កីឡា

អភិបាលខេត្តព្រះសីហនុឧបត្ថម្ភ១ម៉ឺនដុល្លារដល់ក្រុមកីឡាបាល់ទះឈ្នះពានរង្វាន់ឯកឧត្តមស សុខា

ដោយ៖រតនា

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣បានអញ្ជើញចូលរួមលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទះនៃស្នងការនគរបាលខេត្តព្រះសីហនុនិងបានជួយឧបត្ថម្ភនូវថវិកាចំនួន១ម៉ឺនដុល្លារ ដែលទើបតែទទួលបានពានរង្វាន់ឯកឧត្តមស សុខា ឆ្នាំ២០២៣នៅពេលថ្មីៗកន្លងទៅនេះ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានកោតសរសើរនិងលើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមប្រកួតហើយដណ្តើមបាននូវពានរង្វាន់ឯកឧត្តមស សុខា ឆ្នាំ២០២៣។ ជ័យជំនះដ៏ត្រចះត្រចង់នេះគឺពិតជាបានបង្ហាញពីការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយដល់មុខមាត់និងកិត្តិយសរបស់ខេត្តព្រះសីហនុទាំងមូល។

ឯកឧត្តមបានចាត់ទុកថា កីឡាគឺពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រោះកីឡាជាប្រភពនៃសុខភាព មានសុខភាពគឺមានអ្វីៗគ្រប់យ៉ាង បាត់បង់សុខភាព គឺបាត់បង់អ្វីៗគ្រប់យ៉ាងដូច្នោះដែរ។

លោកឩត្តម សេនីយ៍ទោ ជួន ណា រិន្ឋ ស្នងការនគរបាលខេត្តព្រះសីហនុ និង ជា ប្រធានក្លិបបាល់ទះស្នងការដ្ឋាននគរបាល បានថ្លែងអំណរយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តនិងការគិតគូររបស់ឯកឩត្តម អភិបាលខេត្ត ដែលបានឆ្លៀតឱកាសដ៏មានតម្លៃអញ្ជើញចូលរួមដើម្បីលើកទឹកចិត្តនិងបានជួយឧបត្ថម្ភនូវថវិកាដល់ទៅ១ម៉ឺនដុល្លារដល់ក្រុមកីឡាបាល់ទះខេត្តព្រះសីហនុនៅពេលនេះ។

គួរំលឹកដែរថា ការប្រកួតពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣ នេះ គឺជាពានរង្វាន់លើកដំបូង ដែលមានការចូលរួមពីសមាគម ក្លិបចំនួន ០៩ ។ កាលពីល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣នៅពេលបិទបញ្ចប់ ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រគល់ពានរង្វាន់នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

នៅក្នុងនោះជ័យលាភីលេខ១គឺបានទៅលើក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រីឯជ័យលាភីលេខ២ គឺបានទៅលើសមាគមកីឡាបាល់ទះវិសាខា និងជ័យលាភីលេខ៣ គឺបានទៅលើក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស៕