សន្ដិសុខសង្គម

ជនសង្ស័យជាឧក្រិដ្ឋជន ជនជាតិចិនចាប់ជំរិតទារលុយ១លានដុល្លារពីចិនដូចគ្នានៅក្រុងព្រះសីហនុ

ដោយ៖រតនា

ភ្នំពេញ៖ជនសង្ស័យជាឧក្រិដ្ឋជន ជនជាតិចិន២នាក់បានប្រើអាវុធខ្លីនិងកាំបិតចុងស្រួចចាប់ជំរិត ជនជាតិចិនដូចគ្នាទារលុយ១លានដុល្លារកំពុងបង្កឲ្យមានការភ្ញាក់ផ្អើលពេញក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងនៅព្រឹកព្រលឹមថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋបានរាយការណ៍ថា នៅម្តុំពយកំពេញចាស់ ស្ថិតក្នុងក្រុមទី១ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានក្រុមជនសង្ស័យជាជនជាតិចិនចំនួន២នាក់បានសកម្មភាពចាប់ជំរិត បុរសជនជាតិចិនម្នាក់។

                                           ជនសង្ស័យត្រូវរងរបួស

លោកឧត្តមសេនីយ៍ស្នងការបានបន្តថា ក្រោយពីទទួលបានដំណឹងនេះភ្លាមលោកបានបញ្ជាកម្លាំង ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានអត្តសញ្ញាណរថយន្តដែលជនសង្ស័យជិះធ្វើសកម្មភាពហើយគេចខ្លួន។

ភ្លាមៗនោះកម្លាំងជំនាញបានដេញតាមរថយន្តរបស់ជនសង្ស័យ លុះដល់ចំណុច ស្ថានីយប្រេង សូគីមិច ផ្សារលើ រថយន្តរបស់ជនសង្ស័យបានបើកទៅបុកម៉ូតូកំពុងបើកបរ បណ្តាលឲ្យរងរបួសមនុស្សម្នាក់។ខណៈនោះ រថយន្តរបស់ជនសង្ស័យបានបន្តបើករត់គេចខ្លួនទៅមុខទៀត រហូតដល់ មុខផ្សារលើ រថយន្តរបស់ពួកគេបានបន្តបុករថយន្ត១គ្រឿងទៀត ម៉ាក Lexus 570 ពណ៌ស បណ្តាលអោយខូចខាតគូទរថយន្ត ហើយកម្លាំងសមត្ថកិច្ចស្ទាក់រថយន្តរបស់ជនសង្ស័យបាន។

លោកស្នងការបានឲ្យដឹងបន្ថែមថា នៅពេលស្ទាក់រថយន្តជាប់ ជនសង្ស័យទាំង២នាក់បានចុះពីរថយន្ត រត់គេចខ្លួន ដោយម្នាក់មានសៀតអាវុធខ្លី១ដើមនៅចង្កេះរត់ចូលក្នុងផ្សារ និងម្នាក់ទៀតក្នុងដៃមាន កាន់កូនកាំបិតចុងស្រួចរត់ទៅតាមផ្លូវកៀនផ្សារ។ប៉ុន្តែនៅទីបំផុតកម្លាំងសមត្ថកិច្ចដេញចាប់បាន​ជនសង្ស័យម្នាក់ដែលមានអាវុធខ្លី ចំណែកជនសង្ស័យម្នាក់ទៀត ដែលកាន់កូនកាំបិតចុងស្រួច បានយកកូនកាំបិតមកដេញចាក់លើសមត្ថកិច្ចហើយ ភ្លាមនោះកម្លាំសមត្ថកិច្ចបានផ្ទុះអាវុធគំរាម​ទៅលើជនសង្ស័យ តែបានផ្លាតទៅត្រូវចំជើងខាងឆ្វេង។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្រ្កាបករណីចាប់ជំរិតទារលុយ១លានដុល្លារនៅកណ្តាល​ក្រុងនេះសមត្ថកិច្ចដកហូតបានរថយន្ត១គ្រឿងម៉ាក Mercedes C300 ពណ៌ស ពាក់ផ្លាកលេខកម្ពុជា KLK.9898 ដែលជាមធ្យោបាយជិះធ្វើសកម្មភាពចាប់ជំរិត។ជាមួយនោះដកហូតអាវុធខ្លីបាន១ដើម ម៉ាក K59 ពណ៌ខ្មៅ មានបង់ ១ មានគ្រាប់៣គ្រាប់ ។

ក្រៅពីនោះមានកូនកាំបិតចុងស្រួច ០១ មានប្រឡាក់ឈាមរបស់ជនរងគ្រោះទូរសព្ទដៃ ២គ្រឿង ,លិខិតឆ្លងដែន ២ក្បាល ,កាតរឹង ២សន្លឹក,កាបូបក្រវាត់ចង្កេះ ១ ,នាឡិកាដៃ ២គ្រឿង និងខ្សែសម្រាប់ចង១ខ្សែ ។

សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ករណីគឺជាករណីចាប់ជំរិតលុយពីជនរងគ្រោះ​១លានដុល្លារពីជនជាតិចិនដូចគ្នា។ឥឡូវនេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត​ស្រាលខេត្តព្រះសីហនុកំពុងតែសួរនាំជនសង្ស័យ។រីឯជនរងគ្រោះដែលត្រូវគេចាប់ជំរិតរងរបួសធ្ងន់កំពុង​សង្គ្រោះនៅមន្ទីរពេទ្យហើយជនសង្ស័យដែលត្រូវរបួសជើងក៏កំពុងព្យាបាលនៅមន្ទីរពេទ្យដែរ៕