អន្តរជាតិ

អ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅរដ្ឋហាវ៉ៃ សហរដ្ឋអាម៉េរិកបានកើនឡើងដល់៦៧នាក់

ប្រែសម្រួល៖សហការី

អាជ្ញាធរបានបញ្ជាក់ថារហូតមកដល់ថ្ងៃទី១២ សីហា ២០២៣នេះយ៉ាងហោចណាស់មានមនុស្សចំនួន​៦៧ នាក់ហើយបានស្លាប់នៅក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃដែលបង្កឡើងដោយព្យុះសង្ឃរានៅកោះ Maui នៃរដ្ឋហាវ៉ៃ សហរដ្ឋអាម៉េរិក។

អភិបាលរដ្ឋហាវ៉ៃ លោក Josh Green បាននិយាយថា វា “ជាគ្រោះមហន្តរាយធម្មជាតិដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋហាវ៉ៃ” ដែលត្រូវការពេលវេលាច្រើនថែមទៀតដើម្បីសង្គ្រោះជីវិតមនុស្សពីគ្រោះមហន្តរាយភ្លើងឆេះព្រៃនេះ។

ឡូសអេនជឺលេស

ទីភ្នាក់ងារព័ត៌មានបរទេស បានចេញផ្សាយនៅក្នុងថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៣ថា ក្រុមអ្នកពន្លត់អគ្គិភ័យបានបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃដ៏សាហាវនេះ ដែលបានសម្លាប់មនុស្សយ៉ាងតិចណាស់ដល់ទៅ ៦៧ នាក់នៅកោះ Maui នៃរដ្ឋហាវ៉ៃ។

អាជ្ញាធរ នៅMaui បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រុមអ្នកពន្លត់អគ្គិភ័យបានបន្តធ្វើការដើម្បីទប់ស្កាត់ភ្លើងមិនឲ្យរាលដាលបន្តនៅ Lahaina, Pulehu/Kihei និង Upcountry Maui នៅលើកោះនេះ។

ក្រុមមន្ត្រីបានព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើងខ្ពស់ជាងនេះ។ ពួកអ្នកស្រុកបាននិយាយថា កិច្ចខិតខំប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃនេះត្រូវបានប្រតិបត្តិការដោយក្រុមអ្នកពន្លត់អគ្គិភ័យចំនួន ២១ នាក់មកពីនាយកដ្ឋានពន្លត់អគ្គិភ័យ Honolulu នឹងបុគ្គលិកត្រួតពិនិត្យចំនួន ៧ នាក់ ជាមួយនឹងរថយន្តពន្លត់អគ្គីភ័យ ចំនួន ៤ គ្រឿង។

រថយន្តក្រុងចំនួន ២៥ គ្រឿងដែលចូលរួមផ្តល់សេវាកម្មដឹកជញ្ជូនកាលពីថ្ងៃព្រហស្បតិ៍ដែលបានជួយដឹកជញ្ជូនភ្ញៀវជាង ១,២០០ នាក់ទៅកាន់អាកាសយានដ្ឋាន Kahului គឺជាអាកាសយានដ្ឋានសំខាន់របស់ Maui ។ យោងតាមអ្នកស្រុកបានឱ្យដឹងថាមានភ្ញៀវទេសចរសរុបទាំងអស់ចំនួន ១៤,៩០០ នាក់បានចាកចេញតាមជើងហោះហើរពីទីក្រុង Maui កាលពីថ្ងៃព្រហស្បតិ៍។

ក្រុមមន្ត្រីបាននិយាយថា ជម្រកសម្រាប់ការសង្គ្រោះបន្ទាន់ចំនួនប្រាំមួយត្រូវបានបើកឲ្យដំណើរការនៅលើកោះនេះ។ ចំណីអាហារ ទឹក ការផ្គត់ផ្គង់ផ្សេងៗ និងសំលៀកបំពាក់ នឹងត្រូវបានផ្តល់ជូនដល់អ្នកស្រុកកាលពីថ្ងៃសុក្រ នៅ Ritz-Carlton, Kapalua ហើយការផ្គត់ផ្គង់ក៏ត្រូវបានផ្តល់ជូនដល់ទារកផងដែរ។

អភិបាលរដ្ឋហាវ៉ៃ លោក Josh Green បាននិយាយថា “ភ្លើងឆេះព្រៃបានបំផ្លាញទីក្រុងប្រវត្តិសាស្ត្រ Lahaina ស្ទើរតែទាំងស្រុង ដែលជាកន្លែងទេសចរណ៍ដ៏ពេញនិយម និងធ្លាប់ជារាជធានីនៃព្រះរាជាណាចក្រហាវ៉ៃដ៏ល្បីល្បាញ” ។

នៅក្នុងវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍អំពីសុន្ទរកថារបស់លោក Green នៅឯកន្លែងកើតហេតុក្នុងតំបន់ Lahaina បាននិយាយថា “ជាងមួយពាន់អគារ” ទំនងជាត្រូវបានបំផ្លាញដោយអគ្គិភ័យ ។

លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក Joe Biden កាលពីថ្ងៃព្រហស្បតិ៍បានអនុម័តសេចក្តីប្រកាសអំពីគ្រោះមហន្តរាយដ៏ធំមួយសម្រាប់កោះហាវ៉ៃ៕