សន្ដិសុខសង្គម

ឃាត់ខ្លួនមន្រ្តីនគរបាលម្នាក់បើករថយន្តដេញបុកអ្នកដទៃកំពុងជិះម៉ូតូក្នុងរឿងស្នេហាត្រីកោណ

ដោយ៖ គង់ហេង
កំពង់ចាម៖ ករណីមន្រ្តីនគរបាលខេត្តកំពង់ចាមម្នាក់បើករថយន្តដេញបុកយុវជនជាអ្នកជិះម៉ូតូម្នាក់ ដោយសារតែទំនាស់ស្នេហាត្រីកោណទាំងកណ្តាលអធ្រាត្រយប់ថ្ងៃទី ៩សីហាម្សិលមិញ គឺសមត្ថកិច្ចបានចាប់ឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីហើយ។ ខណៈខាងភាគីរងគ្រោះបានដាក់ពាក្យបណ្តឹង ទៅកាន់អធិការនគរបាលក្រុងកំពង់ចាម ដោយបានទាមទារសំណងជំងឺចិត្តចំនួន ៥.០០០ ដុល្លារ។

                                                           ភាគីរងគ្រោះនារីឈ្មោះ ខៀវ កក្កដា

តាមឱ្យដឹងពីខាងភាគីរងគ្រោះនារីឈ្មោះ ខៀវ កក្កដា អាយុ ២៣ ឆ្នាំ បានប្រាប់ក្រុមអ្នកព័ត៌មាននៅថ្ងៃទី ១០ សីហានេះថា៖ មុនពេលផ្តើមឱ្យមានករណីបើកបររថយន្តដេញបុកប៉ងសម្លាប់ឈ្មោះ រុន ភារិទ្ធ អាយុ ២៧ ឆ្នាំជាសង្សាររបស់ខ្លួន គឺឈ្មោះ ហេង សុខលីដា ជាមេល្បែងមាន់ជល់តាមអនឡាញ និងជាមន្រ្តីនគរបាល ខេត្តកំពង់ចាម បានខឹងនឹងនាង( កក្កដា) រឿងខ្លួនបានប្លុកឆាតហ្វេសបុក។

                                                             ​ភាគីរងគ្រោះ យុវជន រុន ភារិទ្ធ

នាង ខៀវ កក្កដា បានឱ្យដឹងទៀតថា៖ ដោយមេ(ល្បែងមាន់) និងជាមន្រ្តីនគរបាលម្នាក់នេះបានឆាតមក តាមស្រឡាញ់ខ្លួនជាបុគ្គលិកមាន់អនឡាញបានប្រហែលបីខែ បានបដិសេធ បានបើកបររថយន្តម៉ាក​កាមរីហាយប្រ៊ីតពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AL-5312 មកដល់បន្ទប់ផ្ទះជួល​ស្ថិតក្នុងភូមិទី៥ សង្កាត់វាលវង់ ក្រុងកំពង់ចាម បានមករុញទ្វារបន្ទប់រហូតមានការប្រទូស្តរ៉ាយ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង។

                                          លោកហេង សុខលីដា​ មន្រ្តីនគរបាលខេត្តកំពង់ចាម

កក្កដា បានបន្តថា៖ បន្ទាប់ពីរឿងនេះរួច ហេង សុខលីដា ក៏បានបើករថយន្តរបស់ខ្លួនដេញបុកឈ្មោះ រុន ភារិទ្ធ ជាសង្សារ ដែលទើបបានជិះម៉ូតូចេញពីបន្ទប់ជួលខាងលើដើម្បីទៅធ្វើការជាសន្តិសុខ កំពុងធ្វើដំណើរលើ​ផ្លូវជាតិលេខ៧ថ្មី ខាងមុខហាងមីហឹរ ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម នៅម៉ោងប្រមាណជាង ១១ យប់ថ្ងៃទី ៩ សីហា។


យុវជន រុន ភារិទ្ធ បានប្រាប់នៅថ្ងៃទី ១០ សីហានេះដែរថា៖ ជិតដល់កន្លែងគ្រោះថ្នាក់ខាងលើ​ខ្លួនបានមើលតាមកញ្ចក់មើលក្រោយបានឃើញរថយន្តពណ៌សរបស់ឈ្មោះ ហេង សុខលីដា ដែលបានឈប់នៅខាងមុខផ្ទះជួល កក្កដា បានបើកបរដេញតាម គឺខ្លួនបានកាច់ចង្កូតទៅកៀនបណ្តាលឱ្យ​គេចផុត គ្រាន់តែដួលរបួសស្រាល និងខូចម៉ូតូធ្ងន់។ ចំណែករថយន្តដែលដេញបុកខ្លួន​ក៏ជ្រុលទៅបុក​គម្របលូខូចខាតកម្រិតធ្ងន់ កៀបជាប់អ្នកបើកបរក្នុងរថយន្តទើបរថយន្តសង្រ្គោះបានយក​ទៅសង្រ្គោះ​នៅមន្ទីរពេទ្យ។ ហើយក៏មានរយន្តស្ទួចមកស្ទួចរថយន្ត ហេង សុខលីដា យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម។


ជនរងគ្រោះ ភារិទ្ធ បានបន្តថា៖ ទាក់ទិនករណីប៉ុនប៉ងសម្លាប់រូបខ្លួនរបស់មន្រ្តីនគរបាលរូបនេះ គឺបានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់អធិការនគរបាលស្រុងកំពង់ចាម និងបានទាមទារសំណងជំងឺចិត្តចំនួន ៥.០០០ ដុល្លារ និងស្នើឱ្យផ្តន្ទាទោសតាមច្បាប់។


លោក វង្ស ប៊ុនវិសិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃនេះថា៖ ជុំវិញករណីប៉ុនប៉ងបើករថយន្តដេញបុកមនុស្សឱ្យស្លាប់នេះ គឺខាងលោកបានទទួលដំណឹង​ពីខាង​មន្រ្តីនគរបាលថា សមត្ថកិច្ចចាប់ឃាត់មន្រ្តីនគរបាលជាជនសង្ស័យរួចហើយ ដើម្បីចាត់ការតាមនីតិវិធី៕