សេដ្ឋកិច្ច

ថ្នាក់ដឹកនាំ(CTAFA)ចូលរួមកម្មវិធីសម្ពោធសមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា

ដោយ៖ រ៉ាម៉េត

ភ្នំពេញ៖ថ្នាក់ដឹកនាំសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាហៅកាត់ថា(CTAFA)ចំនួន២រូបបានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធសមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជាក្រោមអធិបតីភាព សម្តេចកិក្តិសង្ហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣។

ថ្នាក់ដឹកនាំ(CTAFA)ចំនួន២រូបដែលបានចូលរួមតាមការអញ្ជើញជាភ្ញៀវកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំសមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជានោះ គឺមាន លោកទេព សិដ្ឋាន់ណា អនុប្រធានទី១ និងលោក ជឹម ប៊ុនតិច ជាអគ្គលេខាធិការនៃ(CTAFA)។

លោកទេព សិដ្ឋាន់ណា និងលោក ជឹម ប៊ុនតិច (រូបថត៖ ប្រសិទ្ធ)

ក្នុងការអញ្ជើញចូលរួមនោះ លោក ជឹម ប៊ុនតិច ជាអគ្គលេខាធិការ (CTAFA)ក៏បានឆ្លៀតឱកាសដ៏មានតម្លៃចូលរួមធ្វើបទបង្ហាញដោយសង្ខេប អំពីតួនាទី ក៏ដូចជាបេសកកម្មសំខាន់ៗរបស់(CTAFA)ដែលមានលោក អ៊ុំ សារ៉ាវុធ ជាប្រធាន ជាសមាគមមួយដែលទើបនឹងបង្កើតឡើង ដើម្បីចូលរួមចំណែកអនុវត្ត លើកកម្ពស់ក្នុងវិស័យពន្ធដារតាមស្តង់ដារនិងច្បាប់នៅកម្ពុជា ទៅកាន់អ្នកចូលរួមជាង២០០នាក់ ដែលក្នុងនោះជាពិសេសគឺមានវិនិយោគគិនចិនជាង១០០នាក់ដែលបានមកពីខេត្តហ្វូសាន ប្រទេសចិន។

លោក ជឹម ប៊ុនតិច អគ្គលេខាធិការនៃ(CTAFA)ឡើងធ្វើបទបង្ហាញ(រូបថត៖ ប្រសិទ្ធ)

លោកអគ្គលេខាធិការ(CTAFA)ក្រៅតែពីណែនាំឲ្យគេបានស្គាល់ច្បាស់អំពី(CTAFA) លោកក៏បានជំរុញទៅដល់វិនិយោគិនចិនដែលបានមកស្វែងរកឱកាសវិនិយោគនៅលើទឹកដីកម្ពុជា គួរស្វែងយល់បន្ថែមនិងមានកិច្ចសហប្រតិបត្តិការល្អជាមួយនឹងសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា(CTAFA)។

សូមបញ្ជាក់ដែរថា កម្មវិធីសម្ពោធសមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជាដែលមានអ្នកវិនិយោគចិនដល់ទៅជាង១០០នាក់បានមកចូលរួមនោះ គឺបានប្រព្រឹត្តទៅចាប់ពីម៉ោង២រសៀលរហូតដល់ម៉ោង៩យប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣។

ក្នុងនោះមានរបៀបវារៈសំខាន់ៗជាច្រើន គឺមានការប្រកាសតែងតាំងនាយកសមាគមសហគ្រិនចិនហ្វូសានអាណត្តិទី២ និងផ្លាស់ប្តូរនូវបទពិសោធរវាងវិនិយោគិនកម្ពុជានិងវិនិយោគិនចិនទាំងជាង១០០នាក់ដែលបានមកស្វែងយល់និងស្វែងរកឱកាសវិនិយោគនៅលើទឹកដីកម្ពុជាផងដែរ៕