សន្ដិសុខសង្គម

ប៉ូលិសបំបែកមុខសញ្ញាកាត់សោម៉ូតូតាមផ្ទះ ចាប់ខ្លួន២នាក់

ដោយៈសុខុម
ព្រះវិហារៈ សមត្ថកិច្ចនគរបាលខេត្តព្រះវិហារដឹកនាំដោយលោកស្នងការខេត្ត បានបើកប្រតិបត្តិការ​កំណត់មុខសញ្ញាតាមចាប់ក្រុមចោរលួចកាត់សោម៉ូតូដ៏សកម្មនិងឈានដល់ឃាត់បានជនសង្ស័យចំនួន២នាក់ហើយកាលពីថ្ងៃទី១៤ ខែសីហាឆ្នាំ២០២៣។


សមត្ថកិច្ចបានឱ្យដឹងថា ប្រត្តិបត្តិការខាងលើនេះគឺដោយមានការសហការ យ៉ាងល្អរវាងការិយាល័យ​ជំនាញនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងអធិការដ្ឋាន​នគរបាលស្រុកគូលែន។


ប្រភពបានឱ្យដឹងទៀតថា បន្ទាប់ពីមានករណីចោរកម្មដ៏សកម្ម សមត្ថកិច្ចបានចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាលើករណីចោរកម្មដែលបានធ្វើសកម្មភាពកាច់សោម៉ូតូតាមផ្ទះនិងតាមស្រែចម្ការ របស់ប្រជាពលរដ្ឋកន្លងមកស្ថិតនៅចំណុចបេងដូប ភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ និងបានឃាត់មុខសញ្ញាចំនួន ០២នាក់។ជាមួយនោះក៏ បានដកហូតវត្ថុតាងរួមមាន៖រថយន្ត១គ្រឿង, ម៉ូតូ១គ្រឿង និងបំណែកម៉ូតូជាច្រើនគ្រឿងទៀត ដែលជនសង្ស័យបានដោះចេញ។


នៅថ្ងៃទី១៥សីហានេះ សមត្ថកិច្ចផ្នែកជំនាញកំពុងបន្តនីតិវិធីសាកសួរបន្ថែម កសាងសំណុំរឿងបញ្ជូន​ទៅតុលាការចាត់ការតាមច្បាប់៕