សន្ដិសុខសង្គម

ឃាត់ខ្លួនបុរសម្នាក់ស្ទាក់គប់កញ្ចក់រថយន្តដែលទារសំណងពីមិត្តភក្តិច្រើនពេកក្នុងរឿងគ្រោះថ្នាក់ចរាចរនៅស្រុកកងមាស

ដោយៈ គង់ហេង
កំពង់ចាម៖ មន្រ្តីនគរបាលបានឃាត់ខ្លួនបុរសម្នាក់ដែលបានចងកំហឹងជំនួសមិត្តភក្តិ បានធ្វើសកម្មភាពស្ទាក់ គប់នឹងដុំថ្មទៅលើរថយន្តមួយ គ្រឿង បណ្តាលឱ្យបែកកញ្ចក់ខាងមុខផ្នែកខាងស្តាំ ក៏ធ្លាយទៅត្រូវរបួសមុខ (ថ្ពាល់) កម្រិតស្រាលលើស្រ្តីជាជាប្រពន្ធម្ចាស់រថយន្តនៅឃុំរកាអារ ស្រុកកងមាស កាលពីរសៀលថ្ងៃទី ១២ សីហាម្សិលមិញ។

                                                                        (រូបភាពៈ មន្រ្តីនគរបាល)

ប្រភពព័ត៌មានពីមន្រ្តីរដ្ឋបាលស្រុកកងមាសបានឱ្យដឹងថាៈ ក្រោយកើតហេតុស្ទាក់គប់កញ្ចក់រថយន្តបណ្តាលឱ្យ ធ្លាយត្រូវរបួសម្ចាស់រថយន្តខាងលើ សមត្ថកិច្ចបានចុះស្រាវជ្រាវឈានដល់ធ្វើការឃាត់ខ្លួនបុរស ជាជនសង្ស័យ ឈ្មោះ ញឹម ភារ៉ា ហៅប៉ារ៉ា អាយុ ២៦ ឆ្នាំ នៅភូមិ-ឃុំរកាអារ ស្រុកកងមាស យកមកសាកសួរនៅយប់ថ្ងៃទី១២ សីហា។

                                                                      (រូបភាពៈ មន្រ្តីនគរបាល)

ប្រភពព័ត៌មាននោះបានឱ្យដឹងទៀតថាៈ នៅចំពោះមុខមន្រ្តីនគរបាលប៉ុស្ត៍នគរបាលឃុំរកាអារ ឈ្មោះ ញឹម ភារ៉ា ហៅប៉ារ៉ា បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរើសដុំថ្មគប់ទៅលើរថយន្តម៉ាកសាំងយ៉ុងពណ៌ស លេខកំពង់ឆ្នាំង 2C-3491 ដែលកំពុងបើកបរលើផ្លូវលេខ២៧០ ចំណុចផ្លូវកែងក្នុងភូមិស្វាយស្រណោះទី២ ឃុំរកាអារ។

ប្រភពព័ត៌មានបានបន្តថាៈ មូលហេតុខ្លួនគប់បំបែកកញ្ចក់រថយន្ត គឺដោយសារម្ចាស់រថយន្តមួយនេះ បានទាមទារសំណងករណីគ្រោះចរាចររវាងម៉ូតូម៉ាកហុងដាឌ្រីម សេ ១២៥ ផលិតឆ្នាំ២០១៥របស់ឈ្មោះ ឡូត ប៊ុនឡុង ជាមិត្តភក្តិខ្លួន និងរថយន្តខាងលើដែលមានម្ចាស់ឈ្មោះ ស៊្រន ស៊ូហាន និងប្រពន្ធឈ្មោះ ប៉ុន គីមស្រេង កាលពីម៉ោងជាង ២ រសៀលថ្ងៃទី ១២ សីហាដដែលនោះ ច្រើនពេកដល់ទៅចំនួន ៣០ម៉ឺន រៀល។

សូមបញ្ជាក់ថា នៅម៉ោងជាង ២រសៀលថ្ងៃទី ១២ សីហា មានករណីគ្រោះថ្នាក់ចរាចរមួយរវាងរថយន្ត និងម៉ូតូ ខាងលើក្នុងទិសដៅបញ្ជ្រាសគ្នា នៅលើផ្លូវលេខ២៧០ ស្ថិតក្នុងភូមិស្វាយស្រណោះទី១ ឃុំរកាអារ ស្រុកកងមាស។ ក្រោយកើតហេតុភាគីទាំងពីរបានសម្រុះសម្រួលគ្នា ដោយខាងភាគីម៉ូតូបានយល់ព្រម ចេញសំណងចំនួន ៣០ម៉ឺនរៀល ទៅខាងភាគីរថយន្ត ហើយខាងរយន្តបានបន្តដំណើរទៅកាន់លំឋាន របស់ខ្លួននៅភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ លើផ្លូវលេខ២៧០ ដដែលក៏ជួបករណីស្ទាក់គប់កញ្ចក់ រថយន្តបែបនេះ៕