អន្តរជាតិ

Bidenស្នើសុំថវិកា ២៤ ពាន់លានដុល្លារបន្ថែមទៀតសម្រាប់អ៊ុយក្រែន

ប្រែសម្រួល៖សហការី

លោក Joe Biden បានដាក់សំណើថវិកាបន្ថែមប្រហែល ៤០ ពាន់លានដុល្លារ ដែលក្នុងនោះថវិកាជាងពាក់កណ្តាលត្រូវបានគ្រោងសម្រាប់ជួយដល់អ៊ុយក្រែនបន្ថែមទៀត។

សំណើថវិកានេះជាជំនួយបន្ថែមលើកដំបូងធ្វើឡើងដោយរដ្ឋបាលលោក Biden ទៅកាន់សភាជាតិចាប់តាំងពីបក្សសាធារណរដ្ឋបានកាន់កាប់ប្រធានសភាតំណាងរាស្រ្តនៅក្នុងខែមករា។

វាជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន រដ្ឋបាល លោក Biden កំពុងខិតខំស្វះស្វែងរកជំនួយបន្ថែមទៀតចំនួន ២៤ ពាន់លានដុល្លារសម្រាប់គាំទ្រដល់រដ្ឋាភិបាលរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy និងប្រទេសដទៃទៀតដែលកំពុងប្រឈមនឹងផលប៉ះពាល់ដោយសាការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ។

ជំនួយសម្រាប់អ៊ុយក្រែនទទួលបានការគាំទ្រទ្វេភាគីទាំងក្រុមសាធារណរដ្ឋស្តាំនិយមក្នុងការផ្តល់មូលនិធិបន្ថែមសម្រាប់គាំទ្រដល់រដ្ឋាភិបាលរបស់ប្រធានាធិបតីអ៊ុយក្រែន។

លោក Kevin McCarthy បានប្រាប់ Punchbowl News កាលពីខែមិថុនាថា ប្រធានសភាមកពីគណបក្សសាធារណរដ្ឋ “មិនធ្វើឲ្យរាំងស្ទះនោះទេ” ចំពោះសំណើសុំជំនួយបន្ថែមសម្រាប់ជួយដល់អ៊ុយក្រែន ។ លោកបាននិយាយថា ជំនួយបែបនេះនឹងត្រូវបែងចែកចេញពីការចំណាយយោងតាមការសម្រេចចិត្តរបស់មន្ទីរបញ្ចកោណ។

នៅក្នុងលិខិតរបស់លោកនាយកគ្រប់គ្រងផ្នែកថវិការបស់សេតវិមានលោក Shalanda Young ដែលបានដាក់ជូនកាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យលោក McCarthy អនុម័តឲ្យបានឆាប់រហ័សលើ “ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិកចំពោះការគាំពារដល់ប្រជាជនអ៊ុយក្រែនក្នុងការតស៊ូការពារជាតិមាតុភូមិរបស់ពួកគេ និងរក្សាលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក” ក៏ដូចជាតម្រូវការផ្សេងទៀតផងដែរ។

សំណើកាលពីថ្ងៃព្រហស្បតិ៍មានចំនួន ១៣ ពាន់លានដុល្លារ ជាជំនួយផ្នែកការពារជាតិនឹងសង្គ្រោះបន្ទាន់សម្រាប់អ៊ុយក្រែន និង ៨ ពាន់លានដុល្លារ បន្ថែមសម្រាប់ជំនួយមនុស្សធម៌រហូតដល់ដំណាច់ឆ្នាំនេះ។ ការស្នើសុំថវិកាបន្ថែមនេះបានកើតឡើងនៅចំពេលដែលការវាយលុករបស់អ៊ុយក្រែនបានថយចុះ៖ ដែលកងទ័ពអ៊ុយក្រែនបានថមថយកម្លាំងក្នុងការវាយបកហើយភាគីរុស្សីបានពង្រឹងខ្សែការពារបានយ៉ាងរឹងមាំបំផុត។

សហរដ្ឋអាម៉េរិកបានអនុម័តរួចហើយនូវជំនួយចំនួន ៤ លើកដល់អ៊ុយក្រែនសម្រាប់ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីសរុបជាទឹកប្រាក់អស់ប្រហែល ១១៣ ពាន់លានដុល្លារ ជាមួយនឹងប្រាក់មួយចំនួនសម្រាប់ការបំពេញបន្ថែមសម្ភារយោធារបស់សហរដ្ឋអាម៉េរិកដែលត្រូវបានបញ្ជូនទៅជួរមុខ។

សភាបានអនុម័តលើជំនួយចុងក្រោយបំផុតកាលពីខែធ្នូ ជាមួយនឹងទឹកប្រាក់ប្រមាណ ៤៥ ពាន់លានដុល្លារដែលត្រូវបានផ្តល់ជូនសម្រាប់សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន និងណាតូ។

មេដឹកនាំភាគច្រើននៃព្រឹទ្ធសភាលោក Chuck Schumer បានសាទរចំពោះសំណើផ្តល់មូលនិធិចុងក្រោយបំផុតរបស់លោក Biden ដោយបង្ហាញថាសភាខាងគណបក្សប្រជាធិបតេយ្យនឹងគាំទ្រវា។

“សំណើចុងក្រោយបំផុតពីរដ្ឋបាល Biden បង្ហាញពីការប្តេជ្ញាចិត្តបន្តក្នុងការជួយជនជាតិអាម៉េរិកនៅទីនេះគឺនៅក្នុងផ្ទះយើង និងមិត្តភក្តិរបស់យើងនៅឯក្រៅប្រទេស។ ដែលជាសញ្ញាដ៏ច្បាស់លាស់មួយសម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និង រដ្ឋាភិបាលចិនថានេះជាការតាំងចិត្តរបស់អាម៉េរិក សម្រាប់កិច្ចការពារលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក” លោក Schumer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

សំណើថវិការបស់លោក Biden ក៏មានរួមបញ្ចូលទឹកប្រាក់ចំនួន ៤ ពាន់លានដុល្លារ សម្រាប់សន្តិសុខព្រំដែន និង ១២ ពាន់លានដុល្លារ ដើម្បីបំពេញបន្ថែមមូលនិធិគ្រោះមហន្តរាយសហព័ន្ធនៅចំពេលរដូវកាលដ៏ក្តៅមកដល់ គ្រោះមហន្តរាយដោយសារព្យុះ និងភ្លើងឆេះព្រៃដែលមានសភាពកាន់តែធ្ងន់ធ្ងរឡើងដោយសាការប្រែប្រួលអាកាសធាតុ។ ទឹកប្រាក់បន្ថែមចំនួន ៤១៦ លានដុល្លារសម្រាប់កិច្ចការប្រឆាំងនឹងការជួញដូរ fentanyl ខុសច្បាប់។

នៅក្នុងខែសីហាសមាជិកសភាអាម៉េរិកកំពុងសម្រាកដូច្នេះសំណើថវិកាសម្រាប់ជាមូលនិធិរបស់រដ្ឋាភិបាលនឹងត្រូវអនុម័តនៅពេលពួកគេត្រឡប់មកវិញដែលមានរយៈពេលរហូតដល់ថ្ងៃទី ១ ខែតុលា ដែលជាការចាប់ផ្តើមនៃឆ្នាំសារពើពន្ធថ្មី ដើម្បីអនុម័តច្បាប់ចំណាយសម្រាប់ផ្តល់មូលនិធិដល់ភ្នាក់ងាររដ្ឋាភិបាលនៅក្នុងឆ្នាំក្រោយ៕