ព័ត៌មានជាតិ

ជលផលលែងកូនត្រីមេពូជ១២ប្រភេទនិងត្រីដទៃទៀត៧ម៉ឺនក្បាលដើម្បីបង្កើនផលស្តុកត្រីធម្មជាតិ

ដោយៈសុខុម
ស្ទឹងត្រែងៈ មន្រ្តីថ្នាក់ជាតិនៃរដ្ឋបាលជលផលចុះសហការ ជាមួយមន្ទីរកសិកម្មខេត្តស្ទឹងត្រែងនិងអាជ្ញាធរស្រុក សេសាន,ខណ្ឌរដ្ឋបាលជលផល មានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់បានលែង កូនត្រីមេពូជចំនួន ១២ប្រភេទនិងកូនត្រីផ្សេងៗទៀត៧ម៉ឺនក្បាលចូលទៅក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ ដើម្បីឱ្យបរិមាណត្រីវាសម្បូរឡើងវិញ នៅព្រឹកថ្ងៃទី១៤ ខែសីហាឆ្នាំ២០២៣។


លោក ទូច ប៊ុនថង អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផលក៏បាន​អញ្ជើញចូលរួមផងដែរ។ជាមួយនោះ តំណាងក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ ជនជាតិចិន ហាក់បង្ហាញការស្វាគមន៍ពិធីលែងកូនត្រីនោះ។​


លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង បាននិយាយប្រាប់ប្រជាពលរដ្ឋ​ចូលរួមថាត្រីជាច្រើនប្រភេទ រួមទាំងកូនត្រីមេពូជតែងតែលែងនៅក្នុងអាងស្តុបទឹក ទំនប់វារីអគ្គិសនីសេសាន​ក្រោម២ជារៀងរាល់ឆ្នាំដើម្បីបង្កើនបរិមាណ ត្រីធម្មជាតិឱ្យកាន់តែសម្បូរច្រើនឡើង។


លោកទុំនីរ៉ូ​បាននិយាយ​ទៀតថា​ នៅពេលត្រីកាន់តែសម្បូរ​ ប្រជាពលរដ្ឋនៅក្នុងដ្ឋានមូលផ្ទាល់ គឺជាអ្នកទទួផលបំពេញតម្រូវការម្ហូបអាហារប្រចាំថ្ងៃ នេសាទបាននៅក្រៅតំបន់ហាមឃាត់។


លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបាននិយាយថា​ ដើម្បីរក្សាបាន នូវបរិមាណត្រីឱ្យវាសម្បូរឡើងវិញនោះ យើងត្រូវរួមគ្នាចំាបាច់បំផុត ថែរក្សាចូលរួមសហការ​ការពារពូជត្រីទឹកសាប ធម្មជាតិឱ្យបានល្អ។ចូលរួមទប់ស្កាត់រាល់បទល្មើសកុំឱ្យ កើតមានឡើង​និងសហការជាមួយឆ្មាំការពារ នៅក្នុងតំបន់អភិរក្ស។មិនត្រូវប្រព្រឹត្តបទល្មើស ដោយប្រើឧបករណ៍​ខុសច្បាប់តទៅទៀតទេ។


សូមបញ្ជាក់ថា កូនត្រីមេពូជទាំង១២ប្រភេទដែលលែងចូលក្នុងទឹកធម្មជាតិ រួមមានត្រីមេពូជ ១០០គីឡូក្រាម (មានត្រីឆ្ពិន ត្រីក្រុះ ត្រីច្រកែង ត្រីកាហែ ត្រីក្រឡង់ ត្រីក្អែក ត្រីព្រួល ត្រីកំពូលបាយ ត្រីរៀល ត្រីឆ្លាំង ត្រីពោ និងត្រីព្រលូង)។ក្រៅពីនេះមានកូនត្រីឆ្ពិន ៣៥០០០ក្បាល និងកូនត្រីប្រា ៣៥០០០ក្បាល សរុប ៧០០០០ក្បាល។


បន្ទាប់មកទៀតលោក ទុំ នីរ៉ូ​ ប្រធានមន្ទីរកសិកម្ម​ លោកស្រី សម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផល​បានចុះសួរសុខទុក្ខដល់ក្រុមអភិរក្សនៅតំបន់អាងទឹកវារីអគ្គិសនីសេសានក្រោម២ និងបានលើកទឹកចិត្ត​ដល់ក្រុមការងារដោយផ្ដល់ជាថវិកា គ្រឿងឧបភោគ បរិភោគមាន មីចំនួន ៥កេះ, ទឹកក្រូច ៤កេះ, ស្ករ អំបិល ប៊ីចេង, អាវពោង ៦ និងសាំង ៦០លីត្រ៕