សន្ដិសុខសង្គម

ដោះលែងមនុស្ស៥នាក់ករណីរានដីសាធារណៈរបស់រដ្ឋនៅខេត្តបាត់ដំបង

ដោយ៖ព្រះអង្គខ្មៅ
បាត់ដំបង៖ តុលាការខេត្តបាត់ដំបងបានសម្រេចដោះលែងពលរដ្ឋចំនួន៥នាក់ជាបណ្តោះអាសន្នក្រោយជាប់ពាក់ព័ន្ធ ករណីឈូសឆាយដីសាធារណ:របស់រដ្ឋជាង១០០០ហិកតាក្នុងភូមិសាស្ត្រស្រុកសំឡូត។


កាលពីល្ងាចថ្ងៃ១៤ ខែសីហា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបាត់ដំបង បានសម្រេចដោះលែង ប្រជាពលរដ្ឋចំនួន០៥នាក់ ដែលបានរងនូវការចោទប្រកាន់ពីបទ ប៉ះពាល់កម្មសិទ្ធិទ្រព្យសម្បត្តិសាធារណៈ(ដីរដ្ឋ) និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលប្រព្រឹត្តនៅក្នុងឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ក្រោយមកក៏ត្រូវបានចាប់ឃុំខ្លួនតែម្តង នៅចុងខែមិថុនាឆ្នាំ២០២៣។


ប្រជាពលរដ្ឋដែលបានដោះលែងជាបណ្តោះអាសន្ននេះយោងតាមការទទួចស្នើសុំរបស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធរាប់រយនាក់ក្នុងស្រុកសំឡូត តាមរយ:មេធាវីនិងអ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ។ ពលរដ្ឋ ទាំង០៥នាក់ដែលត្រូវបានដោះលែងនោះមានឈ្មោះង៉ែត ចន្ថា អាយុ៤០ឆ្នាំ, ហឿម ម៉ៃ អាយុ៤៧ឆ្នាំ, ធុង យៀង អាយុ២៩ឆ្នាំ, ធន់ ធាន អាយុ៣៣ឆ្នាំ និងលោកស្រីមាស ទូច អាយុ៣៣ឆ្នាំមានទីលំនៅក្នុងខេត្ត បាត់ដំបង។


សូមបញ្ជាក់ថា ប្រជាពលរដ្ឋជាមេខ្លោងទាំងអស់ខាងដើមត្រូវបានព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបងបានកោះហៅបង្គាប់ឲ្យចូលខ្លួនដើម្បីបំភ្លឺជុំវិញករណីចូលកាប់ទន្ទ្រានយកដី របស់រដ្ឋចំនួន ៤ទីតាំងរាប់សិបហិតាស្ថិតនៅក្នុងភូមិសាស្ត្រាភូមិអូរតាទៀក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ក្រោយការហាមឃាត់ជាច្រើនលើកមិនចូលរួមក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕