ព័ត៌មានជាតិ

ស្ថានីយប្រព្រឹត្តកម្មទី៣នៅខេត្តព្រះសីហនុអាចចច្រោះទឹកកខ្វក់បាន២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ

ដោយ៖រតនា

ភ្នំពេញ៖ ឯកឧត្តម ជាសុផារ៉ាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម,ឯកឧត្តម ថោង ខុន,ឯកឧត្តម សាយ សំអាល់ រួមដំណើរដោយឯកឧត្តមគួច ចំរើន អភិបាល ខេត្តព្រះសីហនុព្រមទាំងមន្រ្តីមួយចំនួនទៀតបានចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ដែលស្ថិតនៅក្នុងក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

បើតាមការបញ្ជាក់របស់អ្នកបច្ចេកទេសបានឲ្យដឹងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ដែលទើបសាងសង់រួចថ្មីៗនេះ គឺបានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបចុងក្រោយ គ្មានសំឡេងរំខាននិងមិនមានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។ វាមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានទៅដល់ ២០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។

ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានថ្លែងថា នេះគឺជាសមិទ្ធផលដែលកើតឡើងចេញពីការគិតគូរយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបន្តថា សមិទ្ធផលនេះគឺស្ថិតក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រឱ្យមានសោភ័ណភាព សុវត្ថិភាពរក្សាគុណភាពទឹកដោយគ្មានការបំពុល ជាពិសេសសមិទ្ធផលនេះក៏សម្រេចបានអាស្រ័យដោយមានការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មពីសមាជិកសមាជិកា ក្រុមការងារទាំងអស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាផងដែរ៕