ព័ត៌មានជាតិ

គ្រោងនឹងស្ថាបនាទីតាំងទន្លេអុំខេត្តកំពង់ចាមជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

ដោយៈ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គ្រោងរៀបចំស្ថាបនាជាសំណង់នានា លើទីតាំង​ផ្ទៃដីទន្លេអុំដែលមានទំហំជិត ៤០ ហិកតា និងពង្រីកផ្លូវជាប់មាត់ទន្លេនេះ គឺប្រែក្លាយជាតំបន់ទេសចរណ៍​ដ៏ទាក់ទាញ និងសក្តិសមជាទីក្រុងជាប់ចំណាត់ថ្នាក់ជាផ្ការំដួលបីទង។

                                                                             (រូបភាពៈ ចៅវង្ស)

លោកអភិបាលខេត្តកំពង់ចាមបានថ្លែងថាៈ គម្រោងអភិវឌ្ឍន៍ទីតាំងទន្លេអុំនេះ គឺនឹងចាប់អនុវត្តនៅឆ្នាំ២០២៤ ឆ្នាំក្រោយ ដោយសាងសង់ជាច្រាំងពីបេតុង ជាកន្លែងអង្គុយជាថ្នាក់ៗ ដូចពហុកីឡដ្ឋានព័ទ្ធជុំវិញ ,សាងសង់ជាវេទិកាតុបតែងលម្អ និងក្នុងផ្ទៃទន្លេអុំទាំងមូលផ្ទុកទឹកយ៉ាងតិចកម្ពស់បីម៉ែត្រ គឺអាចអុំទូកកម្សាន្ត។

                                                             ​(រូបភាពៈ ចៅវង្ស)

លោកបានបន្ថែមថាៈ ក្នុងនោះក៏មានការដាំដើមឈើជុំវិញទន្លេអុំដែរ ជាពិសេសធ្វើការពង្រីកផ្លូវជាតិ​លេខ៧ចាស់​ចាប់ពីរង្វង់មូល ១-៧៩ ដល់ផ្លូវជាតិលេខ៧ថ្មី ជិតរង្វង់មូលនាគព័ន្ធ គឺដើម្បីឱ្យភ្ញៀវចូលមកដល់​ចាប់អារម្មណ៍ និងមានការទាក់ទាញ មកលេងទស្សនាកម្សាន្ត សប្បាយ គឺធ្វើយ៉ាងណាឱ្យក្លាយជា​ទីក្រុងទេសចរណ៍។


ការថ្លែងប្រកាសឱ្យដឹងពីគម្រោងស្ថាបនា ជាសំណង់នៅទីតាំងទន្លេអុំ ដើម្បីឱ្យក្លាយជាតំបន់​ទេសចរណ៍របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៥១ អាណត្តិទី៣ នៃក្រុមប្រឹក្សាខេត្តកំពង់ចាម ក្នុងសាលាខេត្តនេះកាលពីថ្ងៃទី ១០ សីហាម្សិលមិញ៕

                                                                          (រូបភាពៈ ចៅវង្ស)