សន្ដិសុខសង្គម

កំពុងតាមរកអ្នកបើករថយន្តក្នុងគ្រោះថ្នាក់ចរាចរដែលធ្វើឲ្យជនជាតិទំពួន២នាក់ស្លាប់

ដោយ៖សហការី
ភ្នំពេញ៖ជនជាតិដើមភាគតិចទំពួន២នាក់បានស្លាប់នៅនឹងកន្លែងក្រោយពីមានឧបទ្ទវហេតុគ្រោះថ្នាក់ចារចរ មួយដែលបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិប៉ាណល ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣។


លោក ជួប វណ្ណរក្ស អធិការនគរបាលស្រុកបរកែវបានឲ្យដឹងថា ហេតុការណ៍នេះគឺបានកើតឡើង រវាងរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1J-5466។ អ្នកបើកបររថយន្ដក្រោយពីបាន ប៉ះជាមួយនឹងម៉ូតូមានអ្នកស្លាប់ហើយនោះក៏បានចុះរត់គេចខ្លួន។


សមត្ថកិច្ចបានឲ្យដឹងថា អ្នកដែលស្លាប់ម្នាក់ឈ្មោះរម៉ាម គីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិទំពួន នៅភូមិលុងឃុង ឃុំលុងឃុង ស្រុបរកែវ ខេត្តរតនគិរី។រីឯម្នាក់ទៀតដែលជាអ្នករួមដំណើរឈ្មោះ ភូន ផ្សាំ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី ពួកគេបានធ្វើដំណើររួមគ្នា ដោយម៉ូតូមួយគ្រឿងម៉ាកអ៊ិចស៊ិនធឺ គ្មានផ្លាកលេខ។


លោកអធិការមិនទាន់បានបញ្ជាក់ច្បាស់ថា តើមូលហេតុគ្រោះថ្នាក់បណ្តាលឲ្យស្លាប់ជីវិតមនុស្ស២នាក់នេះ បង្កឡើងដោយរថយន្តឬម៉ូតូនៅឡើយទេ។លោកគ្រាន់តែបានឲ្យដឹងថាក្រោយពីកើតហេតុ កម្លាំងប៉ុស្តិ៍និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបរកែវ បានចុះទៅ វាស់វែងនិងយកម៉ូតូរក្សាទុក បណ្តោះសន្ន នៅប៉ុស្តិ៍រដ្ឋបាលឃុំទីចាក់ និងរថយន្តបានយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយតែប៉ុណ្ណោះ៕