សន្ដិសុខសង្គម

ក្រសួងបរិស្ថានពិន័យជាង៤០ម៉ឺនដុល្លារចំពោះក្រុមហ៊ុនPhoenix Industial

ដោយ៖សហការី
បាត់ដំបង៖ក្រសួងបរិស្ថានបានពិន័យជាប្រាក់ជាង៤០ម៉ឺនដុល្លារចំពោះក្រុមហ៊ុនPhoenix Industialចំពោះការធ្វើឲ្យធ្លាយសារធាតុពុលចូលទៅក្នុងទឹកស្ទឹងសង្កែនៅខេត្តបាត់ដំបង​ដែលបានបណ្តាលឲ្យខូច​ដល់បរិស្ថាន។


ក្រសួងបរិស្ថានបានចេញលិខិតជូនដំណឹងមួយច្បាប់ឲ្យម្ចាស់ក្រុមហ៊ុន Phoenix Industial Co.,Ltd.ដែលជាក្រុមហ៊ុនចិន នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ត្រូវផ្តល់សំណងផលប៉ះពាល់បរិស្ថានជាច្រើនផ្នែក សរុបជាទឹកប្រាក់ចំនួនជាង៤០ម៉ឺនដុល្លារទៅកាន់គណនីនៃគណ:កម្មាធិការមូលនិធិបរិស្ថាន និងសង្គម ឲ្យបានមុនថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ជាកំហិត។


ក្រសួងបរិស្ថានបានបញ្ជាក់ថា ក្រៅពីប្រាក់ពិន័យខាងលើ​ ក្រសួងក៏តម្រូវឲ្យក្រុមហ៊ុន ត្រូវតែផ្លាស់ប្តូរទីតាំង​រោងចក្រចេញពីកន្លែងបច្ចុប្បន្ន ទៅកាន់ទីតាំងផ្សេងឲ្យបានឆ្ងាយពីប្រភពទឹកស្ទឹងសង្កែ​យ៉ាងតិចក៏​១០គីឡូម៉ែត្រ។


ក្នុងករណីមិនអនុវត្តតាម​ ក្រសួងជំនាញនឹងអនុវត្តពិន័យអន្តរការណ៍ចំនួន១៥០.០០០.០០០ រៀលបន្ថែមទៀត ហើយតម្រូវឲ្យក្រុមហ៊ុនស្តារបរិស្ថានឡើងវិញនៅក្នុង និងជុំវិញទីតាំងរោងចក្រឲ្យបានរួចរាល់មុនថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២៣ជាកំណត់ រួមទាំងមានចំណាត់ការតាមផ្លូវច្បាប់ផងដែរ៕