សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងតាមប្រមាញ់ក្រុមឃាតកបាញ់សម្លាប់ទាំងប្តីប្រពន្ធជាអ្នកចិញ្ចឹមទា

ដោយ៖រតនា
ភ្នំពេញ៖ សមត្ថកិច្ចកំពុងតែតាមប្រមាញ់ឃាតក៣នាក់ដែលបានបើកការបាញ់ប្រហារយ៉ាងសាហាវ បណ្តាលឲ្យជនរងគ្រោះ២នាក់ប្តីប្រពន្ធបានស្លាប់នៅក្រោមផ្ទះកាលពីទៀបភ្លឺថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣។


សមត្ថកិច្ចបានឲ្យដឹងថា កាលពីលាម៉ោងជាង៣ទៀបភ្លឺឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣​មានខ្មាន់កាំភ្លើងចំនួន៣នាក់ប្រដាប់ដោយអាវុធវែងបានចូលទៅធ្វើសកម្មភាពបាញ់ចំនួន៩គ្រាប់ទៅលើប្តីប្រពន្ធដែលកំពុងដេកក្រោមផ្ទះកន្លែងចិញ្ចឹមទាស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​បណ្តាលឲ្យស្លាប់​ទាំងអស់គ្នា។


ក្រោយពីធ្វើសកម្មភាពបាញ់សម្លាប់ទាំង​កំរោលរួចហើយនោះ ក្រុមជនដៃដល់បាននាំគ្នាគេចខ្លួនចេញពីកន្លែង​កើតហេតុទាំងយប់ដោយមិនមានយកទ្រព្យសម្បត្តិអ្វីរបស់ជនរងគ្រោះនោះទេ។


សមត្ថកិច្ចបានឲ្យដឹងថា អ្នកស្លាប់ជាប្តីឈ្មោះ ម៉ុច ម៉ៅ អាយុ៤៧ឆ្នាំ​មុខរបរចិញ្ចឹមទានិងលក់ចំណីសត្វ​និងប្រន្ធឈ្មោះ គល់ ហ៊ាន់ អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ។


សមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់ពីមូលហេតុ​ដែលនាំឲ្យកើតមានករណីបាញ់សម្លាប់ទាំងប្តីប្រពន្ធនេះ​នៅឡើយទេ។ប៉ុន្តែប្រភពមិនផ្លូវការបានឲ្យដឹងថា រឿងនេះអាចកើតចេញពីទំនាស់ក្នុងមុខរបររកស៊ី ។
ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយចុះយើងអាចនឹងដឹងពីមូលហេតុច្បាស់លាស់នៅពេលណាដែលកម្លាំងសមត្ថកិច្ចចាប់បានក្រុមឃាតកដៃប្រឡាក់ឈាមក្នុងរឿងនេះនៅពេលខាងមុខ៕