំនួនដែលគេបានស្គាលថា ជាមន្រ្តីនគរបាលខេត្តកំពង់ចាមបានឆ្លៀតឱកាសយកតួនាទីរបស់ខ្លួនស៊ីប្រាក់ខែរបស់រដ្ឋទៅកាងល្បែងស៊ីសងដោយបំពានពីលើច្បាប់ដោយខ្លួនឯងទៅហើយនោះ៕