សន្ដិសុខសង្គម

ក្មេងដើរឃ្វាលគោជាន់មីនផ្ទុះបណ្តាលឲ្យដាច់ជើងម្ខាង

ដោយៈសុខុម
រតនគិរី៖ ក្មេងៗចំនួន៣នាក់នាំគ្នាទៅឃ្វាលគោ ចៃដន្យក្មេងប្រុសម្នាក់ដើរចំមីនផ្ទុះ បណ្តាលឱ្យដាច់ជើងម្ខាង​ហើយត្រូវក្រុមគ្រួសារនិងសមត្ថកិច្ចជួយសង្រ្គោះដឹកទៅកាន់មណ្ឌលសុខភាព។ហេតុការណ៍នេះ បានកើតឡើងស្ថិតនៅដីចម្ការអ្នកស្រុកភូមិសោមត្រក់ថ្មី ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីថ្ងៃទី១០ ខែសីហា ២០២៣។


សមត្ថកិច្ចបានឱ្យដឹងថា៖ ក្មេងប្រុសរងគ្រោះឈ្មោះ សេវ លេច អាយុ១១ឆ្នាំ ជនជាតិច្រាយ។ចំណែកម្ចាស់ ចម្ការឈ្មោះ សេវ ឌីន ភេទស្រី នៅចំណុចភ្នំចាកៅ។

មុនពេលកើតហេតុ ក្មេងមានគ្នា៣នាក់បងប្អូននាំគ្នាទៅឃ្វាលគោនៅដីចម្ការស្រ្តីខាងលើនេះ។ ក្រោយកើតហេតុ ក្មេងរងគ្រោះត្រូវបានឪពុកម្ដាយបងប្អូន សាច់ញាតិយករថយន្តសង្រ្គោះបន្ទាន់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវ និងបន្តទៅមណ្ឌលសុខភាពស្រុកបរកែវ។

ក្រោយពីមានឧបទ្ទវហេតុផ្ទុះមីន កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញអធិការស្រុក និងកម្លាំងស្នាក់ការ​ប៉េអឹម​លេខ៧៨២ប្រចាំនៅភូមិសោមត្រក់ថ្មី ឃុំសោមធំ រួមជាមួយលោកអនុភូមិ បានចុះទៅកន្លែងកើតហេតុ​ហើយធ្វើការសន្និដ្ឋានថាគ្រាប់មីនដែលបង្កឱ្យក្មេងប្រុសម្នាក់រងរបួសនោះទំនងជាសល់តាំងពីសម័យសង្រ្គាម៕