សន្ដិសុខសង្គម

បញ្ជួនសំណាកបាយមាន់ដែលបង្កឱ្យពុលដល់ប្រជាពលរដ្ឋចំនួន១៧នាក់នៅស្រុកស្រីសន្ធរទៅក្រសួងសុខាភិបាល

ដោយៈ គង់ហេង
កំពង់ចាម៖ មន្ទីរសុខាភិបាលខេត្តកំពង់ចាមបញ្ជួនសំណាកជាបាយមាន់ ដែលបង្កឱ្យពុល ក្អួតចង្អោរ និងរាករួស ដល់ប្រជាពលរដ្ឋក្មេងចាស់ ប្រុស ស្រីចំនួន ១៧ នាក់រស់នៅភូមកំផ្លាក ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ទៅក្រសួងសុខាភិបាល ដើម្បីធ្វើការវិភាគរកមេរោគ នៅព្រឹកថ្ងៃទី ១១ សីហានេះ។


លោក គីមសួរ ភិរុណ ជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាមបានឱ្យដឹងថា៖ មកដល់ម៉ោងជាង៣រសៀល​ថ្ងៃទី ១១ សីហានេះ ជនរងគ្រោះបង្កឡើងដោយសារការពុលអាហារទាំង ១៧ នាក់មានចំនួន ១៦ នាក់បានធូរស្បើយ គ្រូពេទ្យបានអនុញ្ញាតឱ្យពួកគាត់ចេញពីមន្ទីរពេទ្យស្រុកស្រីសន្ធរ ទៅកាន់លំនៅឋាន​រៀងខ្លួន។ លើកលែងតែបុរសអាយុ ៦០ ឆ្នាំ មិនទាន់ឱ្យចេញ នៅបន្តតាមដានដោយសារគាត់មានជំងឺ​លើសសម្ពាធឈាមប្រចាំកាយ ដើម្បីឱ្យក្រុមគ្រូពេទ្យបន្តតាមដាន។


លោកបានបន្តថា៖ ជុំវិញករណីពុលអាហារដល់ប្រជាពលរដ្ឋនេះ ខាងលោកបានចុះស្រាវជ្រាវជាបន្ទាន់​ដល់ទីតាំងលក់បាយមាន់ដែលបង្កឱ្យពុលដល់អ្នកទទួលទាន គឺក្រុមការងារបានយកសំណាកជាបាយ និងសាច់មាន់ដែលគាត់លក់ទៅក្រសួងសុខាភិបាល ដើម្បីធ្វើវិភាគ រកមេរោគ។


សូមបញ្ជាក់ថា កាលពីម៉ោងប្រហែល ៩ ព្រឹកថ្ងៃទី ១០ សីហា នៅភូមិកំផ្លាក ឃុំបារាយណ៍ ស្រុកស្រីសន្ធរ មានករណីពុលអាហារ(បាយស្រូប)បណ្តាលឱ្យមនុស្សក្មេងចាស់ ប្រុស ស្រីសរុបចំនួន ១៧ នាក់មានអាការ​ឈឺពោះ រាករូស ក្អួតចង្អោរ បន្ទាប់ពីពួកគាត់ជាជនរងគ្រោះបានទទួលទានបាយស្រូបសាច់មាន់ របស់ស្រ្តីអាយុ ៥៥ ឆ្នាំឈ្មោះ លីម ធីតា នៅភូមិជាមួយគ្នា។ ជាមួយនោះជនរងគ្រោះទាំងអស់​ត្រូវបានបញ្ជួនទៅកាន់​មន្ទីរពេទ្យភ្លាមៗ៕